website_news:2022060702

ប៉ូលិសអឺរ៉ុប ចាប់ខ្លួនក្រុមរត់ពន្ធមនុស្ស ចំនួន១៣០នាក់

https://kbn.news/ July 6, 2022

បរទេស៖ ប៉ូលិសនៅទូទាំងអឺរ៉ុប បានចាប់ខ្លួនជនសង័្សយ ចំនួន១៣០នាក់ ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធ ចំណាកស្រុក តាមអ្វីដែលគេហៅថា ជាប្រតិបត្ដិការអន្តរជាតិដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្លុកលោកសេរីមួយនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ថា ទីភ្នាក់ងារប៉ូលិសអន្ដរជាតិ អឺរ៉ូប៉ូល (Europol) បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ប៉ូលិស នៅទូទាំងអឺរ៉ុប បានចាប់ខ្លួនមនុស្ស ចំនួន១៣០នាក់ ជាប់ពាក់ព័ន្ធនឹងករណីរត់ពន្ធមនុស្ស ។ នៅក្នុងប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិនេះ មានការចូលរួមពីប្រទេសចំនួន២២។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា មនុស្សចំនួន៦នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងដូកខ្លែនស៍ (Dockland) និង តំបន់កាតហ្វដ (Catford) នៃរាជធានីឡុងដ៍។ ដោយឡែក មនុស្សរាប់សិបនាក់ផ្សេងទៀត ក៏បានត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង និង ហូល្លង់ដ៍ ផងដែរ។

ដោយឡែក អាជ្ញាធរយុត្ដិធម៌បារាំង បានបញ្ជាក់ថា ប្រតិបត្ដិការពាសពេញតំបន់អឺរ៉ុបនេះ បានកំណត់គោលដៅ ទៅលើ«អង្គការចាត់តាំងឧក្រិដ្ឋកម្មដ៏ធំ» នៅក្នុងប្លុកនេះ។ ប៉ូលិសអឺរ៉ូប៉ូល បានបញ្ជាក់ថា « នៅក្នុងប្រតិបត្ដិការដ៏ធំ ពាសពេញតំបន់អឺរ៉ុបនេះ មានមន្រ្ដីអនុវត្ដន៍ច្បាប់ ជាង ២២ ៤៨០នាក់ បានចូលរួម ដោយត្រួតពិនិត្យ នៅព្រំដែន តាផ្លូវសមុទ្រ ផ្លូវគោក និង ផ្លូវអាកាសរបស់អឺរ៉ុប។ កាលពីឆ្នាំ២០២១កន្លងមកនេះ មានជនចំណាកស្រុក ជាង ២៨ ០០០នាក់ បានឆ្លងកាត់ច្រកសមុទ្រ ចូលទៅកាន់ទឹកដីរបស់ចក្រភពអង់គ្លេស បើធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ ៨ ៥០០នាក់ប៉ុណ្ណោះ៕

website_news/2022060702.txt · Last modified: 2022/07/06 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki