website_news:2022051005

សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះជាង៤រយនាក់ ចេញពីកន្លែងបង្ខាំងខុសច្បាប់

https://www.rfa.org/khmer/news/social-economy/authorities-rescue-more-than-400-victims-from-illegal-detention-in-cambodia-10032022102810.html ដោយ មាន ឫទ្ធិ2022.10.03

មន្ត្រីអង្គការស៊ីវិលរិះគន់ថា វិធានការរបស់រដ្ឋាភិបាលឯកបក្សក្នុងការទប់ស្កាត់ និងបង្ក្រាបករណីជួញដូរមនុស្សនារយៈពេលចុងក្រោយនេះហាក់គ្មានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញ ករណីបង្ខាំងមនុស្ស ជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម បែរជាកំពុងកើតមានយ៉ាងផុសផុល។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះជាង ៤រយនាក់ចេញពីកន្លែងបង្ខាំងខុសច្បាប់នៅកម្ពុជា។ក្រុមអ្នកធ្វើការងារលើកស្ទួយផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ព្រួយបារម្ភថា បើរដ្ឋាភិបាលនៅតែគ្មានឆន្ទៈស៊ើបអង្កេតក្រុមមេខ្លោងធំៗដែលនៅពីក្រោយមុខជំនួញជួញដូរមនុស្ស នោះកម្ពុជានឹងកាន់តែប្រឈមរងរិះគន់ធ្ងន់ៗបន្ថែមទៀតពីសហគមន៍អន្តរជាតិថាកម្ពុជាគឺជាប្រទេសនៃសម្បុកឧក្រិដ្ឋកម្មជួញដូរមនុស្ស។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញថា វិធានការទប់ស្កាត់របស់សមត្ថកិច្ចលើករណីបង្ខាំងមនុស្ស និងជួញមនុស្សដែលភាគច្រើនស្ថិតក្រោមស្លាកបនល្បែងកន្លងមកនេះ ហាក់មិនទាន់មានប្រសិទ្ធិនៅឡើយទេ។ លោកយល់ថា ករណីបង្ខាំងមនុស្ស និងជួញដូរមនុស្សនេះ អាចទាក់ទងការបើកអាជីវកម្មបនល្បែងខុសច្បាប់ ក្រោយពីរដ្ឋាភិបាលបើកដៃឱ្យជនបរទេស ជាពិសេសជនជាតិចិនបើកអាជីវកម្មល្បែងអនឡាញនាពេលកន្លងទៅ៖ «ហើយយើងមានការព្រួយបារម្ភ ជនបរទេស ជាពិសេសជនជាតិចិនហ្នឹង មកយកទីតាំងនៅក្នុងប្រទេសយើង ទៅប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង ដែលជាហេតុធ្វើឱ្យប៉ះពាល់មុខរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ។ អាចអន្តរជាតិ គេចាត់ទុកថា ប្រទេសយើងជាទីកន្លែង គ្រោះថ្នាក់ដែលពិបាកក្នុងការសហការ ប្រកបនូវជំនួញជួញដូរ ឬក៏ពាក់ព័ន្ធទៅនឹងទំនាក់ទំនងនយោបាយ ឬក៏ទេសចរណ៍អីជាដើមហ្នឹង គឺគេមានការប្រុងប្រយ័ត្ន»។

ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បើក្នុងករណីថៅកែបនល្បែងកាស៊ីណូណាមួយបង្ខំឱ្យបុគ្គលិកធ្វើការច្រើនម៉ោង បំបិទសិទ្ធិសេរីភាពកម្មករមិនឱ្យដើរហើរមានសេរីភាពនោះគឺជាការបង្ខាំងខុសច្បាប់។ ទោះបីយ៉ាងណា លោកមើលឃើញថា ការរកឃើញនូវក្រុមហ៊ុន ឬអគារបនល្បែងដែលមានករណីបង្ខាំងមនុស្សកន្លងមកនេះ សមត្ថកិច្ចមិនបានស្រាវជ្រាវឱ្យបានស៊ីជម្រៅ ដើម្បីរកអ្នកពាក់ព័ន្ធដែលបណ្តោយក្រុមឧក្រិដ្ឋជនប្រព្រឹត្តអំពើខុសច្បាប់នៅឡើយទេ៖ «ប្រសិនយើងមានការតាំងចិត្ត ការប្ដេជ្ញា និងឆន្ទៈ កម្ពុជាអាចធ្វើបាន។

ទីមួយ គឺពង្រឹងការអនុវត្ត ឬក៏អំណាចនៃអ្នកដែលអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយឱ្យមានប្រសិទ្ធិភាព។ អ្នកណាអនុវត្តខុសពីច្បាប់ ទោះបីជាបុគ្គលណាក៏ដោយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ គឺអ្នកទាំងអស់ហ្នឹងត្រូវតែនៅឱ្យឆ្ងាយពីការជួញដូរមនុស្ស ឬក៏អំពើពុករលួយដែលកើតចេញឱ្យមានអំពើជួញដូរមនុស្ស ឬការឆ្លងដែនមកកម្ពុជាខុសច្បាប់»។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចបានជួយសង្គ្រោះជនរងជនជាតិបរទេសរយរាប់នាក់ចេញពីកន្លែងបង្ខាំងខុសច្បាប់កាលពីពេលថ្មីនេះ។

របាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសជាង ៤រយនាក់ (៤១១) ចេញពីកន្លែងជួញដូរកម្លាំងពលកម្ម និងបង្ខាំង។ ជាមួយគ្នានេះ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងវៀតណាមសរុបចំនួន ៥៣នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនបានបញ្ជាក់ឈ្មោះទីតាំងភូមិសាស្ត្រ ឬក្រុមហ៊ុនណាមួយ ដែលសមត្ថកិច្ចបានជួយសង្គ្រោះជនរងចេញពីកន្លែងបង្ខាំងខុសច្បាប់នេះនៅឡើយទេ។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីសុំការបញ្ជាក់អំពីរឿងនេះបានទេនៅថ្ងៃទី០៣ ខែតុលា។ ទាក់ទងនឹងរឿងនេះដែរ បុគ្គលិកដែលកំពុងបម្រើការងារនៅមជ្ឈមណ្ឌលទីក្រុងហេងហេង នៅក្រុងបាវិតខេត្តស្វាយរៀង ក៏បានទម្លាយឱ្យដឹងដែរថា មានជនបរទេសរាប់ពាន់នាក់កំពុងត្រូវបានថៅកែជនជាតិចិនបង្ខាំងធ្វើទារុណកម្ម បង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញ។ ស្ត្រីជនជាតិវៀតណាមមួយចំនួនទៀតត្រូវគេបង្ខំឱ្យបម្រើសេវាកម្មផ្លូវភេទ និងលក់ដូរពួកគេពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។

ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារដ៏កម្រមួយ ដោយណែនាំឱ្យស្ថាប័នមានសមត្ថកិច្ចប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងការថ្លែងបែបនេះ លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ព្រមទាំងក្មួយបង្កើតរបស់លោកផង រួមទាំងក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗមួយចំនួន កំពុងរងការចោទប្រកាន់ធ្ងន់ៗថា បានឈរជើងកាងការពារ និងមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនជនជាតិចិនដែលកំពុងប្រតិបត្តិការចាប់បង្ខាំងមនុស្ស និងជួញដូរមនុស្សនៅកម្ពុជា៕

website_news/2022051005.txt · Last modified: 2022/10/06 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki