website_news:2022041010

មជ្ឈមណ្ឌលទីក្រុងហេងហេងក្រុងបាវិត រងការចោទប្រកាន់ថា កំពុងបង្ខាំងពលរដ្ឋខ្មែរ និងជនបរទេសជាច្រើននាក់ខុសច្បាប់

https://www.rfa.org/khmer/news/social-economy/thousands-of-cambodians-and-foreigners-are-detained-at-heng-heng-entertainment-center-in-bavet-10032022073604.html ដោយ មាន ឫទ្ធិ2022.10.03

បុគ្គលិកជាជនជាតិខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់ កំពុងត្រូវគេបង្ខាំងឱ្យធ្វើការងារខុសច្បាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង ហេងហេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ បុគ្គលិកបម្រើការងារនៅទីនោះឱ្យដឹងថា ជនបរទេសមួយចំនួនត្រូវបានថៅកែជនជាតិចិនធ្វើទារុណកម្ម ហើយស្រ្តីជនជាតិវៀតណាមមួយចំនួនត្រូវគេបង្ខំឱ្យធ្វើការបម្រើសេវាកម្មផ្លូវភេទ និងលក់ដូរពួកគេពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ មន្ត្រីសង្គមស៊ីវិល ទទូចដល់អាជ្ញាធរឱ្យស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាព ខណៈជនរងគ្រោះជាច្រើននាក់កំពុងរង់ចាំការជួយសង្គ្រោះចេញពីកន្លែងឃុំឃាំង។ បុគ្គលិក ដែលកំពុងបម្រើការងារនៅមជ្ឈមណ្ឌល ទីក្រុងហេងហេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ឱ្យដឹងថា ជនបរទេសជាច្រើននាក់កំពុងត្រូវថៅកែជនជាតិចិនចាប់បង្ខាំង ដើម្បីឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ (Online) ខណៈវិនិយោគិនជាជនជាតិចិន ដែលអភិវឌ្ឍមជ្ឈមណ្ឌល ទីក្រុងហេងហេង នេះទទួលបានកិច្ចគាំពារពីមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាល លោក ហ៊ុន សែន។

បុគ្គលិកម្នាក់កំពុងបម្រើការងារនៅមជ្ឈមណ្ឌល ទីក្រុងហេងហេង ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាព បានឱ្យវិទ្យុអាស៊ីសេរីដឹងថា បុគ្គលិកជនជាតិខ្មែរ និងជនបរទេស ដែលធ្វើការក្នុងបរិវេណមជ្ឈមណ្ឌល ទីក្រុងហេងហេង គឺមិនមានសេរីភាពឡើយ។ លោកថា ក្រុមសន្តិសុខ និងកងអង្គរក្សថៅកែជនជាតិចិនតែងតែដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹងទាំងយប់ទាំងថ្ងៃ។ ចំណែកឯ អាជីវកម្មនៅមជ្ឈមណ្ឌល ទីក្រុងហេងហេងនេះវិញភាគច្រើនសុទ្ធសឹងតែជាប្រភេទអាជីវកម្មបែបឧក្រិដ្ឋកម្ម។ បុគ្គលិកដែលបម្រើការងារក្នុងមជ្ឈមណ្ឌល ទីក្រុងហេងហេង សង្កេតឃើញថា ជាញឹកញយជនជាតិចិនតែងនាំមនុស្សចូលស្ងាត់ៗ និងបញ្ជូនចេញទៅក្រៅយ៉ាងអាថ៌កំបាំង៖ «ក្នុង [ទីក្រុងហេងហេង] ហ្នឹងវាមានទាំងល្បែងអនឡាញ (Online) ខុសច្បាប់ មានទាំងជួញដូរមនុស្ស មានទាំងរកស៊ីផ្លូវភេទមានទាំងក្លឹប មានទាំងវៀតណាមជួញដូរ។ ដូចថាក្នុងយប់ដេក ១ពាន់ដុល្លារ (១.០០០) ឬ ៣រយដុល្លារ (៣០០) ឬអង្គុយលេងនៅ [ក្នុងអគារក្រុមហ៊ុន] ១រយដុល្លារ (១០០) ឬ ៦០ដុល្លារ។ និយាយរួមទៅនៅកន្លែងហ្នឹងវាមាន [គ្រប់បែបយ៉ាង] មានទាំងក្លឹប ខារ៉ាអូខេ ល្បែង។ រាល់បុគ្គលិកធ្វើការនៅក្នុងហ្នឹងគឺគេដកលិខិតឆ្លងដែន (Passport) ហើយគេអត់ឱ្យចេញចូលទេ ព្រោះដោយសារតែ អ្នកដែលធ្វើការនៅក្នុងហ្នឹងកុងត្រា រយៈពេល ៦ខែ។ អ៊ីចឹងទល់តែបុគ្គលហ្នឹង ធ្វើការបាន ៦ខែទើបបានគេឱ្យលិខិតឆ្លងដែន (Passport) ឬអត្តសញ្ញាណប័ណ្ណវិញ»។

មជ្ឈមណ្ឌល ទីក្រុងហេងហេង ស្ថិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងទីក្រុងរណបបែបពហុពាណិជ្ជកម្មនេះ គឺជារបស់ក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុបមែន គ្រុប (Heng He Investment and Development Group Co.,LTD) ដែលអគ្គនាយកក្រុមហ៊ុននេះមានឈ្មោះ ស៊ូ លៀងហ្សេង (Su LIANGSHENG) ។ លោកគឺជាអ្នកជំនួញជនជាតិចិន ដែលសិទ្ធិនឹងរដ្ឋាភិបាល លោក ហ៊ុន សែន។ ក្នុងពិធីសម្ពោធគម្រោង ទីក្រុងហេងហេង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក៏មានវត្តមាន អភិបាលក្រុងបាវិត លោក សេង សិលា និងទីប្រឹក្សាប្រធានរដ្ឋសភា លោក ហេង សំរិន គឺឧត្ដមសេនីយ៍ឯក អ៊ុក កោសា ចូលរួមថ្លែងសន្ទរកថាគាំទ្រគម្រោងនេះ។ លោក ស៊ូ លៀងហ្សេង ក៏មានឈ្មោះវិនិយោគលើអាជីវកម្មជាច្រើនទៀតនៅកម្ពុជា មិនតិចជាង ១០ក្រុមហ៊ុន រាប់ចាប់តាំងពីវិស័យអចលនទ្រព្យដល់វិស័យធនាគារ។

មជ្ឈមណ្ឌល ទីក្រុងហេងហេង មាន ២៣អគារ ហើយក្នុងអគារនីមួយៗមាន ២០ជាន់។ ជុំវិញបរិវេណមជ្ឈមណ្ឌល ទីក្រុងហេងហេង មានការព័ទ្ធរបងខ្ពស់ព្រមទាំងមានបន្លាលួសផង ហើយក្នុងអគារមួយចំនួនទៀតមានសភាពងងឹត។ ទោះបីជាយ៉ាងណា បុគ្គលិកដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះអះអាងថា ប្រភេទអាជីវកម្មក្រោមស្លាកអភិវឌ្ឍពហុពាណិជ្ជកម្មមជ្ឈមណ្ឌល ទីក្រុងហេងហេងនេះ ពុំមែនជាអាជីវកម្មស្របច្បាប់ ដូចដែលមន្ត្រីក្នុងជួររដ្ឋាភិបាល និងប្រព័ន្ធឃោសនានៃរបបឯកបក្សផ្សព្វផ្សាយនោះទេ។ បុគ្គលិកថ្លែងមិនបញ្ចេញឈ្មោះដដែល ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងទៀតបច្ចុប្បន្ន មជ្ឈមណ្ឌលទីក្រុងហេងហេង កំពុងមានវត្តមានជនបរទេសជាច្រើននាក់ក្នុងនោះរួមមានជនជាតិចិន ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌាជាដើម ព្រមទាំងកម្មករជាជនជាតិខ្មែរធ្វើការទាំងគ្មានសេរីភាព។ ជាងនេះទៅទៀតស្ត្រីជនជាតិវៀតណាមដែលត្រូវបាននាំមកដល់មជ្ឈមណ្ឌលនេះ តែងត្រូវបានថៅកែជាជនជាតិចិនបង្ខំឱ្យបម្រើសេវាកម្មផ្លូវភេទ។

ប្រភពដដែលបញ្ជាក់ថា ជនបរទេសដែលមកធ្វើការក្នុងមជ្ឈមណ្ឌល ទីក្រុងហេងហេង គោលការណ៍របស់ក្រុមហ៊ុនតម្រូវឱ្យពួកគេវឹកហាត់ការងារតាមប្រព័ន្ធកុំព្យូទ័រ (Computer) រយៈពេល ៦ខែ ហើយថៅកែជាជនជាតិចិនដកហូតលិខិតឆ្លងដែន (Passport) ពួកគេ ដោយណែនាំមិនឱ្យចេញក្រៅដើរហើរមានសេរីភាពឡើយ។ បុគ្គលិកដដែលឱ្យដឹងទៀតថា ក្នុងករណីដែលជនបរទេសចង់រត់គេចខ្លួនក្នុងអំឡុងពេលវឹកហាត់ការងារឆបោកតាមអនឡាញ (Online) នោះ ថៅកែជនជាតិចិននឹងបញ្ជូនពួកគេទៅកាន់អគារដែលមានសភាពងងឹតធ្វើទារុណកម្ម ហើយបន្តលក់ពួកគេទៅឱ្យក្រុមហ៊ុនឆបោកផ្សេងៗទៀតដែលអាចមានតម្លៃខ្លួនក្នុងម្នាក់ ចន្លោះពី ២ពាន់ដុល្លារ (២.០០០) ទៅ ៣ពាន់ដុល្លារ (៣.០០០)។ បុគ្គលិកក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេងថា ជនរងគ្រោះមួយចំនួន មិនអាចទ្រាំទ្រមិនបាននឹងការធ្វើទារុណកម្មរបស់ក្រុមឧក្រិដ្ឋជន បានចងករសម្លាប់ខ្លួន និងលោតពីលើអគារបញ្ចប់ជីវិតខ្លួនឯងជាបន្តបន្ទាប់៖ «និយាយទៅកន្លែងខុសច្បាប់ បើគេជួញដូរមនុស្សហើយគឺអត់មានសេរីភាពទេ។ ពាក្យថាល្បែង កន្លែងខុសច្បាប់គេអត់ឱ្យយើងចេញចូលទេព្រោះដោយសារតែ កន្លែងហ្នឹងជាកន្លែងគេទិញលក់មនុស្សគេអត់ឱ្យបុគ្គលណាចេញចូលផ្ដេសផ្ដាសទេ។ ប្រសិនជាគាត់ [បុគ្គលិក] ធ្វើការមិនកើតគាត់ត្រូវធ្វើទារុណកម្ម ដូចជាការឆក់ ឬដាក់ខ្នោះ បើធ្វើការមិនកើតគឺគេឆក់ គឺគេវាយហើយ ប្រសិនបុគ្គលហ្នឹង លួចលុយ ធ្វើខុសពីគោលការណ៍នៅក្នុងស្ថាប័នហ្នឹងអ៊ីចឹង។ ព្រោះដូចថា នៅក្នុងហ្នឹងវាមានសន្តិសុខអ្នកមើលការខុសត្រូវកាងដូចថា គេហៅថាជាអង្គរក្ស ជាអ្នកការពារកាងចិនអ៊ីចឹងណ៎ា»។

ជុំវិញរឿងរ៉ាងចម្រូងសម្រាស នៃមុខជំនួញរបស់ជនជាតិចិនលើទឹកដីខ្មែរកើតមានភាពមិនប្រក្រក្រីបែបនេះ បុគ្គលិកនៅមជ្ឈមណ្ឌលទីក្រុង ហេងហេង ជឿជាក់ថា មិនមែនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរខេត្តស្វាយរៀងមិនដឹងឡើយ គ្រាន់តែមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិគ្មានឥទ្ធិពលបង្ក្រាប និងបន្តទទួលលុយសំណូកពីក្រុមឧក្រិដ្ឋជន ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យពួកគេតែប៉ុណ្ណោះ។

សន្តិសុខ ដែលកំពុងបម្រើការងារក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេងម្នាក់ទៀត ដោយថ្លែងសុំមិនបញ្ចេញឈ្មោះដែរ បានបញ្ជាក់ថា កងសន្តិសុខដែលប្រចាំការយាមកាមក្រុមហ៊ុន ព្រមទាំងអង្គរក្សដែលការពារថៅកែធំជាជនជាតិចិនសុទ្ធតែប្រើប្រាស់ឈ្មោះក្លែងក្លាយ ពោលគឺពួកគេប្រើប្រាស់ឈ្មោះ ឬស្លៀកពាក់ឯកសណ្ឋានដូចនឹងក្រមខណ្ឌមន្ត្រីប៉ូលិស ឬកងរាជអាវុធហត្ថដែរ។ ថ្វីត្បិតមកដល់ពេលនេះ សន្តិសុខរូបនេះមកធ្វើការក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេង ដោយពុំទាន់មានអ្នកណាមួយមកគំរាមកំហែងក៏ដោយ ប៉ុន្តែលោកលើកឡើងថា លោកខកចិត្តនៅពេលដែលខ្លួនចូលមកបម្រើការងារនៅកន្លែងខុសច្បាប់។ លោកបញ្ជាក់ថា ពេលនេះលោកគ្មានសេរីភាពពេញលេញទេ ហើយលោកក៏អំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចុះត្រួតពិនិត្យមជ្ឈមណ្ឌលនេះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានគេបង្ខាំង ធ្វើទារុណកម្ម ជួញដូរផ្លូវភេទ និងបង្ខំឱ្យធ្វើការឆបោកមនុស្សតាមអ៊ឺធឺណែតជាដើម៖ «និយាយទៅខ្ញុំមានអារម្មណ៍ថា មើលទៅពិបាកនិយាយដែរ។ គ្រាន់ថាធ្វើម៉េច យើងធ្វើការនៅ [ទីក្រុងហេងហេង] នេះយើងអត់ដឹងថា គេបញ្ជូនមនុស្សទៅណាយើងអត់ដឹង។ ក្នុងនេះផ្ទាល់ គេហៅថាសន្តិសុខក្រុមហ៊ុន មិនក្រោម ៥០ ទៅ ៦០នាក់ទេ។ អ៊ីចឹងពួកគាត់ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង។ គ្រាន់ខ្ញុំមកចូលធ្វើការខ្ញុំដឹងថាទីនេះគឺមានមេចិនមួយដ៏ធំគាត់អ្នកគ្រប់គ្រងទាំងមូលនៅក្នុងបរិវេណអគារ ជាម្ចាស់ធំ ហើយឡានគាត់មិនក្រោម ១០គ្រឿងទេ កូនចៅគាត់គឺពេញហ្នឹងហ្មង»។

វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុបមែន គ្រុប តាមទូរស័ព្ទ ដើម្បីសុំការបកស្រាយជុំវិញករណីចោទប្រកាន់ទាំងនេះ ក៏ប៉ុន្តែពុំទទួលបានការឆ្លើយតបណាមួយគិតត្រឹមម៉ោងផ្សាយនេះ។

ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទាន់ទទួលបានព័ត៌មានទាក់ទងនឹងភាពមិនប្រក្រក្រី នៃសង្វាក់អាជីវកម្មនៅមជ្ឈមណ្ឌលទីក្រុងហេងហេងនេះនៅឡើយទេ។ ទោះបីយ៉ាងណា លោកបញ្ជាក់ថា នឹងលើកយកបញ្ហានេះ ដើម្បីជជែកជាមួយស្ថាប័នមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះស្រាវជ្រាវត្រួតពិនិត្យបន្ថែម៖ «មានកម្មករនៅណាធ្វើទារុណកម្ម? ខ្ញុំដូចជាមិនទាន់ទទួលបានព័ត៌មានហ្នឹងទេ។ ចាំមើលខ្ញុំស្រាវជ្រាវមើលសិន។ ចាំខ្ញុំសួរទៅអាជ្ញាធរក្រុងបាវិតសិនអ៊ីចឹង។ ខ្ញុំអត់ទាន់ឆ្លើយទេព្រោះ យើងឆ្លើយអត់ដឹងមូលហេតុ មិនដឹងឆ្លើយម៉េច»។

ចំណែក អភិបាលក្រុងបាវិត លោក លឹម សៀងហេង ប្រតិកម្មខ្លាំងៗ ដោយលោកចាត់ទុកការរាយការណ៍របស់បុគ្គលិកមជ្ឈមណ្ឌលទីក្រុងហេងហេងថា ជាក្រុមទុច្ចរិត និងមានចេតនាធ្វើឱ្យកម្ពុជាមានកេរ្តិ៍អាក្រក់តែប៉ុណ្ណោះ។ លោកអះអាងថា បញ្ហាអសន្តិសុខនៅតំបន់ក្រុងបាវិតក្រុមការងាររបស់តែងតែផ្ដោបព័ត៌មានបានគ្រប់ជ្រុងជ្រោយ ហើយមជ្ឈមណ្ឌលទីក្រុងហេងហេងនេះ លោកថាពុំមានករណីជនបរទេសត្រូវបានជនជាតិចិនបង្ខាំងធ្វើទារុណកម្ម និងធ្វើអត្តឃាតសម្លាប់ខ្លួនឯងឡើយ៖ «ព្រោះមកដល់ពេលនេះមានជនមួយចំនួន គឺជនអគតិមួយចំនួនដែលយករូបភាព ខាងក្រៅប្រទេសមានធ្វើទារុណកម្ម ឆក់ វាយ ហើយមកទម្លាក់ មកចោទថានៅក្រុងបាវិត។ នៅពេលដែលសមត្ថកិច្ចស្រាវជ្រាវរកគឺមិនមានករណីហ្នឹងនៅក្រុងបាវិតទេ គឺជាជនអគតិណាមួយចង់ធ្វើឱ្យមានភាពចលាចលនៅក្នុងសង្គម»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា មន្ត្រីអាជ្ញាធរមិនគួរច្រានចោលនូវព័ត៌មានទាំងនេះទេ។ លោកថា អាជ្ញាធរមូលដ្ឋានគួរតែបើកការស៊ើបអង្កេតប្រកបដោយតម្លាភាពលើទីតាំង ដែលបុគ្គលិកមជ្ឈមណ្ឌលទីក្រុងហេងហេង។ លោកថា បើពិតជារកឃើញមានករណីបង្ខាំងធ្វើទារុណកម្ម និងជួញដូរមនុស្សពិតមែននោះ អាជ្ញាធរមានសមត្ថកិច្ចគប្បីពន្លឿននីតិវិធីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេល៖ «កន្លងមកអាជ្ញាធរកម្ពុជាបង្ក្រាប ជាច្រើនដែរដូចជានៅខេត្តព្រះសីហនុ និងនៅក្រុងបាវិតហ្នឹងដែរ។ អ៊ីចឹងប្រសិនបើមានទទួលព័ត៌មានអ៊ីចឹង ត្រូវតែចាត់វិធានការ ឱ្យបានលឿនជួយសង្គ្រោះជនរងគ្រោះដែលតែជាប់នៅក្នុងការឃុំឃាំងហ្នឹង។ ការជួញដូរមនុស្សគឺជាបទឧក្រិដ្ឋ ការជួញដូរមនុស្ស គឺជាការជួញដូរកម្លាំងពលកម្ម និងជាការជួញដូរជាទម្រង់រូបភាពនៃការជួញដូរផ្សេងទៀត ឬការជួញដូរតាមប្រព័ន្ធអនឡាញ (Online) ហើយលំហូរនៃ [ជនបរទេស] ខុសច្បាប់ហ្នឹងក៏វាទាក់ទងនឹងពុករលួយផងដែរ»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងសារជាបន្តបន្ទាប់ដោយលោកបារម្ភអំពីកំណើនជួញដូរមនុស្ស និងការលាងលុយកខ្វក់ដែលកំពុងជះឥទ្ធិពលមិនល្អដល់មុខមាត់របស់កម្ពុជា។ លោកបន្ថែមថា កម្ពុជាកំពុងក្លាយជាប្រទេសរងគ្រោះលើករណីជួញដូរមនុស្ស។

របាយការណ៍ក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៨ សីហា មកសមត្ថកិច្ចទទួលបានបណ្ដឹងជិត ៤រយករណី (៣៦៨)។ ក្នុងនោះក្រុមឧក្រិដ្ឋជនធ្វើសកម្មភាពនៅខេត្តព្រះសីហនុជាង ២រយករណី (២៤៩)។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ ជិត ៤រយនាក់ (៣៦១) ចេញពីអគារក្រុមហ៊ុននានា ក្នុងនោះមានមនុស្ស ៥៤នាក់ដែលរងគ្រោះដោយសារតែអំពើជួញដូរមនុស្ស។ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤៣នាក់បញ្ជូនទៅតុលាការ និងបិទទីតាំងអាជីវកម្មរបស់ពួកគេ ដើម្បីបន្តការស៊ើបអង្កេត។

ខណៈដែលរដ្ឋា ភិបាលបារម្ភអំពើការជួញដូរមនុស្សនេះ រដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិកំពូលៗ នៅមិនទាន់បង្ហាញការស៊ើបអង្កេតក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលរងការចោទប្រកាន់ថា ជាមេខ្លោងឈរជើងកាងការពារឱ្យជនជាតិចិនប្រតិបត្តិការចាប់បង្ខាំង និងជួញដូរមនុស្សនៅកម្ពុជានេះនៅឡើយទេ។ ទោះបីជាយ៉ាងណា បុគ្គលិកនៅមជ្ឈមណ្ឌលទីក្រុងហេងហេង លើកឡើងថា បុគ្គលជនជាតិបរទេសមួយចំនួនធំកំពុងរង់ចាំសមត្ថកិច្ចជួយសង្គ្រោះពួកគេចេញពីកន្លែងការងារខុសច្បាប់។

ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាមួយចំនួនលើកឡើងថា កម្ពុជាទំនងនឹងមិនអាចគេចផុតពីទណ្ឌកម្មអន្តជាតិនោះទេ ហើយកម្ពុជាក៏មិនអាចលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនេះបានដែរ ដោយសារតែប្រព័ន្ធយុត្តិធម៌គ្មានភាពឯករាជ្យ ហើយមន្ត្រីអាជ្ញាធរនៃស្ថាប័នដែលមានតួនាទីបង្ក្រាបករណីជួញដូរមនុស្សនេះ ប្រព្រឹត្តអំពើពុករលួយនោះ៕

website_news/2022041010.txt · Last modified: 2022/10/04 19:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki