website_news:2022051001

ជនជាតិម៉ាឡេស៊ីរងគ្រោះដោយសារការឆបោកចំនួន៩០នាក់ កំពុងរង់ចាំមាតុភូមិនិវត្តន៍នៅកម្ពុជា ខណៈ ២៦១ នាក់ទៀតត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/501160888//?p=1160888 Khmer Times October 2, 2022

ជនជាតិម៉ាឡេស៊ីរងគ្រោះដោយសារការឆបោកការងារ សរុបចំនួន២៦១នាក់ ដែលជាប់គាំងនៅកម្ពុជាត្រូវបានជួយសង្គ្រោះដោយជោគជ័យរហូតមកដល់ពេលនេះ។ ក្រសួងការបរទេស (Wisma Putra) នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះបាននិយាយថា ជនរងគ្រោះចំនួន ១៧១ នាក់ត្រូវបាននាំយកត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ ខណៈដែល ៩០នាក់ទៀតកំពុងរង់ចាំដំណើរការធ្វើមាតុភូមិនិវត្តន៍។ ជើងហោះហើរ AK535 របស់ AirAsia កាលពីថ្ងៃសុក្រគឺជាជើងហោះហើរចុងក្រោយបំផុតដើម្បីនាំយកជនរងគ្រោះចំនួន១៣ នាក់បន្ថែមទៀតមកផ្ទះវិញ។

ក្រសួង និងបេសកកម្មការទូតម៉ាឡេស៊ី កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីកំណត់ទីតាំង ជួយសង្គ្រោះ និងនាំពួកគេដែលជាជនរងគ្រោះដោយសារការឆបោកការងារត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ខ្លួនក៏បានអំពាវនាវដល់សមាជិកគ្រួសារឱ្យទាក់ទងទៅក្រសួង និងនគរបាល ប្រសិនបើសមាជិកគ្រួសាររបស់ពួកគេណាម្នាក់ធ្លាក់ខ្លួនជាជនរងគ្រោះដោយសារក្រុមដែលផ្តល់ការងារនៅបរទេស។ គណៈកម្មាធិការពិសេសមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Saifuddin Abdullah បានបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានទូលំទូលាយជាងនេះ។ ក្រសួង និងស្ថាប័នចំនួន៩ផ្សេងទៀត រួមមាននគរបាល ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អង្គជំនុំជម្រះនៃអគ្គព្រះរាជអាជ្ញា និងក្រសួងផ្សេងទៀតបានចូលរួមកិច្ចប្រជុំនេះ។ ពួកគេបានសម្រេចជួបប្រមុខបេសកកម្មការទូត នៃប្រទេសពាក់ព័ន្ធ ដើម្បីពិភាក្សាបន្ថែមទៀត។ ប្រមុខបេសកកម្មការទូតទាំងនេះបានសម្តែងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់ពួកគេក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហានេះ។ ប្រមុខបេសកកម្មការទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ក៏ត្រូវបានស្នើឲ្យដោះស្រាយបញ្ហានេះឲ្យបានឆាប់ដែរ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការយល់ដឹងកាន់តែច្រើនក្នុងចំណោមសាធារណជន និងក្រុមគោលដៅក៏នឹងកើនឡើងផងដែរ ដើម្បីកុំឱ្យពួកគេងាយចាញ់បោកក្រុមទាំងនេះ។ FMT

website_news/2022051001.txt · Last modified: 2022/10/06 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki