website_news:2022050901

ពលករខ្មែរនៅប្រទេសថៃត្រូវថៅកែបង្ខំឱ្យធ្វើប័ណ្ណការងារច្រើនទម្រង់ដើម្បីធ្វើការស្របច្បាប់

https://www.rfa.org/ ដោយ យ៉ង ចាន់តារា 2022.08.31 https://www.rfa.org/khmer/news/economy/cambodian-workers-in-thailand-are-forced-by-their-employers-to-apply-for-multiple-forms-of-work-permits-08312022045821.html

ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃក្នុងទីក្រុងបាងកក អះអាងថា ថៅកែរបស់ពួកគាត់បានបង្ខំឲ្យធ្វើឯកសារការងារជាច្រើនសណ្ឋាន ទើបថៅកែអនុញ្ញាតឲ្យធ្វើការ ព្រោះក្រសួងការងារថៃ តម្រូវឱ្យថៅកែធ្វើដូច្នោះ។ ពួកគាត់ត្អូញត្អែរថា ត្រូវការធ្វើប័ណ្ណការងារពី ៣ទៅ៤ដំណាក់កាល គឺត្រូវចំណាយប្រាក់ច្រើន ដើម្បីទទួលបានការងារធ្វើស្របច្បាប់នៅប្រទេសថៃ។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ កំពុងជួបការលំបាកក្នុងការទទួលបានការងារ ប្រសិនបើពួកគាត់មិនព្រមធ្វើឯកសារ តាមតម្រូវការរបស់ថៅកែថៃទេនោះ។ ពួកគាត់ថាកាលពីមុនពលករកាន់ត្រឹមតែប័ត្រស៊ីជម្ពូ ដែលចេញដោយក្រសួងការងារថៃ គឺអាចធ្វើការងារបានដោយមិនមានបញ្ហាអ្វីឡើយ តែឥឡូវថៅកែបានបង្ខំឲ្យពលករខ្មែរទៅធ្វើសៀវភៅអនុញ្ញាតធ្វើការទៀត (Work Permits) ទើបអាចធ្វើការងារបានដូចមុន។ ពួកគាត់ថា ការធ្វើឯកសារច្រើនដំណាក់កាលបានធ្វើឲ្យពលករមិនមានលទ្ធភាពចំណាយលើថ្លៃឯកសារទាំងនោះទេ។

ពលការិនីធ្វើការផ្នែកអនាម័យតាមផ្ទះក្នុងទីក្រុងបាងកក មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកស្រី សាត សឿប អាយុ៣៧ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី៣០ ខែសីហាថា លោកស្រីបានចំណាយប្រាក់ថ្លៃធ្វើទិដ្ឋាការការងារ ប័ណ្ណធ្វើការ និងសៀវភៅអនុញ្ញាតការងារ ដោយឯកសារនីមួយៗត្រូវបង់ថវិកាពីប្រាំបីពាន់(៨.០០០)ទៅប្រាំបួនពាន់(៩.០០០)បាត ឬជាង ២០០ដុល្លារអាមេរិក។ លោកស្រីបន្តថាបើគ្មានឯកសារទាំងនេះទេ ថៅកែមិនព្រមទទួលឲ្យចូលធ្វើការ និងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់។ លោកស្រីឱ្យដឹងថា ពលករក្នុងតំបន់ដែលលោកស្រី ស្នាក់នៅថៅកែថៃបានបង្ខំឲ្យធ្វើប័ណ្ណការងារច្រើនប្រភេទដូចៗគ្នា ដោយពលករខ្លះត្រូវចំណាយប្រាក់ពីមួយម៉ឺនប្រាំពាន់(១៥.០០០) ទៅដល់មួយម៉ឺនប្រាំមួយពាន់(១៦.០០០)បាត ស្មើនឹងជាង ៤០០ដុល្លារ ឬចំណាយច្រើនជាងនេះ។ លោកស្រីស្នើដល់ ក្រសួងការងារកម្ពុជាជួយអន្តរាគមន៍រឿងនេះ ព្រោះពលករខ្មែរកំពុងជួបការលំបាកជាខ្លាំងលើការបង់ថ្លៃសេវាឯកសារច្រើន៖ «បើសិនជាក្រសួងអត់យកចិត្តទុកដាក់ត្រង់ចំណុចនេះទេ គឺពលករយើងដែលរស់នៅប្រទេសថៃនេះ គឺគាត់អត់ទទួលបានអត្ថប្រយោជន៍ច្រើនទេ។ គាត់ធ្វើការឲ្យដូចដែលលុយ គឺហៅថាធ្វើការឲ្យតែគេ ប៉ុន្តែអាចំណាយទៅលើរឿងប័ត្រ រឿងប៉ាស្ព័រហ្នឹងក៏ច្រើន ហើយដល់ពេលគាត់ទទួលបានថវិកាមកវិញ ពេលដែលគាត់ឈឺ ពេលដែលគាត់អីហ្នឹង គឺគាត់ចំណាយលុយដោយខ្លួនឯង។ អីចឹងតើគាត់មានលុយឯណា ពេលដែលគាត់ត្រឡប់ទៅប្រទេសវិញ តើគាត់បានលុយពីណាទៅជួយប្រទេស»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានទេ នៅថ្ងៃទី៣០ ខែសីហា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។

ពាក់ព័ន្ធរឿងនេះដែរ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ច្បាប់ការងារបច្ចុប្បន្ននៅប្រទេសថៃតម្រូវឲ្យពលករធ្វើឯកសារច្រើនដំណាក់កាល ព្រោះប្រព័ន្ធលក្ខខណ្ឌការងារត្រូវបានផ្លាស់ប្ដូរ។ លោកបន្តថា កន្លងមកពលករខ្មែរអាចធ្វើប័ណ្ណការងារម្ដងប្រើបានពីរឆ្នាំ ប៉ុន្តែបច្ចុប្បន្នប័ណ្ណនេះមានសុពលភាពបានតែមួយឆ្នាំទេ ដែលធ្វើឱ្យកម្មករត្រូវចំណាយប្រាក់ច្រើនជាងមុន។ លោកយល់ថាបញ្ហានេះ ពួកគាត់នឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងធ្វើឲ្យពលករកាន់តែលំបាកលើសដើម ព្រោះឥឡូវការងាររបស់ពួកគាត់មិនសូវមានការងារ ខណៈតម្លៃពលកម្មទទួលបានប្រាក់ចំណូលតិចតួច ដែលធ្វើឲ្យពួកគាត់ចំណាយដោយត្បិតត្បៀត និងគ្មានប្រាក់សម្រាប់ផ្ញើទៅផ្ទះចិញ្ចឹមកូននៅស្រុកកំណើត។ លោកស្នើដល់ក្រសួងការងារកម្ពុជា ជួយអន្តរាគមន៍ទៅក្រសួងការងារថៃ ឲ្យជួយសម្រួលថ្លៃធ្វើឯកសារការងារក្នុងតម្លៃសមរម្យដល់ពលករខ្មែរ ដើម្បីឲ្យពួកគាត់មានសេដ្ឋកិច្ចគ្រាន់បើជាងសព្វថ្ងៃ៖ «ព្រោះអីកន្លងមកឃើញថា ដំណាក់កាលឲ្យតក៏វាឆាប់ផុតកំណត់ពេកទៅ ជួនកាលទៅគាត់ចំណាយលុយបង់ឲ្យគេមិនទាន់អស់ផងដល់ដំណាក់កាលធ្វើតទៀតអីចឹងណា។ មួយឆ្នាំម្ដងអីចឹងទៅ ហើយបងប្អូនពលករខ្លះគាត់លក្ខណៈធ្វើការមិនពេញម៉ោងអីចឹងទៅ អ្នកខ្លះទៅធ្វើការលក្ខណៈនៅថៃគេថារ៉ាប់ចបណា ការងារបណ្ដោះអាសន្នអីចឹងទៅ នៅពេលដែលធ្វើប័ណ្ណធ្វើអី ធ្វើឯកសារដើម្បីឲ្យរស់នៅស្របច្បាប់»។

របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់ ដោយភាគច្រើនពួកគាត់កំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច៕

website_news/2022050901.txt · Last modified: 2022/09/07 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki