website_news:2022051003

លោក ឡុង ឌីម៉ង់៖ ហេតុអ្វីប្រទេសខ្លះដែលមានប្រជាជនរងគ្រោះ ដោយការជួញដូរមនុស្ស មិនចូលរួមទប់ស្កាត់បញ្ហានេះ?

https://www.kampucheathmey.com/security/385714 ថ្ងៃចន្ទ ៣ តុលា ២០២២ដោយ អុន ស្រីមាន

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអះអាងថា ករណីជួញដូរមនុស្ស គឺមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាឡើយ ពោល គឺប្រទេសជាសមាជិកអាស៊ាន ក៏មានករណីនេះសើ្ទរតែពាក់កណ្តាលទៅហើយ។ ប៉ុន្តែ លោកឆ្ងល់ថា ហេតុអ្វីបានជាប្រទេសមួយចំនួន ដែលមានប្រជាជនជាជនរងគ្រោះ មិនព្រមសហការជាមួយកម្ពុជា ទប់ស្កាត់នូវបញ្ហាជួញដូរមនុស្ស ឬបញ្ហាឆ្លងដែនខុសច្បាប់នេះ? លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា៖ “ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់នេះ មិនអាចមកកើតឡើងនៅកម្ពុជាភ្លាមបានទេ។ វាត្រូវការឲ្យមានការចេញពីប្រទេសណាមួយ”។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថា យន្តការនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺដើរតួនាទីសំខាន់បំផុត។ ដូច្នេះ ក្នុងករណីដែលមានជនបរទេសឆ្លងដែនមកដោយខុសច្បាប់នោះ ប្រទេសជិតខាង ដូចជាថៃ វៀតណាម ជាដើម គូរជួយពង្រឹងទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ព្រោះប្រទេសនៅជិតព្រំដែនគ្នា មានសន្ធិសញ្ញាកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការជួយទប់ស្កាត់បញ្ហាខាងលើ។

ចំពោះជនរងគ្រោះ ដោយការជួញដូរមនុស្សខុសច្បាប់នេះមានដូចជា ជនជាតិចិន តៃវ៉ាន់ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌាជាដើម ហើយក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន ដែលចាញ់បោកឧក្រិដ្ឋជនចិនដូចគ្នា តាមប្រព័ន្ធអនឡាញមកធ្វើការនៅកម្ពុជា។ ករណីនេះ ជនជាតិកម្ពុជាដែលជាជនរងគ្រោះ គឺមានតិចតួចបំផុត។ នេះបើតាមការលើកបន្ថែមពីអភិបាលរងខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ កម្ពុជា បានអន្តរាគមន៍យ៉ាងសកម្ម ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវបានជនឆបោកជួញដូរ លក់បន្ត ឬចាប់ឃុំនិងធ្វើទារុណកម្មយ៉ាងឃោឃៅនោះ។

សូមរំលឹកជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការ ក៏ដូចជាធ្វើការស្រាវជ្រាវ ស៊ើបអង្កេត យ៉ាងតឹងរឹងលើករណីនេះ នៅទូទាំងប្រទេស ដោយគ្មានករណីលើកឡែងឡើយ៕ដោយ៖ អុន ស្រីមាន

website_news/2022051003.txt · Last modified: 2022/10/06 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki