website_news:2022061002

ក្រសួងមហាផ្ទៃនៅតែបន្តទទួលបានបណ្ដឹងបន្ថែម ករណីចាប់បង្ខាំងមនុស្ស

https://www.postkhmer.com/national/2022-10-04-1750-241799.html វណ្ណ ស័ក្ដិ | Publication date 04 October 2022 | 17:50 ICT

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានថាត្រឹមរយៈពេល ២ ថ្ងៃចុងក្រោយ គឺពីថ្ងៃទី ២ ដល់ទី ៣ ខែតុលា ក្រសួងមហាផ្ទៃទទួលបានបណ្ដឹងចំនួន ១៨ ដែលប្ដឹងសុំស្វែងរកមនុស្សចំនួន ៥២ នាក់ ជាអ្វីដែលមន្ត្រីសង្គមស៊ីវិលអះអាងថា ជាភ័ស្ដុតាងបង្ហាញថា កម្ពុជានៅតែមានករណីបង្ខាំងមនុស្ស។ លោក ខៀវ សុភ័គ បានឱ្យដឹងថា មនុស្សទាំង ៥២ នាក់ ដែលសាច់ញាតិកំពុងតាមរកនោះសុទ្ធសឹងជាជនបរទេស។ ក្នុងនោះជនជាតិជនជាតិចិនចំនួន ១២ នាក់ ជនជាតិវៀតណាមចំនួន ៣៣ នាក់ និងជនជាតិថៃចំនួន ៧ នាក់។ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវតាមបណ្ដឹងទាំង ១៨ ករណីនេះ។

នាយកអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា ករណីដែលក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងជាហូរហែ ជុំវិញករណីបាត់ខ្លួនមនុស្សនៅកម្ពុជា គឺជាភ័ស្តុតាងបង្ហាញថា នៅតែមានករណីបង្ខាំងមនុស្សកើតឡើងនៅកម្ពុជា បើទោះជាអាជ្ញាធរខិតខំបង្ក្រាបខ្លាំងក្លាយ៉ាងណាក៏ដោយ។ លោក សំអាត បានបញ្ជាក់ថា៖ «តាមពិតទៅរយៈពេលចុងក្រោយនេះអាជ្ញាធរមានការបង្ក្រាបនិងជួយជនបរទេសដែលរងគ្រោះដោយការជួញដូរនានានៅតាមកាស៊ីណូនិងបនល្បែងជាដើម។ ប៉ុន្តែយុទ្ធនាការទាំងអស់មិនទាន់ឆ្លើយតបពេញលេញនៅឡើយ យើងលើកទឹកចិត្តឱ្យខិតខំថែមទៀត។ ខ្ញុំយល់ថា វាមិនមែនជារឿងងាយស្រួលទេក្នុងការបង្ក្រាបករណីទាំងអស់នេះ វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការច្រើនតាំងពីក្នុងស្រុក និងក្រៅប្រទេស»។ ជាមួយគ្នានេះ លោក អំ សំអាត បានស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យមើលលម្អិតលើអ្នករកស៊ីបរទេសដែលវិនិយោគនៅកម្ពុជាឡើងវិញ ដើម្បីធានាឱ្យយុទ្ធនាការប្រឆាំងការជួញដូរមនុស្សមានប្រសិទ្ធភាពខ្ពស់។

កាលពីថ្ងៃទី ២៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ចនិងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងគ្រប់សាសនាឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម។ លោកបញ្ជាក់ថា នេះជាយុទ្ធនាការធំមួយមានគោលដៅជាក់លាក់ដែលរាជរដ្ឋាភិបាលកំពុងធ្វើ និងបន្តធ្វើមិនឱ្យទន់ដៃនោះឡើយ។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា តាំងពីកម្ពុជាអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំរួចមកលោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងចំនួន ៤០២ សំណើប្ដឹងរកមនុស្សសរុបចំនួន៩៧៦ នាក់ ដែលមាន ១១ សញ្ជាតិ។

ដោយឡែកតាមការស្រាវជ្រាវស៊ើបអង្កេតបឋមរបស់សមត្ថកិច្ច គឺមានចំនួន ២២៧ សំណើ។ជាមួយគ្នានោះអាជ្ញាធរបានបិទក្រុមហ៊ុន ៥ ទីតាំង និងផ្អាកអាជីវកម្មព្រមទាំងបន្តស្រាវជ្រាវក្រុមហ៊ុន ៤ ទីតាំងផ្សេងទៀត។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៤៨៥ នាក់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥៣ នាក់៕

website_news/2022061002.txt · Last modified: 2022/10/06 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki