website_news:2022061201

កម្ពុជាមានទីភ្នាក់ងារជ្រើសរើសពលករជាង ១០០ នៅទូទាំងប្រទេស

https://www.kampucheathmey.com/local-news/424277 ថ្ងៃសៅរ៍ ៣ ធ្នូ ២០២២ដោយ Dy Bunnara

លោក យូ ជីតារ៉ា តំណាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះនៅកម្ពុជាមានទីភ្នាក់ងារជ្រើសរើសពលករឯកជនប្រមាណជាង ១០០ ដែលបានចុះបញ្ជីផ្លូវការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៣ធ្នូនេះថា ក្នុងចំណោមទីភ្នាក់ងារពលករជាង១០០ ក្នុងនោះមានជ្រើសរើសពលករទៅធ្វើការនៅប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុង ម៉ាឡេស៊ី និងអារ៉ាប៊ីតសាអូឌីតជាដើម។ ចំណែកប្រទេសកូរ៉េខាងត្បូងវិញជ្រើសរើសតាមរយៈរាជរដ្ឋាភិបាលទេ។ លោកបានបន្តថា បច្ចុប្បន្ននេះសមាគមកំពុងជំរុញឱ្យទីភ្នាក់ងារជ្រើសរើសពលករ ប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដោយខ្លួនឯង ដើម្បីវាយតម្លៃពីសកម្មភាពការងាររបស់ខ្លួនទាំងផ្លូវច្បាប់ ដំណើរការជ្រើសរើស ការគ្រប់គ្រង ការគាំពារនិងការបញ្ជួនពលករនៅក្រៅប្រទេស។ ព្រោះថានៅពេលដែលក្រុមហ៊ុនណាមួយជាប់ក្នុងការវាយតម្លៃល្អនោះ វានឹងជួយធ្វើឱ្យក្រុមហ៊ុនមានកេរ្តិ៍ល្អ ស្អាតស្អំនិងមានតម្លាភាពទាក់ទាញពលករក៏ដូចជាដៃគូក្រុមហ៊ុននៅក្រៅប្រទេសមកទំនាក់ទំនងការងារកាន់តែច្រើនថែមទៀត។ លោកបានបន្តទៀតថា មានទីភ្នាក់ងារប្រមាណ១០ប៉ុណ្ណោះ បានកំពុងចូលរួមអនុវត្តប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ខណៈមានក្រុមហ៊ុនប្រមាណជាង ៩០ទៀតនៅមិនទាន់បានចូលរួមនៅឡើយទេ។

លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានលើកទឹកចិត្តដល់ទីភ្នាក់ងារដែលមិនទាន់បានចូលរួមប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃក្រមសីលធម៌របស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ចូលរួមឱ្យបានគ្រប់ៗគ្នាដើម្បីផ្តល់ទំនុកចិត្តនិងភាពជឿជាក់ក្នុងការជ្រើសរើសពលករនិងបញ្ជួនពលករកាន់តែប្រសើរថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិតទីភ្នាក់ងារជ្រើសរើសពលករនៅពេលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារមានភ្ជាប់រួចហើយនូវកិច្ចសន្យាថានឹងត្រូវធ្វីអ្វីខ្លះ ប៉ុន្តែក្នុងពេលប្រតិបត្តិឬអនុវត្តជាក់ស្តែងត្រូវធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនទៀតរបស់ទីភ្នាក់ងារនីមួយៗ។ លោករដ្ឋមន្ត្រីបានបន្តថា «ទៅមុខថ្ងៃក្រសួងនឹងមិនបណ្តោយឱ្យភ្នាក់ងារជ្រើសរើសពលករធ្វើអ្វីខុសច្បាប់ ឬបំពានទៅលើកិច្ចព្រមព្រៀងឬកិច្ចសន្យា ដែលបានចុះរួចហើយនោះទេ ព្រោះថាបើកាលណាជ្រើសរើសមិនបានត្រឹមត្រូវមិនមានតម្លាភាពទេវាអាចនឹងធ្វើឱ្យធ្លាក់ទៅនឹងការជួញដូរ»។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានរៀបចំកិច្ចព្រមព្រៀងពលករទេសន្តប្រវេសន្តជាលើកដំបូងនៅឆ្នាំ២០០២និង២០២៣ ជាមួយប្រទេសម៉ាឡេស៊ី។ បន្ទាប់មកទៀតប្រទេសថៃដោយផ្តើមពីទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណោះ។ ប៉ន្តែឥឡូវបានកើនឡើងជាង ១០០ ហើយក្នុងចំណោមទីភ្នាក់ងារជាង១០០ មានតែទីភ្នាក់ងារ ២ ទៅ ៣ ប៉ុណ្ណោះបានអនុវត្តមិនបានត្រឹមត្រូវហើយត្រូវក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ ក្រៅពីនេះសុទ្ធតែធ្វើបានល្អហើយសូមលើកទឹកចិត្តឱ្យធ្វើបន្តទៀត។

បើតាមលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានលើកឡើងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥ ០០០នាក់ នៅម៉ាឡេស៊ីមាន ២៣០២៧ នាក់នៅជប៉ុនមាន១១៤៥៣ នាក់ នៅសិង្ហបុរីមាន ៨២១នាក់ នៅចិនហុងកុងមាន ២០២នាក់ និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ៣ ពាន់លានដុល្លារ៕ អត្ថបទ៖ សំអឿន

website_news/2022061201.txt · Last modified: 2022/12/06 09:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki