website_news:2022050506

២ ថ្ងៃមានពលករខ្មែរ ៨៦ នាក់ វិលមកពីថៃតាមច្រកព្រំដែនក្នុងស្រុកសំពៅលូន

https://www.postkhmer.com/ គឹម សារុំ | Publication date 03 May 2022 | 10:18 ICT

បាត់ដំបងៈ ក្នុងរយៈពេល ២ ថ្ងៃមានពលករចំនួន ៨៦ នាក់រួមទាំងក្មេងៗផង បានឆ្លងដែនមកពីថៃវិញ ប៉ុន្តែមិនមានពលករណាម្នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនោះទេ ដោយសារតែពួកគាត់សុទ្ធតែមានបណ្ណចាក់វ៉ាក់សាំង។

លោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនលេខ ៨១៧ ប្រចាំប៉ុស្តិ៍គីឡូម៉ែត្រលេខ ១៣ ភូមិពោធិ៍ជ្រៃ ឃុំ សិរីមានជ័យស្រុកសំពៅលូន ថ្លែងនៅថ្ងៃទី ២ ឧសភា ថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ឧសភា មានពលករចំនួន ៨៦ នាក់ (ស្រី ២៥ នាក់ ក្មេង ៥ នាក់) បានឆ្លងដែនពីប្រទេសថៃចូលមកតាមប៉ុស្តិ៍គីឡូម៉ែត្រលេខ ១៣។ ប៉ុន្តែពលករទាំងនោះមិនត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កទេ ដោយសារតែពួកគេសុទ្ធតែមានបណ្ណចាក់វ៉ាក់សាំង។ លោកថា៖ «ពលករទាំងនោះ បើពួកគាត់ណាម្នាក់ គ្មានបណ្ណចាក់វ៉ាក់សាំងទេគឺគ្រូពេទ្យមិនអនុញ្ញាតឱ្យទៅផ្ទះទេ គឺត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក ១៤ ថ្ងៃសិន»។ លោកបន្តថាចាប់តាំងពីក្រោយចូលឆ្នាំខ្មែរចប់ចំនួននៃការសម្រុកមកប្រទេសវិញរបស់ពលករកម្ពុជាក្នុង ១ ថ្ងៃមានមិនដល់ ១០០ នាក់ផងទេ។ ចំពោះអ្នកដែលបន្តឆ្លងដែនពីប្រទេសថៃវិលមកស្រុកវិញនាពេលនេះ គឺដោយសារភាគច្រើនពួកគាត់អស់ការងារធ្វើនៅប្រទេសថៃ ឬក៏ស្បើយមិនសូវមានការងារធ្វើ និងម្យ៉ាងទៀត ពួកគាត់ចង់មករស់នៅឯស្រុកភូមិរបស់ពួកគាត់វិញ។ រីឯពលករដែលវិលមកលេងបុណ្យចូលឆ្នាំខ្មែរហើយត្រូវវិលទៅធ្វើការនៅថៃវិញ គឺពួកគាត់ចូលទៅតាមច្រកអន្តរជាតិស្របច្បាប់ ឈប់លួចឆ្លងដែនដូចមុនទៀតហើយ។ លោកបញ្ជាក់ថា៖ «រឿងមេខ្យល់លួចនាំពលករឆ្លងដែនពេលនេះស្ងប់ស្ងាត់អស់ហើយ។ ការស្ងប់ស្ងាត់នេះដោយសារកម្លាំងសមត្ថកិច្ចយើងចាប់ និងត្រូវបានតុលាការឃុំខ្លួន»។ ចំពោះមេខ្យល់ដែលសមត្ថកិច្ចចាប់បាន និងត្រូវបានតុលាការឃុំខ្លួននោះគឺពួកគាត់ជាប់ពាក់ព័ន្ធនឹងច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

website_news/2022050506.txt · Last modified: 2022/05/05 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki