website_news:2022060906

លោក នេត សាវឿន ណែនាំដល់មន្ត្រីឱ្យកំណត់គោលដៅ និងគោលការណ៍ដែលត្រូវអនុវត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2022-09-03-0946-240474.html ភ្នំពេញ ប៉ុស្តិ៍ | Publication date 03 September 2022 | 09:46 ICT

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការ បង្កើនការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យកំណត់គោលដៅដែលត្រូវត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាប និងត្រូវកំណត់គោលការណ៍ដែលត្រូវអនុវត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោក នេត សាវឿន បានធ្វើការណែនាំបែបនេះ ក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២ ខែកញ្ញានេះ។ ហ្វេសហ៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិក សមាជិកា នៃគណៈបញ្ជាការដឹកនាំប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ អភិបាលខេត្តកណ្តាល អភិបាលខេត្តព្រះសីហនុ និងអភិបាលរងរាជធានី-ខេត្តទាំង ២៥ ផងដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងវិធានការក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយដាក់ចេញនូវវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈទូទៅ សំដៅធានាបរិយាកាសសន្ដិសុខនៅក្នុងប្រទេស។ កិច្ចប្រជុំនេះ ក៏ដើម្បីដាក់ចេញនូវវិធានការដើម្បីស្រាវជ្រាវរកមូលហេតុ រកដើមចមជាក់ស្ដែង នៃសារព័ត៌មានមួយចំនួន ដែលបានបំពុល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកម្ពុជាផងដែរ។

លោកបន្តថា ជារួមសមាសភាពក្រុមការងារជំនាញថ្នាក់ជាតិ ជាកម្លាំងគាំទ្រផ្នែកបច្ចេកទេស ដោយឡែកអ្នកអនុវត្តជាក់ស្ដែងនៅគណៈបញ្ជាការឯកភាពរាជធានី-ខេត្តជាអ្នកចាត់តាំងអនុវត្តនូវគោលការណ៍ផែនការប្រតិបត្តិការនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា គ្មានកន្លែងណាមួយដែលងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនោះទេ ប៉ុន្ដែយើងមានមុខសញ្ញាដែលងាយរងគ្រោះ ដូចជាស្ដ្រី និងកុមារ ដែលពួកគាត់នៅតាមមូលដ្ឋាន ខ្វះការអប់រំ និងមិនសូវយល់ដឹងអំពីល្បិចកលរបស់ជនល្មើស ដែលលួងលោមពួកគាត់ឱ្យធ្លាក់ចូលក្នុងអន្ទាក់ នៃអំពើជួញដូរនេះ។

ហ្វេសប៊ុកដដែលបញ្ជាក់ថា ទន្ទឹមនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំកិច្ចការមួយចំនួន ដោយត្រូវទី១ កំណត់គោលដៅដែលត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបនិងទី២ កំណត់គោលការណ៍ដែលត្រូវអនុវត្ត។ លោកអគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវគោលការណ៍ត្រួតពិនិត្យគោលដៅជនបរទេស ត្រួតពិនិត្យលិខិតស្នាម ភាពស្របច្បាប់របស់ជនបរទេសដែលស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវដើម្បីរកឱ្យឃើញនូវបទល្មើស និងឈានទៅបើកប្រតិបត្តិការបង្ក្រាប។ សម្រាប់គោលការណ៍ប្រតិបត្តិការរួមមាន គឺត្រូវផ្សព្វផ្សាយអប់រំ ការធ្វើស្វ័យរបាយការណ៍របស់ម្ចាស់អាជីវកម្ម ជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ការត្រួតពិនិត្យ រដ្ឋបាលនិងការអនុវត្តច្បាប់។ បន្ថែមពីនេះ ត្រូវផ្ដល់ការផ្សព្វផ្សាយអប់រំទៅដល់គោលដៅអាជីវកម្ម សេវាកម្មពាក់ព័ន្ធជនបរទេស ធ្វើឱ្យបានទូលំទូលាយ និងឆ្លើយតបព័ត៌មានបំពុលនានា។ ត្រូវអនុវត្តវិធានការជំនាញ ដោយផ្ដោតលើការងារពង្រឹងគ្រប់គ្រងធ្វើរដ្ឋបាលដោយត្រូវចុះទៅកន្លែងណាដែលជាគោលដៅសង្ស័យ និងពង្រឹងការអនុវត្តច្បាប់ផ្ទាល់តែម្ដង នៅពេលរកឃើញបទល្មើសកើតឡើង។ ដោយឡែក សម្រាប់ជនបរទេសណាដែលចូលមកប្រទេសកម្ពុជា ដោយមិនមានច្បាប់ទម្លាប់ ឬលិខិតស្នាមត្រូវចាប់បណ្ដេញចេញ ខណៈជនណាដែលពាក់ព័ន្ធការអូសទាញក្រោយពិនិត្យឃើញមាន ធាតុផ្សំបទល្មើស ច្បាស់លាស់ ករណីជួញដូរ ធ្វើទារុណកម្ម ត្រូវតែអនុវត្តច្បាប់ជាធរមាន៕

website_news/2022060906.txt · Last modified: 2022/09/06 21:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki