website_news:2022060103

និស្សិតម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងកម្មវិធីល.ក់នារីៗតាមអ៊ីនធើរណេត

https://kohsantepheapdaily.com.kh/ ០៥ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១០:០៧

ឥណ្ឌា ៖ ប៉ូលីសឥណ្ឌាបានធ្វើការចាប់ខ្លួនយុវជនវ័យ ២១ឆ្នាំម្នាក់ពាក់ព័ន្ធនឹងកម្មវិធីមួយ (App) ដែលចែករំលែករូបថត និងប្រកាសល.ក់នារីមូស្លីមជាង១០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ៥ ខែមករានេះ។ យុវជនមួយរូបនោះគឺជានិស្សិតផ្នែកវិស្វកម្មមកពីទីក្រុង Bangalore ប៉ុន្តែអត្តសញ្ញាណរបស់គាត់មិនត្រូវបានគេប្រកាសឲ្យដឹងឡើយ។ ចំណែកការចោទប្រកាន់ប្រឆាំងគាត់ក៏មិនទាន់ច្បាស់ផងដែរ ប៉ុន្តែគាត់គឺជាគាំទ្រកម្មវិធីមួយឈ្មោះ Bulli Bai។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសប្រាប់សារព័ត៌មាន BBC។ កម្មវិធី Bulli Bai មាននៅលើវេបសាយ GitHub និងត្រូវបានគេលុបចោល ក្រោយពេលមានការខឹងសម្បារយ៉ាងខ្លាំង។ រូបភាពជាច្រើនរបស់អ្នកកាសែត និងសកម្មជនមូស្លីមជាច្រើនត្រូវបានគេប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេនៅលើកម្មវិធីនោះ និងត្រូវបានដាក់លក់ក្នុងការដេញថ្លៃក្លែងក្លាយ។

នេះជាការប៉ុនប៉ងលើកទី ២ហើយដើម្បីយាយីដល់ស្ត្រីមូស្លីម តាមរយៈការល.ក់ដេញថ្លៃពួកគេតាមអ៊ីនធឺណេត។ កាលពីខែកក្កដា ឆ្នាំមុន កម្មវិធី (App) និងគេហទំព័រមួយឈ្មោះ ‘Sulli Deals) បានបង្កើតកម្រងព័ត៌មានរបស់ស្ត្រីមូស្លីមជាង ៨០នាក់ ដោយប្រើប្រាស់រូបភាពដែលស្ត្រីទាំងនោះបង្ហោះរាល់ថ្ងៃ យកទៅបង្ហោះបន្ត និងធ្វើការដេញថ្លៃ។ ក្នុងករណីទាំងពីរនេះ ពុំមានការល.ក់ពិតប្រាកដឡើយ ប៉ុន្តែគោលបំណងនៃការប្រព្រឹត្តិបែបនេះគឺដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបន្ថោកតម្លៃរបស់ស្ត្រីមូស្លីម។ ទោះបីជាប៉ូលីសឥណ្ឌាបានធ្វើការស៊ើបអង្កេតលើករណី Sulli Deals ក្តី គ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់ឡើយ។ នៅពេលព័ត៌មាននៃកម្មវិធី Bulli Bai បែកធ្លាយ អ្នកនិពន្ធម្នាក់ឈ្មោះ Nabiya Khan បានធ្វើការបង្ហោះក្នុងបណ្តាញសង្គម Twitter ថាប៉ូលីសទីក្រុង Delhi មិនទាន់បានចាត់វិធានការលើបណ្តឹងរបស់នាងកាលពីឆ្នាំ ២០២១ឡើយ៕ (យោងតាមប្រភព៖ BBC)

website_news/2022060103.txt · Last modified: 2022/01/06 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki