website_news:2022050101

ពលករ ១ ៥០០ នាក់ កំពុងធ្វើចត្តាឡីស័កតាមខេត្តជាប់ព្រំដែនថៃ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 04 January 2022 | 09:29 ICT

បន្ទាយមានជ័យៈ គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ កម្ពុជានៅមានពលករសរុបចំនួន ១ ៥០០ នាក់ ដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កតាមខេត្តជាប់ព្រំដែនប្រទេសថៃ ខណៈពលករដែលវិលត្រឡប់មកពីថៃ មានការថយចុះ។ នេះបើយោងតាមស្ថិតិពលករក្នុងមណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្តមួយចំនួន។

ក្នុងរបាយការណ៍ស្ថិតិពលករ គិតត្រឹមថ្ងៃទី ២ ខែមករាឱ្យដឹងថា ខេត្តជាប់ព្រំដែន-ថៃ មានពលករកំពុងធ្វើចត្តាឡីស័កចំនួន ១ ៥០០ នាក់ និងខេត្តមិនជាប់ព្រំដែន មានពលករចំនួន ៣ នាក់។ ក្នុងនោះខេត្តកោះកុងមានពលករកំពុងធ្វើចត្តាឡីស័ក ១៤ នាក់ ខេត្តបាត់ដំបង ៥១៥ នាក់ ខេត្តប៉ៃលិន ២១០ នាក់ ខេត្តបន្ទាយមានជ័យ ៥២៣ នាក់ និងខេត្តឧត្តរមានជ័យ ២៣៨ នាក់។ រីឯខេត្តកំពង់ស្ពឺ មានពលករកំពុងធ្វើចត្តាឡីស័ក ៣ នាក់ ខណៈខេត្តផ្សេងៗទៀតពុំមានពលករធ្វើចត្តាឡីស័កនោះទេ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យលោក សេក សុខុម ថ្លែងនៅថ្ងៃទី ៣ មករាថា ពលករត្រឡប់ពីប្រទេសថៃមានការថយចុះជាបន្តបន្ទាប់ បើប្រៀបធៀបនឹងកាលពីប៉ុន្មានខែមុន។ «ឥឡូវនេះពលករត្រឡប់មកវិញ ក្នុង ១ ថ្ងៃជាមធ្យម ១០០ នាក់ មានការថយចុះ បើពីមុនកាលពីថៃផ្ទុះកូវីដខ្លាំង ពលករត្រឡប់មកវិញខ្ទង់ ៣០០ ទៅ ៥០០ នាក់ ក្នុង ១ ថ្ងៃ»។ បើទោះបីស្ថានភាពកូវីដ ១៩ នៅកម្ពុជាមានភាពធូរស្រាល ប៉ុន្តែការធ្វើតេស្តរកមេរោគកូវីដ ១៩ និងការធ្វើចត្តាឡីស័ក នៅតែបន្តរឹតបន្តឹង ដើម្បីទប់ស្កាត់ការចម្លងចូលសហគមន៍។ លោកថា៖ «ពេលពលករចូលមក គឺតម្រូវឱ្យធ្វើតេស្តរហ័សដដែល ហើយដាក់គាត់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ បន្ទាប់មកបញ្ជូនគាត់ទៅតាមទីតាំងរៀងៗខ្លួន ហើយយើងក៏បានផ្តល់ម្ហូបអាហារ ប្រចាំថ្ងៃដល់ពលករដោយឥតគិតថ្លៃផងដែរ»។ ទន្ទឹមនឹងនេះដែរ លោកសុខុមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានត្រឡប់ទៅធ្វើការនៅថៃវិញជាបណ្តើរៗដែរតាមរយៈរូបភាពប្រើលិខិតឆ្លងដែនទេសចរណ៍ ខណៈពលរដ្ឋមួយចំនួនទៀតនៅបន្តលួចទៅតាមច្រករបៀង។ លោកថា៖ «នៅខេត្តយើង មានច្រកព្រំដែនទៅថៃចំនួន ៤ ដែលកំពុងដំណើរការហើយប្រជាពលរដ្ឋដែលទៅធ្វើការនៅថៃ មានពលរដ្ឋមួយចំនួន ប្រើលិខិតឆ្លងដែនទេសចរណ៍បើគាត់ទៅតាមច្រក ៤ នេះ មិនខុសច្បាប់ទេ ប៉ុន្តែបើគាត់ទៅតាមច្រករបៀង គឺខុសច្បាប់»។

ចំណែកក្នុងរបាយការណ៍ពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ខេត្តឧត្តរមានជ័យឱ្យដឹងថា នៅថ្ងៃទី ២ ខែមករា មានពលករចំនួន ១៨៦ នាក់បានត្រឡប់ចូលស្រុកវិញ ខណៈថ្ងៃទី ១ មករា មាន ១៩៥ នាក់ ក្នុងនោះ ការធ្វើតេស្តរហ័សអវិជ្ជមានទាំងអស់។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើការពាក់ព័ន្ធពលករចំណាកស្រុក ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ដោយគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកដែលបានបើកច្រកព្រំដែនទទួលពលករ និងផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយឥតគិតថ្លៃ។ លោកថ្លែងថា បញ្ហាចម្បងដែលជំរុញឱ្យពលករខ្មែរ សម្រុកមកស្រុកកំណើតវិញយ៉ាងគំហុកនាពេលកន្លងមក គឺដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កាន់តែខ្លាំងនៅប្រទេសថៃ។

អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ធ្លាប់ឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺកូវីដរាតត្បាតរហូតដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់ពីក្រៅប្រទេសចូលមកស្រុកវិញ ជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ៕

website_news/2022050101.txt · Last modified: 2022/01/05 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki