website_news:2022050906

អ្នកនាំពាក្យអគ្គស្នងការ៖ កម្ពុជាគ្មានតំបន់ងាយរងគ្រោះដោយអំពើជួញដូរមនុស្សទេ ខណៈរាជរដ្ឋាភិបាលបន្ដខិតខំទប់ស្កាត់ និងបង្ក្រាបជានិច្ច

http://freshnewsasia.com/ 2022-09-02 02:11pm http://fna.asia/1ce5fbf

(ភ្នំពេញ)៖ កម្ពុជា គ្មានតំបន់ដែលងាយរងគ្រោះ ដោយសារអំពើជួញដូរមនុស្សឡើយ ហើយរាជរដ្ឋាភិបាល មិនដែលប្រងើយកន្ដើយលើការងារនេះទេ ពោលតាំងពីដើមរហូតមកដល់ពេលនេះ កម្ពុជាបន្ដខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាបន្ដបន្ទាប់ និងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាប។ នេះជាការប្រកាសរបស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ ការប្រកាសនេះ ក៏ជាការឆ្លើយតបនឹងសារព័ត៌មានបរទេសមួយចំនួន ដែលបានបំភ្លៃពីកម្ពុជាផងដែរ។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលជាសមាជិកគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានតំបន់ណាដែលងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនោះទេ ប៉ុន្ដែមុខសញ្ញាដែលងាយរងគ្រោះមាន។ ដោយសារប្រជាពលរដ្ឋមូលដ្ឋានខ្វះការអប់រំ ខ្វះការជួយផ្សព្វផ្សាយ និងមិនសូវយល់ដឹងអំពីល្បិចកលជនល្មើស ដែលលួងលោមជួញដូរកុមារ ស្ដ្រីនេះ គឺជាមុខសញ្ញាដែលងាយរងគ្រោះ ប៉ុន្ដែបើឲ្យវាយតម្លៃថា កន្លែងណាដែលងាយជួញដូរ គឺអត់មាន»។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យពង្រឹងវិធានការក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសពាក់ព័ន្ធអំពើជួញដូរមនុស្ស ហើយដាក់ចេញវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈទូទៅ សំដៅធានាបរិយាកាសសន្ដិសុខនៅក្នុងប្រទេសកម្ពុជា ហើយក៏បានដាក់ចេញវិធានការដើម្បីស្រាវជ្រាវរកមូលហេតុ រកដើមចមជាក់ស្ដែងនៃសារព័ត៌មានមួយចំនួនដែលមានបំពុល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជា។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានកំណត់នូវទិសដៅផែនការ ចំនួន២សំខាន់ៗ ដើម្បីរួមគ្នាអនុវត្ត គឺទី១៖ កំណត់គោលដៅដែលត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាប និងទី២៖ កំណត់គោលការណ៍ដែលត្រូវអនុវត្ត។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវគោលការណ៍ត្រួតពិនិត្យគោលដៅជនបរទេស ត្រួតពិនិត្យលិខិតស្នាម ភាពស្របច្បាប់របស់ជនបរទេសដែលស្នាក់នៅ និងបម្រើការងានៅក្នុងប្រទេសកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវដើម្បីរកឲ្យឃើញនូវបទល្មើស និងឈានទៅបើកប្រតិបត្តិការបង្ក្រាប។

សម្រាប់គោលការណ៍ប្រតិបត្តិការ ដែលដាក់ចេញនៅក្នុងកិច្ចប្តជុំនេះ ក៏មានដែរនូវ៖

ទី១៖ ផ្ដល់ក្នុងការផ្សព្វផ្សាយអប់រំទៅដល់គោលដៅអាជីវកម្ម សេវាកម្មពាក់ព័ន្ធជនបរទេស ធ្វើឲ្យបានទូលំទូលាយ និងឆ្លើយតបព័ត៌មានបំពុលនានា។ ទី២៖ ម្ចាស់អាជីវកម្មទីតាំងទាំងអស់នោះ ត្រូវធ្វើស្វ័យរបាយការណ៍ជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដោយផ្អែកតាមច្បាប់អន្ដោប្រវេសន្ដ និងច្បាប់ការងារ ប៉ុន្ដែត្រូវភាពទន់ភ្លន់ ដោយម្ចាស់អាជីវកម្មអាចមកបំពេញនៅកន្លែងនគរបាល ឬបំពេញតាមប្រព័ន្ធអនឡាញ ឬសមត្ថកិច្ចចុះទៅដល់ទីតាំងផ្ទាល់តែម្ដង។

បន្ថែមពីនេះ ត្រូវអនុវត្តវិធានការជំនាញ ដោយផ្ដោតលើការងារពង្រឹងគ្រប់គ្រងធ្វើរដ្ឋបាល ប៉ុន្ដែមិនមែនត្រូវធ្វើរដ្ឋបាលទាំងអស់នោះទេ ចៀសវាងនូវការបង្កភាពភិតភ័យដល់ប្រជាពលរដ្ឋ មានន័យថា ត្រូវចុះទៅកន្លែងណាដែលជាគោលដៅសង្ស័យ និងពង្រឹងការអនុវត្តច្បាប់ផ្ទាល់តែម្ដង នៅពេលរកឃើញបទល្មើសកើតឡើង។ ដោយឡែក សម្រាប់ជនបរទេសណាដែលចូលមកកម្ពុជា ដោយមិនមានច្បាប់ទម្លាប់ ឬលិខិតស្នាមត្រូវចាប់បណ្ដេញចេញ ខណៈជនណាដែលពាក់ព័ន្ធការអូសទាញក្រោយពិនិត្យឃើញមានធាតុផ្សំបទល្មើសច្បាស់លាស់ ករណីជួញដូរ ធ្វើទារុណកម្ម ត្រូវតែអនុវត្តច្បាប់ជាធរមាន។

សូមរំលឹកថា ពាក់ព័ន្ធអំពើជួញដូរមនុស្សជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់បានចេញសេចក្តីអំពាវនាវឲ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា។

ការផ្តល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ៖

១៖ គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

២៖ លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥

៣៖ គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of Natioral Police

៤៖ គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI៕

website_news/2022050906.txt · Last modified: 2022/09/07 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki