website_news:2022051002

ជនបរទេសជាង៤០០នាក់ ត្រូវបានជួយសង្គ្រោះនៅកម្ពុជា ខណៈជនសង្ស័យ ៥៣នាក់ត្រូវបានឃាត់ខ្លួន

http://freshnewsasia.com/index.php/en/localnews/259360-2022-10-02-09-18-58.html 2022-10-02 04:18pm

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានជួយសង្គ្រោះជនបរទេស៤១១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរកម្លាំងពលកម្ម និងបង្ខាំង ក្នុងនោះក៏មានការឃាត់ខ្លួនជនសង្ស័យចំនួន៥៣នាក់ផងដែរ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ជនសង្ស័យទាំង៥៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន៣៨នាក់, ជនជាតិចំនួន១១នាក់ និងជនជាតិវៀតណាមចំនួន៤នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជា៖ * តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៣៩៤សំណើ មានមនុស្សសរុបចំនួន៩៤៤នាក់ មាន១១សញ្ជាតិ និងតាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន២០១សំណើ។ បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ នាយឧត្តមសេនីយ៍ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចបានទទួលសំណើចំនួន២៨សំណើទៀត ដែលស្នើឱ្យស្រាវជ្រាវរកជនបរទេសចំនួន៧៧នាក់។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕

website_news/2022051002.txt · Last modified: 2022/10/06 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki