website_news:2022051205

កម្ពុជា មានពលករជាង១លាន២សែននាក់ ធ្វើការនៅក្រៅប្រទេស

https://kohsantepheapdaily.com.kh/article/1643824.html?tm_source=telegram&utm_medium=click&utm_campaign=channeltelgram

៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ១៩:២៤

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា រួមចំណែកពង្រឹងប្រសិទ្ធិភាព នៃការការពារ ការលើកកម្ពស់សិទ្ធិការងារពលករទេសន្តរប្រវេសន៍ខ្មែរយើង នៅបរទេស ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លើក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង នៃការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ជ្រើសរើសឯកជនកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ជាឧបករណ៏មួយកំណត់ នូវគោលការណ៍គ្រឹះ ជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជាទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ។

ឯកឧត្តមបញ្ជាក់ថា ៖ «ក្រមសីលធម៌នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធិភាព នៃការការពារ ការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស ។ លើសពីនេះទៀត ក្រមសីលធម៌នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារប្រយោជន៏ សម្រាប់ពលករទេសន្តរប្រវេសន៍ អាចបញ្ជាក់បាន អំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ ការងាររបស់ពួកគេ» ។ ឯកឧត្តមបន្តថា ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធ វាយតម្លៃសាកល្បង នៃការអនុវត្តក្រមសីលធម៌ ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិ ខាងការងារ ILO សមាគម ACRA និងសមាគម MAC ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត អោយទីភ្ញាក់ងារជ្រើសរើសឯកជនទាំងអស់ ដែលបានទទួលអាជ្ញាបណ្ណពីក្រសួង ចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ ដ៏មានសារសំខាន់នេះ ដើម្បីបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងការងារ បាននិងកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ ការងារដោយខុសច្បាប់ អំពើជួញដូរមនុស្ស, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារនិងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គ មមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរ ដោយខ្លួនឯង ។

ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា មានពលករសរុបចំនួនប្រមាណជាង ១លាន ២សែននាក់ ។ បើតាមការប៉ាន់ស្មានពលករកម្ពុជា បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធាន មនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញបទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើង នៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើ ប្រាស់គោលការណ៍ យន្តការ និងនីតិវិធីជាធរមាន៕

website_news/2022051205.txt · Last modified: 2022/12/05 08:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki