website_news:2022060102

ចាប់បានបុរសមួយក្រុម ជួញដូរស្រ្តីវៀតណាម មករកស៊ីផ្លូវភេទនៅ កម្ពុជា

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ៦ មករា ២០២២ដោយ Sok Sovann

ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាម ចំនួន៧នាក់ ដែលត្រូវគេជួញដូរមកកម្ពុជា ដើម្បីរកស៊ីផ្លូវភេទ និងចាប់ខ្លួនជនសង្ស័យ៣នាក់។ ប៉ូលិសខេត្ត Dong Nai បានឃាត់ខ្លួនបុរស៣នាក់ឈ្មោះ Nguyen Tien Dung អាយុ២៥ឆ្នាំ, Loc Thi Luan អាយុ២១ឆ្នាំនិង Ngo Nguyen Dong Khoa អាយុ៥៤ឆ្នាំពីបទ “ជួញដូរមនុស្ស” និង “រៀបចំការធ្វើចំណាកស្រុកខុសច្បាប់”។

យោងតាមការស៊ើបអង្កេត លោក Dung និង Luan បានសហការគ្នា ផ្សព្វផ្សាយព័ត៌មានអំពីស្ត្រីដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងហាងខារ៉ាអូខេ និងកាស៊ីណូនៅកម្ពុជា ជាមួយប្រាក់ខែខ្ពស់។ សម្រាប់នារីម្នាក់ៗដែលជ្រើសរើសបាន លោក Dung ត្រូវផ្តល់ប្រាក់ចំនួន១០លានដុង (៤៤០ ដុល្លារ) ឲ្យលោក Luan។ បន្ទាប់មក Dung និង Khoa បាននាំនារីឆ្លងកាត់ខេត្តភាគខាងត្បូង Long An, Tay Ninh និង Binh Phuoc មុនពេលចូលមក កម្ពុជាតាមផ្លូវគ្មានមនុស្ស។ ដោយសារស្ត្រីដែលមិនបញ្ចេញអត្តសញ្ញាណ បានបដិសេធធ្វើការតាមការលួងលោមឈ្មួញបានឲ្យពួកគេទូរសព្ទទៅក្រុមគ្រួសារ និងទាមទារប្រាក់ពីគ្រួសារនីមួយៗពី១០០ទៅ១៥០លានដុង(៤,៤០០ ទៅ ៦,៥០០ដុល្លារ) ដើម្បីដោះលែងពួកគេឲ្យត្រឡប់ទៅផ្ទះវិញ។

ប៉ូលិសនិយាយថា ក្នុងអំឡុងខែធ្នូកន្លងទៅ ក្រុមនេះបានបោកបញ្ឆោត និងបញ្ជូនស្ត្រីជាង ១០ នាក់មកប្រទេសកម្ពុជា ដើម្បីធ្វើជានារីរកស៊ីផ្លូវភេទ។ បន្ទាប់ពីតាមដានពួកគេអស់រយៈពេលជាច្រើនថ្ងៃ ប៉ូលិសនៅក្នុងខេត្ត Dong Nai ដែលមានព្រំប្រទល់ជាប់ទីក្រុង ហូជីមិញ បានចាប់ខ្លួន Dung និងបក្ខពួករបស់គាត់ ខណៈពួកគេកំពុងជួញដូរស្ត្រីប្រាំពីរនាក់មកប្រទេសកម្ពុជាតាមផ្លូវផ្សេងៗគ្នា៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ VN Express

website_news/2022060102.txt · Last modified: 2022/01/06 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki