website_news:2022060502

កម្លាំងការពារបន្ទាត់ព្រំដែនកម្ពុជា ថៃទទួលពលរដ្ឋត្រឡប់មកពីប្រទេសថៃ២២នាក់

http://nokorwatnews.com/ 04/05/2022

ខេត្តបាត់ដំបង ៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជា មេបញ្ជាការបានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ជាកម្លាំងចំណុះ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ជាប្រចាំ។ ការយកចិត្តទុកដាក់ចេញល្បាតតាមព្រំដែននេះ ធ្វើឲ្យនៅថ្ងៃទី៣ខែឧសភាម្សិលមិញនេះកម្លាំង បានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព ឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៤លើក សរុបចំនួន២២នាក់ ក្នុងនោះមាន ស្រី៩នាក់ ក្មេង៦នាក់ ក្មេងស្រី១នាក់ ។

ប្រភពពីមន្ត្រីនគរបាលការពារព្រំដែនក្នុងវរសេនាតូចលេខ ៨១៦ បានឲ្យដឹងថា ក្រោយពីទទទទួលប្រជាពលរដ្ឋទាំង២២នាក់នេះ កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ ពួកគាត់រួចប្រគល់បងប្អូន ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាព និងស្គែនប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩នៅនឹងប៉ុស្តិ៍តែម្តង ។ ជាលទ្ធផលឃើញថាពួកគាត់បានអនុវត្តត្រឹមត្រូវទាំងអស់ ។ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕

website_news/2022060502.txt · Last modified: 2022/05/09 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki