website_news:2022060904

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ៨ខែនេះសមត្ថកិច្ចអន្តរាគមន៍១០៤ករណី សង្គ្រោះ៩៦៨នាក់ ឃាត់ខ្លួន៨២នាក់ ក្នុងនោះមានតែ១៩ករណីប៉ុណ្ណោះ ជាករណីបង្ខាំង និងជំរិតទារប្រាក់

http://fna.asia/b7fec27 2022-09-03 09:52am

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ពោលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យលើបណ្តឹងចំនួន១០៤ករណី ដោយសង្គ្រោះមនុស្ស៩៦៨នាក់ និងឃាត់ខ្លួនជនសង្ស័យ៨២នាក់ ប៉ុន្តែក្នុងនោះមានតែ១៩ករណីប៉ុណ្ណោះ ដែលជាករណីបង្ខាំង និងជំរិតទារប្រាក់។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រយៈពេល៨ខែមកនេះ សមត្ថកិច្ចកម្ពុជា បានទទួលពាក្យបណ្តឹងសរុបចំនួន១២៨ករណី ក្នុងនោះបណ្តឹងតាមរយៈស្ថានទូតចំនួន១០៥ករណី បណ្តឹងតាមរយៈ Hotline ជនបរទេស ១៩ករណី និងបណ្តឹងពីនគរបាលអន្តរជាតិ៤ករណី ដោយឡែកតាមហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស ខេង មានចំនួន៤០ករណីទៀត។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ, ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានើអន្តរាគមន៍ ចំនួន១០៤ករណី សង្គ្រោះជនរងគ្រោះចំនួន៩៦៨នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣៦៥នាក់ វៀតណាម ៣៥៣នាក់ ថៃ១១៩នាក់ ម៉ាឡេស៊ី៤២នាក់ ចិន៣៥នាក់ ប៉ាគីស្ថាន១៤នាក់ ឥណ្ឌា១២នាក់ មីយ៉ាន់ម៉ា១២នាក់ ហ្វីលីពីន១១នាក់ តួកគី២នាក់ អាមេរិក១នាក់ អង់គ្លេស១នាក់ និងកូរ៉េខាងត្បូង១នាក់។ លោកបានបញ្ជាក់ថា ក្នុងចំណោម១០៤ករណី ដែលសមត្ថកិច្ចបានអន្តរាគមន៍ នេះ មានតែ១៩ករណីប៉ុណ្ណោះ ដែលជាករណីបង្ខាំង និងជំរិតទាប្រាក់ ឯក្រៅពីនោះ សមត្ថកិច្ចរកឃើញថាជាករណីប្រឌិដ្ឋដោយសារ វិវាទការងារ ទំនាស់កិច្ចសន្យា, ការរិតត្បិតសេរីភាព, ផ្លាស់ប្តូរកន្លែងធ្វើការងារផ្ទុយពីឆន្ទៈ, ជំពាក់ប្រាក់ក្រុមហ៊ុន ឬគេចវេសមិនសង, មិនពេញចិត្តស្ថានភាពរស់នៅ ស្ថានភាពការងារ និងសាច់ញាតិព្រួយបារម្ភ ហើយប្តឹងសមត្ថកិច្ចឱ្យតាមរកជាដើម។ លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន៨២នាក់វិញ មានជនជាតិចិន៣នាក់ វៀតណាម៤នាក់ ម៉ាឡេស៊ី៣នាក់ និងខ្មែរ២នាក់ផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីពេលថ្មីៗនេះ បានចេញសេចក្តីអំពាវនាវឲ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះផងដែរ។ ពាក់ព័ន្ធនឹងករណីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងនាមសមត្ថកិច្ចកម្ពុជា បានស្នើដល់ស្ថាប័នតុលាការ ចាត់វិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្តល្មើស ហើយសមត្ថកិច្ចបានត្រៀមឯកសារ និងភស្តុតាងដាក់បន្ទុកនានា ដើម្បីផ្តល់ជូនតុលាការ ធ្វើយ៉ាងណាមិនឱ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ៕

website_news/2022060904.txt · Last modified: 2022/09/06 20:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki