website_news:2022060903

មន្រ្តីក្រសួងការងារ៖ ក្រុមហ៊ុនកូរ៉េស្នើឱ្យកាត់បន្ថយចំនួនពលករខ្មែរ បន្ទាប់ពីពួកគេសម្រុកចេញពីប្រទេស

https://khmer.voanews.com/a/cambodia-labor-ministry-says-korean-companies-ask-to-reduce-some-workers-after-their-departure-following-a-politician-s-call/6723924.html 31 សីហា 2022

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េបានប្តឹងទៅក្រសួងការងារកូរ៉េ ដោយស្នើឱ្យកាត់បន្ថយចំនួនពលករកម្ពុជា បន្ទាប់ពីពួកគេជាង៤០០នាក់ ដែលធ្វើការនៅកូរ៉េ បានសម្រុកចាកចេញមកកម្ពុជា និងបោះបង់ការងារយ៉ាងតក់ក្រហល់។ ការចាកចេញនេះពាក់ព័ន្ធនឹងការអំពាវនាវរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលថា ទឹកនឹងជន់លិចពិភពលោកទាំងមូល។ មិនមែនមានតែពលករខ្មែរធ្វើការនៅប្រទេសកូរ៉េទេ ពលករខ្មែរធ្វើការនៅប្រទេសជប៉ុន ប្រមាណ១០០នាក់ក៏បានត្រឡប់មកកម្ពុជាយ៉ាងតក់ក្រហល់ផងដែរ។ នេះបើតាមលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ។

លោក ហេង សួរ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ចាប់ពីថ្ងៃទី២៣ដល់២៥ ខែសីហានេះ ពលករខ្មែរធ្វើការនៅកូរ៉េបានសម្រុកចេញមកកម្ពុជា ចំនួនជាង៤០០នាក់ និងពលករខ្មែរចាកចេញពីប្រទេសជប៉ុនមកកម្ពុជាមានប្រហែល១០០នាក់។ លោកបន្ថែមថា ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិត រៀននៅតំបន់កាន់សៃរបស់ប្រទេសជប៉ុន១នាក់ផងដែរ។ អ្នកនាំពាក្យក្រសួងការងាររូបនេះបន្ថែមថា ពលករខ្មែរទាំងនោះ ខ្លះសុំច្បាប់ថៅកែថា ឪពុកម្តាយឈឺធ្ងន់ និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបាន ក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញ។ លោកបញ្ជាក់ថា ការចាកចេញរបស់ពួកគេគឺដោយសារជឿលើ«ការឃោសនាអកុសលបែបអបិយជំនឿ និងមិនសមហេតុផល» របស់លោក ខឹម វាសនា។ លោក ហេង សួរ បន្តថា ការណ៍នេះធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយចំនួនបានប្តឹងទៅក្រសួងការងារកូរ៉េ ដោយស្នើឱ្យកាត់បន្ថយពលកររបស់កម្ពុជា ដែលលោកមិនអាចបញ្ជាក់ថា តើមានចំនួនក្រុមហ៊ុនប៉ុន្មានទេ ដែលបានប្តឹងទៅក្រសួងការងារកូរ៉េ។

អ្នកនាំពាក្យក្រសួងការងារថា ក្រសួងការងារបានជួបដោះស្រាយបញ្ហានេះជាមួយតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HTD Korea) ដោយបានសុំទោសរដ្ឋាភិបាលកូរ៉េ ជាពិសេសនិយោជកកូរ៉េ ដែលរងផលប៉ះពាល់ដោយការចលាចលនេះ។ ក្រសួងក៏សំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ដល់ពលករ និងសិក្ខាកាមរបស់កម្ពុជា ដោយកុំប្តឹង និងពិចារណាទទួលយកពួកគេវិញតាមលទ្ធភាពជាក់ស្តែង។ លោក ហេង សួរ បញ្ជាក់សារជាអក្សរតាមប្រព័ន្ធតេឡេក្រាមថា៖ «គេ [ក្រុមហ៊ុនកូរ៉េ] បានប្តឹងទៅក្រសួងកាងារកូរ៉េ និងបានសំណូមពរឲ្យក្រសួងការងារកូរ៉េកាត់បន្ថយចំនួនពលករយើង។ យើងបានខិតខំសុំការយោគយល់ពីនិយោជកកូរ៉េ ហើយសន្យាថា នឹងអប់រំបងប្អូនយើងបន្ថែម»។ លោក ហេង សួរ ក៏ស្នើទៅពលករដែលធ្វើការនៅក្រៅប្រទេសឱ្យរក្សាភាពស្ងៀមស្ងាត់ និងកុំជឿលើការឃោសនាណាមួយ។ បើតាមលោក ហេង សួរ បច្ចុប្បន្នពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ មានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់។

ទាក់ទងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានស្នើទៅក្រុមហ៊ុនកូរ៉េ ជប៉ុន និងថៃ កុំប្តឹងតាមផ្លូវច្បាប់លើរដ្ឋាភិបាលកម្ពុជា និងពលករដែលរត់ចោលការងារនាពេលថ្មីៗនេះ។ លោកបន្ថែមថាពលករទាំងនោះចាញ់បោកការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។ លោក ហ៊ុន សែន បានស្នើបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហានេះ។ លោក ហ៊ុន សែន ថ្លែងថា៖ «សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹង ទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ។ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀតជាមួយពលករដែលធ្វើកំហុស ដោយសារការចាញ់បោកសម្រាប់ព្រះព្រហ្ម [លោក ខឹម វាសនា តាំងខ្លួនជាព្រះព្រហ្ម] នៅប្រទេសកម្ពុជា»។

វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់ក្រសួងការងារសាធារណៈរដ្ឋកូរ៉េ លោក Park Jihye តាមសារអ៊ីម៉ែលបាននៅឡើយទេ នាថ្ងៃពុធនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនថា ជា«ព្រហ្មរក្សាលោក» និងបានទស្សន៍ទាយថា មានទឹកជំនន់លិចពិភពលោក ដោយថា មានតែដីចម្ការម្រេចរបស់លោកនៅជិតក្បែរជើងភ្នំគូលែន ខេត្តសៀមរាបប៉ុណ្ណោះ ដែលមិនជន់លិច។ អ្នកនយោបាយរូបនោះបានហៅសមាជិករបស់ខ្លួនឱ្យមកផ្តុំគ្នានៅចម្ការនោះដើម្បីរួចផុតពីការជន់លិច ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលោក ទាំងក្នុងស្រុកនិងក្រៅស្រុកនាំគ្នាសម្រុកទៅ និងខ្លះទៀតដែលជាពលករនៅក្រៅប្រទេសបង្ខំចិត្តបោះបង់ចោលការងារនៅក្រៅប្រទេស និងមកប្រទេសកម្ពុជាវិញយ៉ាងតក់ក្រហល់ ដោយសារភ័យខ្លាច។ ការជឿលើការឃោសនារបស់លោក ខឹម វាសនា ក៏នាំឱ្យមានការរិះគន់ផងដែរថា ហេតុអ្វីបានជាប្រជាពលរដ្ឋជឿលើពាក្យសម្តីរបស់អ្នកនយោបាយរូបនោះ។ អ្នកតាមដានសង្គមបានលើកឡើងថា ប្រជាពលរដ្ឋគួរតែពិចារណា មុនជឿស្លុងលើអ្វីមួយ៕

website_news/2022060903.txt · Last modified: 2022/09/06 20:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki