website_news:2022060701

ពលករខ្មែរពីកូរ៉េ ខិតខំក្រេបចំណេះ ជំនាញ និងដើមទុនមកអភិវឌ្ឍប្រទេស

https://www.postkhmer.com/ ហុង រស្មី | Publication date 05 July 2022 | 09:26 ICT

ភ្នំពេញ: ដោយចង់ឱ្យជីវភាពគ្រួសារបានប្រសើរឡើង យុវជន ឆាន គីមម៉េន បានសម្រេចចិត្ដដាក់ពាក្យទៅធ្វើជាពលករនៅស្រុកគេ ដោយឃ្លាតឆ្ងាយពីក្រុមគ្រួសារ រួមទាំងបងប្រុសភ្លោះរបស់លោក។ ក្រៅពីមើលឃើញពីការអាចរកប្រាក់ចំណូលបានច្រើនយុវជនរូបនេះក៏បានសម្លឹងឃើញនូវចំណេះ និងជំនាញពីប្រទេសកូរ៉េ ដែលខ្លួនអាចច្នៃបង្កើតជាអាជីវកម្ម ដើម្បីអភិវឌ្ឍនៅមាតុភូមិកំណើតវិញ។ បច្ចុប្បន្ននេះ លោក គីមម៉េន បានចាប់ដៃគូជាមួយបងប្រុសភ្លោះបង្កើតជាក្រុមហ៊ុនអចលនទ្រព្យ អាណាចក្រ ហេរូមែន ឯ.ក (Anachak Heroman Property Co., Ltd) ដែលមានទុនវិនិយោគខ្ទង់លានដុល្លារ និងបុគ្គលិកជិត ១០០ នាក់។ លោក គីមម៉េន និយាយថា៖ «ខ្ញុំចង់ជួយគ្រួសារឱ្យមានជីវភាពល្អប្រសើរ ដោយសារយើងមិនសូវធូរធារ។ ខ្ញុំក៏សម្រេចចិត្ដវេចសម្ពាយឡើងយន្ដហោះទៅធ្វើពលករនៅកូរ៉េ ដោយសារនៅទីនោះមានប្រាក់ខែច្រើនចន្លោះពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារក្នុង ១ ខែ។ នេះជាការសម្រេចចិត្ដដំបូង គឺទៅធ្វើការដើម្បីទទួលបានប្រាក់ខែច្រើនផ្ញើមកគ្រួសារ»។ យុវជន ជាកូនកសិករមកពីស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដែលខិតខំប្រវេប្រវាស្រវាវិជ្ជារហូតដល់ចប់បរិញ្ញាបត្រផ្នែកច្បាប់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះបន្ដថា៖ «មួយវិញទៀតយើងបានចំណេះជំនាញ និងបទពិសោធពីប្រទេសកូរ៉េមកស្រុកខ្មែរ ដើម្បីបង្កើតដើមទុនប្រកបអាជីវកម្ម»។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជាកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចំនួន ៤៦ ១៩៩ នាក់ ស្រី ១០ ៧២៧ នាក់ ហើយអ្នកដែលបានបញ្ចប់កិច្ចសន្យា និងវិលមកស្រុកវិញមាន ២៦ ៥៩៩ នាក់ ស្រី ៤៧ ៩៦ នាក់។ លោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បងប្អូនដែលត្រឡប់មកវិញភាគច្រើនលើសលប់ មានជីវភាពល្អប្រសើរ មានជំនាញ មានគំនិតសហគ្រិនភាព ដែលអាចធ្វើការ និងបង្កើតមុខរបររកស៊ីដោយខ្លួនឯងបាន»។ «ជំនាញរបស់បងប្អូនមានទីផ្សារ ហើយការងារក៏មានដែរ តែភាគច្រើនបងប្អូនយើងមិនទទួលធ្វើដោយសារបងប្អូនចង់បានកម្រៃច្រើនដូចនៅកូរ៉េ។ ដូច្នេះ បងប្អូនភាគច្រើនសម្រេចចិត្ដប្រកបមុខរបរ និងការងារខ្លួនឯង»។ អតីតគ្រូបង្រៀនភាសាកូរ៉េ និងបុគ្គលិកប៉ុស្ដិ៍វិទ្យុ ៩៩,៥ ខេត្ដក្រចេះ លោក គីមម៉េន បានជិះយន្ដហោះជាលើកដំបូងក្នុងឆាកជីវិតឆ្ពោះទៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១២ និងត្រឡប់មកវិញក្នុងឆ្នាំ ២០១៦ ដោយសារតែផុតអាណត្ដិ។

ដោយមិនទាន់មានគោលដៅច្បាស់លាស់នៅ ១ ឆ្នាំបន្ទាប់ គីមម៉េន បានធ្វើចំណាកស្រុកជាលើកទី ២ ដោយមានរយៈពេលត្រឹមស្ដ្រីពពោះឆ្លងទន្លេ ៩ ខែ ១០ ថ្ងៃប៉ុណ្ណោះ។ នៅ ៤ ឆ្នាំដំបូង លោក គីមម៉េន ធ្វើការងារផ្នែកលក់គ្រឿងសំណង់ ហើយក្នុងអាណត្ដិទី ២ យុវជនរូបនេះបន្ដទៅធ្វើការក្នុងរោងចក្រផលិតរ៉ងឡាន។ ស្ថិតក្នុងចំណោមពលករបញ្ចប់កិច្ចសន្យាទាំងជាង ២ ម៉ឺននាក់ ដោយមើលឃើញឱកាសអាជីវកម្មក្នុងវិស័យអចលនទ្រព្យនៅស្រុកខ្មែរយុវជន គីមម៉េន បានវិលត្រឡប់មកស្រុកវិញជាមួយធនធានមួយចំនួនពីកូរ៉េមកធ្វើការវិនិយោគ ដោយចាប់ដៃជាមួយបងប្រុសភ្លោះក្នុងការបង្កើតក្រុមហ៊ុនអចលនទ្រព្យ ១។

ច្បាស់ណាស់លោក ឡេង ណាវ៉ាត្រា ក៏ជាអតីតពលករបម្រើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់ គឺជាបុគ្គលគំរូ ១ រូបរបស់លោក គីមម៉េន ដែលលោកសម្រេចធ្វើការវិនិយោគលើវិស័យដីឡូត៍ក្នុងស្រុក។ លោក គីមម៉េន អាយុ ៣៤ ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ពេលឃើញគាត់មកប្រកបរបរអចលនទ្រព្យអ៊ីចឹង វាហាក់ដូចជាចាក់ចំបេះដូងខ្ញុំ ដែលជំរុញចិត្ដខ្ញុំឱ្យវិលត្រឡប់មកស្រុកវិញ ដើម្បីបង្កើតអាជីវកម្មមួយដែរ»។ ពេលនោះ លោកបានចាប់ដៃគូជាមួយបងប្រុសភ្លោះ ដែលមានចំណេះដឹងស្រាប់ផ្នែកអចលនទ្រព្យ ដើម្បីបង្កើតជាក្រុមហ៊ុនមួយចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ជាមួយដើមទុន ៥ ម៉ឺនដុល្លារ វិនិយោគផ្នែកអចលនទ្រព្យ បងប្អូនភ្លោះទាំង ២ មានលទ្ធភាពទិញដីត្រឹម ៥ ហិកតា ដើម្បីធ្វើការពុះជាឡូត៍តូចៗលក់នៅក្នុងទឹកដីនៃខេត្ដសៀមរាប។

លោក គីមម៉េន បានអះអាងថា ត្រឹមរយៈពេល ៣ ខែ ទុនវិនិយោគបានកើនរហូតដល់ ៨៤ ម៉ឺនដុល្លារ។ វាពិតជាមិនគួរឱ្យជឿថាមានប្រជាពលរដ្ឋនាំគ្នាសម្រុកមកទិញដីច្រើនមែនទែន។ លោកឱ្យដឹងថា៖ «ដោយសារតែយើងសម្រេចចិត្ដចាកចេញពីការងារនៅកូរ៉េមកមាតុភូមិវិញ ចំពេលវេលាដ៏ត្រឹមត្រូវ។ យើងចាប់ផ្ដើមបោះទុនទឹកប្រាក់ ៨៤ ម៉ឺនដុល្លារនោះបន្ដទៅទៀត ដោយបច្ចុប្បន្ន យើងមានដី ៣ កន្លែង ដែល ២ កន្លែងនៅសៀមរាប និង ១ កន្លែងនៅក្រុងបាវិត»។ បច្ចុប្បន្ន ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យបងប្អូនភ្លោះទាំង ២ មានបុគ្គលិកទាំងអស់ជិត ១០០ នាក់ ហើយបើទោះបីជាស្ថិតក្នុងកូវីដ ដែលលោក គីមម៉េន សារភាពថា ជួបបញ្ហាខ្លះដែរក៏ក្រុមហ៊ុននៅតែអាចរក្សាចំនួនបុគ្គលិកបានដដែល និងបន្ដដំណើរការលក់ដីឡូត៍សន្សឹមៗ។

ជាអតីតពលករចំណាកស្រុករយៈពេល ២ អាណត្ដិដូចគ្នា លោក គង់ សារិទ្ធិ ក៏បានយកចំណេះជំនាញ និងបទពិសោធ ក៏ដូចជាដើមទុនពីញើសឈាមការងារក្នុងឧស្សាហកម្មស្លដែកដ៏គ្រោះថ្នាក់នៅកូរ៉េមកអភិវឌ្ឍជាមុខរបរសិប្បកម្មធ្យូងអនាម័យ ដើម្បីជួយលើកស្ទួយដល់បរិស្ថាន។ យុវជនដែលចាប់ផ្ដើមការងារនៅកូរ៉េដំបូងក្នុងឆ្នាំ ២០០៦ រូបនេះនិយាយថា លោកធ្វើការនៅតាមបណ្ដារោងចក្រជាច្រើន ដូចជា រោងចក្រផ្គុំឡាន រោងចក្រផលិតអំបោះ ដោយសារវាមានប្រាក់ខែខ្ពស់។ លោក សារិទ្ធិ ឱ្យដឹងថា៖ «ដោយសារការងារនៅរោងចក្រឡានដែលស្រុកខ្មែរមិនទាន់មាន អ៊ីចឹងខ្ញុំមិនអាចយកជំនាញនេះមកអនុវត្ដនៅស្រុកខ្មែរបានទេ។ ខ្ញុំមានជំនាញក្នុងវិស័យបង្គុំឡាននេះស្មើនឹងជនជាតិកូរ៉េ និងមានប្រាក់ខែប្រហាក់ប្រហែលជនជាតិកូរ៉េផងដែរ»។ ពេលត្រឡប់មកខ្មែរវិញ លោកចាប់ផ្ដើមអាជីវកម្មដីឡូត៍ ហើយចំពោះគំនិតបើកអាជីវកម្មធ្យូងអនាម័យនេះ ដោយសារលោកមើលឃើញព្រៃឈើក្នុងស្រុកកាន់តែខើច លោកចង់ធ្វើផ្នែកសិប្បកម្មតាមរយៈការកែច្នៃកាកសំណល់ខ្លះដែលជួយលើកស្ទួយដល់បរិស្ថាន។ នេះជាជំហានសាកល្បងដំបូង។ លោកថា សិប្បកម្មផលិតធ្យូងអនាម័យនេះ ទើបចេញដំណើរបានរយៈពេល ១ ខែ ក្នុងដំណាក់កាលស្វែងរកបទពិសោធនៅឡើយ។ នៅពេលដំណើរការល្អ លោកនឹងមានដៃគូសម្រាប់នាំចេញទៅក្រៅប្រទេសថែមទៀត។ ម្ចាស់សិប្បកម្មធ្យូងអនាម័យស្នាដៃកូនខ្មែរ លោក សារិទ្ធិ រស់នៅភូមិទី ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ថ្លែងថា៖ «ខ្ញុំគិតថា ពលករខ្មែរយើងអាចយកជំនាញ និងគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួនមកធ្វើនៅស្រុកខ្មែរបានដោយការទិញម៉ាស៊ីនពីប្រទេសចិន ដូចជា រោងចក្រផលិតមី និងកែវដាក់កាហ្វេ។ អ្នកមានដើមទុន ២ ទៅ ៣ ម៉ឺនដុល្លារអាចធ្វើបាន»។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យអាណាចក្រ ហេរូមែន ឯ.ក នឹងមិនបញ្ចប់ត្រឹមគម្រោងដីឡូត៍ ៣ ទីតាំងនោះទេ ដោយលោកនឹងពង្រីកខ្លួនកសាងបុរី និងខុនដូ នៅក្រុងព្រះសីហនុ ដែលក្រុមហ៊ុនមានដីនៅទីនោះស្រាប់ដែលអាចចេញជារូបរាងនៅក្នុងឆ្នាំ ២០៣០។ ទាំងនេះជាលទ្ធផល ដែលលោក គីមម៉េន ប្រែក្លាយការលំបាកពីពលករទៅជាសហគ្រិនវ័យក្មេង។ លោក គីមម៉េន បានរំឭកអំពីគំនិតអាជីវកម្មនេះ ដោយសារតែការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្រៀនជនជាតិកូរ៉េ ដែលរៀបរាប់អំពីការអភិវឌ្ឍខ្លួនរបស់ប្រជាជនកូរ៉េក្រោយពេលធ្វើជាពលករនៅបរទេស។ លោកបានដកស្រង់សម្ដីគ្រូបង្រៀនរបស់លោកថា៖«ប្រទេសកូរ៉េរីកចម្រើនទៅបានដោយអាស្រ័យលើប្រជាជនគេ។ ប្រជាជនកូរ៉េបានទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីតបានរយៈពេលតែប៉ុន្មានឆ្នាំ ហើយក៏បានសម្រេចចិត្ដមកប្រទេសវិញទាំងអស់ និងនាំយកជំនាញទាំងនោះមកអភិវឌ្ឍប្រទេស។ អ៊ីចឹង ពលករខ្មែរទាំងអស់ដែលធ្វើការនៅកូរ៉េក៏ត្រូវធ្វើបែបនេះដែរ»។ លោកបន្ដថា៖ «គាត់និយាយថា ពេលត្រឡប់ទៅស្រុកវិញ ប្អូនឯងត្រូវខិតខំប្រឹងប្រែងធ្វើជាថៅកែកុំបន្ដធ្វើការឱ្យគេទៀត។ ប្អូនត្រូវយកចំណេះ ជំនាញពីកូរ៉េទៅអភិវឌ្ឍខ្លួនឯងទៅជាថៅកែ។ ប្រាក់ខែនៅកូរ៉េនេះច្រើនហើយ បើប្អូនឯងទៅដាក់ CV ធ្វើការទៀត វាទៅអត់រួចទេ»។ យ៉ាងណាមិញ លោកសារភាពថា ការបង្កើតក្រុមហ៊ុនអចលនទ្រព្យមានការលំបាកច្រើន។ ប៉ុន្ដែដោយសារបងប្អូនភ្លោះមានចំណេះដឹងខាងផ្នែកនេះ ទើបអ្នកទាំង ២ ចាប់ដៃអភិវឌ្ឍក្រុមហ៊ុនបោះជំហានទៅមុខឥតឈប់ឈរ។

លោក គីមម៉េន បន្ថែមថា៖ «ខ្ញុំចង់ចែករំលែកចំណេះ ជំនាញ និងបទពិសោធស្ដីពីអាជីវកម្មអចលនទ្រព្យដល់អ្នកចង់ប្រកបរបរនេះដោយសារមានអ្នកទទួលបរាជ័យជាច្រើន។ ខ្ញុំមានគោលការណ៍ ចំនួន ៥ ចំណុចសម្រាប់ខ្លួនឯង គឺសកម្មភាពត្រឹមត្រូវ ការសម្រេចចិត្ដត្រូវ ការគិតត្រូវការទទួលព័ត៌មានត្រូវ និងការសេពគប់ត្រូវ»។ ជាការតបស្នងដល់សង្គមវិញ លោក គីមម៉េន ក៏បានចូលរួមចំណែកជួយអភិវឌ្ឍសង្គមតាមរយៈការជួយថវិកាដំឡើងអំពូលភ្លើងសូឡាតាមផ្លូវក្នុងស្រុកបន្ទាយស្រី ដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក។ «ខ្ញុំចូលរួមក្នុងការដាក់អំពូលភ្លើងនៅស្រុកបន្ទាយស្រីប្រហែលជិត ១០០ ដើម។ ក្នុងសម័យកូវីដ យើងក៏បានជួយទឹកអាល់កុលដល់ប្រជាពលរដ្ឋតាមខេត្ដមួយចំនួន ក៏ដូចជាសកម្មភាពចែកសៀវភៅតាមសាលារៀននៅតាមតំបន់ដាច់ស្រយាល»។

យ៉ាងណាមិញ មិនសុទ្ធតែពលករមកពីកូរ៉េទាំងអស់បង្កើតមុខរបរដោយជោគជ័យ និងមានផែនការធ្វើអាជីវកម្មគ្រប់ៗគ្នានោះទេ។ លោក សូ សុខន ជាពលករកូរ៉េរយៈពេលជិត ២ អាណត្ដិ ដែលលោកនឹងវិលមកមាតុប្រទេសវិញឆាប់ៗខាងមុខបានបង្ហាញពីភាពស្រពេចស្រពិលចំពោះអនាគតខ្លួន។ លោក សុខន អាយុ ៤២ ឆ្នាំ ដែលបានសន្សំលុយកាក់មួយចំនួនពីការងារជិត ១០ ឆ្នាំមកនេះបាននិយាយថា៖ «ខ្ញុំមិនទាន់ច្បាស់ថា គួរធ្វើអ្វីនៅឡើយទេរហូតមកដល់ពេលនេះ។ ចាំមើលភាពជាក់ស្ដែង»៕

website_news/2022060701.txt · Last modified: 2022/07/06 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki