website_news:2022060403

ពលករខ្មែរជិត ៣០០នាក់ បន្ថែមទៀត ត្រូវបានទាហានថៃ ចាត់បញ្ជូនមកកាន់ស្រុកកំណើតវិញ

https://gntimes.com/ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២

បាត់ដំបង៖ ទាហានថៃ បានចាត់បញ្ជូនពលករខ្មែរប្រុស-ស្រី ជិត ៣០០នាក់ទៀត ប្រគល់ត្រឡប់មកស្រុកកំណើតវិញ ក្រោយរកឃើញថា ពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។ ប្រភពពីសមត្ថកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទៅទទួលពលករវិលត្រឡប់មកស្រុកវិញដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះ សរុបមានចំនួន ២៨២នាក់ ក្នុងនោះ ស្រី ១០៨នាក់ និងក្មេង ៥៨នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ម្នាក់ (ស្រី) ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូរស្រុកសំពៅលូន ។ ដោយឡែកពលករចំនួន ១៦នាក់ ស្រី ០៧នាក់ ក្មេងម្នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងដូសទី២ ចំនួន ២៦៥នាក់ ស្រី ១០០នាក់ និងក្មេង ៥៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

website_news/2022060403.txt · Last modified: 2022/04/06 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki