website_news:2022061205

ពលករខ្មែរមួយចំនួនដាច់ចិត្តដើរសុំទាននៅប្រទេសថៃ

https://www.rfa.org/khmer/news/economy/some-cambodian-workers-became-beggars-in-thailand-12032022044108.html ដោយ ម៉ៅ សុធានី2022.12.03

ពលករខ្មែរមួយចំនួនដែលកំពុងរស់នៅប្រទេសថៃ អ្នកខ្លះដើរកូតទ្រ អ្នកខ្លះនាំកូនតូចអង្គុយនៅទី សាធារណៈ សុំទានដើម្បីដោះស្រាយជីវភាព ព្រោះមេការសំណង់មិនបើកប្រាក់ខែឲ្យពួកគាត់ជាដើម។ មន្ត្រីសង្គមស៊ីវិលថា ពលករខ្មែរនៅក្រៅស្រុក ត្រូវថៅកែ និងមេការកេងប្រវ័ញ្ចកម្លាំងពលកម្មញឹកញាប់ ហើយគ្មានដំណោះស្រាយ គឺបង្ហាញពីភាពខ្សោយ និងខ្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។ ពលករខ្មែរមួយចំនួន សម្រេចចិត្តដើរសុំទាននៅតាមទីសាធារណៈក្នុងប្រទេសថៃ ដើម្បីរកប្រាក់មកចិញ្ចឹមជីវិត។ ពួកគាត់គ្មានប្រាក់ចាយវាយប្រចាំថ្ងៃ កាត់កេរ្តិ៍កាត់ខ្មាស ដើរសុំទានតាមទីប្រជុំជន ទីផ្សារ ចិញ្ចើមថ្នល់ រកប្រាក់ជំនួយពីជនមានចិត្តសប្បុរស ដើម្បីយកមកដោះស្រាយសេដ្ឋកិច្ចគ្រួសារ ដោយសារមេការសំណង់មិនព្រមបើកប្រាក់ឈ្នួលឲ្យពួកគាត់ និងខ្វះប្រាក់ចំណូលជាដើម។

ពលករខ្មែរម្នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម រស់នៅក្នុងប្រទេសថៃជាង៥ឆ្នាំ លោក វេត សាង ចាញ់បោកមេការសំណង់ ដែលជាជនជាតិខ្មែរដូចគ្នា លួងលោមប្រើឲ្យធ្វើការសំណង់អស់ជាច្រើនខែ តែមិនព្រមបើកប្រាក់ខែឲ្យលោក។ លោក វេត សាង ថា ប័ណ្ណការងាររបស់លោកអស់សុពលភាព ទើបលោកមិនហ៊ានប្ដឹងមេការដែលកេងកម្លាំងពលកម្មរបស់លោក។ លោកស្នើសុំស្ថាប័នពាក់ព័ន្ធ ជួយរកការងារឲ្យលោកធ្វើជាប្រចាំនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ដែលពាក់ព័ន្ធវិស័យភ្លេងបុរាណ ដើម្បីបានប្រាក់ខែ ឬក៏ប្រាក់ប្រចាំថ្ងៃ សម្រាប់ចិញ្ចឹមជីវិត ព្រោះលោកកំពុងជួបការលំបាកនៅថៃ ហើយដើរកូតទ្រកំដរជីវិតតាមផ្លូវគេអាណិត គេដាក់ទានគ្រាន់តែសម្រាប់ដោះស្រាយបានមួយគ្រាៗប៉ុណ្ណោះ។ លោក វេត សាង៖ «បានមួយគ្រាៗហ្នឹង នែ!ដោះស្រាយ ថ្លៃបន្ទប់ ថ្លៃហូបចុកប្រចាំថ្ងៃតិចតួច ថ្លៃផ្លូវដែលយើងចងការគេជិះពីខ្មែរមកណា»។

ក្រៅពីពលករខ្មែរម្នាក់នេះ ក៏មានពលករខ្មែរមួយចំនួននាំកូនតូចៗ អង្គុយសុំទាននៅក្បែរផ្សារទំនើប នៅទីប្រជុំជន នៅទីក្រុងដែលមានមនុស្សដើរកកកុញ ភាគច្រើនពួកគាត់ត្រូវថៅកែនាំមកធ្វើការ ហើយមិនបើកប្រាក់ខែឲ្យ។ ពលការិនីម្នាក់ ដែលចិញ្ចឹមកូនបីនាក់ និងម្ដាយចាស់ម្នាក់ កំពុងសុំទាននៅប្រទេសថៃ ឲ្យដឹងថា លោកស្រីបាត់បង់មុខរបរតាំងពីជំងឺកូវីដ-១៩ផ្ទុះជាសាកល គឺលោកស្រីជាអ្នកលក់ស្បែកជើង នៅក្បែរផ្សារមួយនៅជាយក្រុងបាងកក។ លោកស្រីបន្ថែមថា បន្ទាប់ពីគ្មានការងារធ្វើ ហើយត្រឡប់ទៅស្រុកវិញមិនបាន ថែមទាំងជំពាក់បំណុលទៀត គ្មានផ្លូវជ្រើសរើសក៏នាំកូនអង្គុយសុំទាន នៅទីនេះតែម្ដងទៅ។ លោកស្រីមានបំណងចង់បានផ្ទះមួយស្នាក់នៅ ដោយមិនចាំបាច់ជួលគេប្រចាំខែ។ «ចង់បានតែផ្ទះនៅ ហើយសុំឲ្យអាកូនធំហ្នឹង ដែលវារៀន ចង់បានឲ្យតែវាបានការងារធ្វើទៅមិនបាច់មកស្រុកថៃ មានការងារធ្វើទៅវាជួយចិញ្ចឹមយើង»។

ស្រដៀងគ្នានេះដែរ នៅមិនឆ្ងាយពីលោកស្រី ពិសី ក៏មានពលការិនីខ្មែរម្នាក់ទៀត កំពុងអង្គុយសុំទាន លើស្ពានអាកាសក្បែរផ្សារទំនើប គឺលោកស្រី នី នីន ប្រាប់ថា លោកស្រីដើរលក់ប៉េងប៉ោង តែរកចំណូលមិនសូវបាន ក៏ឆ្លៀតនាំកូនតូចមកអង្គុយសុំទាន ដើម្បីបានប្រាក់ខ្លះទៀតទប់ទល់ការចំណាយ។ លោកស្រីបន្តថា លោកស្រីរកប្រាក់បន្ថែមគ្រាន់នឹងគ្រប់ថ្លៃទឹកដោះគោកូន និងថ្លៃបន្ទប់ស្នាក់នៅក្នុងមួយខែជាងមួយពាន់(១.២០០)បាត។ លោកស្រីឲ្យដឹងទៀតថា លោកស្រីមិនបានមកអង្គុយសុំគេរាល់ថ្ងៃទេ ហើយមកអង្គុយតែពីរ បី ម៉ោង ក៏ត្រឡប់ទៅសប់ខ្យល់ប៉េងប៉ោងវិញ ដើម្បីយកទៅលក់។ លោកស្រី នី នីន៖ «តិចទៀតខ្ញុំទៅផ្ទះវិញហើយ ទៅលក់ប៉េងប៉ោងវិញ។ មានគេលក់ច្រើនដែរនៅក្នុងហ្នឹង ហើយខ្ញុំលក់ប៉េងប៉ោងលក់មិនសព្វមុខដូចគេទេ លក់តិចៗហ្នឹង ព្រោះអីបើយើងលក់បន្តិចហ្នឹង យើងលក់មិនឈ្នះគេទេ»។

កាលពីពេលថ្មីៗនេះ សមត្ថកិច្ចអន្តោប្រវេសន៍ថៃ បានចាប់បុរសគមខ្នងម្នាក់ ដែលបានដើរសុំទាននៅតាមផ្សារក្នុងខេត្តឈុនបុរី (Chun Buri) ។ បុរសគមខ្នងនេះគាត់ជាពលករខ្មែរចំណាកស្រុកទាំងគ្រួសារ ប៉ុន្តែពិបាករកការងារធ្វើ ក៏ដើរសុំទាន ហើយត្រូវប៉ូលិសថៃ ឃាត់ខ្លួនដើម្បីស៊ើបសួរនៅថ្ងៃទី៣ ខែកញ្ញា កន្លងទៅ។

ជុំវិញរឿងនេះដែរ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ពលករខ្មែរដែលធ្វើការងារ ហើយត្រូវថៅកែមិនបើកប្រាក់ខែឲ្យ ធ្វើឲ្យពួកគាត់អស់ជម្រើសរហូតដើរសុំទាន យកប្រាក់មកដោះស្រាយជីវភាព ស្ថានទូតខ្មែរនៅប្រទេសថៃត្រូវរកដំណោះស្រាយជូនពួកគាត់។ លោកបន្តថា កម្ពុជាត្រូវបង្កលក្ខណៈងាយស្រួល សម្រាប់ឲ្យពលករចំណាកស្រុកដោយសុវត្ថិភាព ជៀសវាងពួកគាត់ចេញបោកគេ ហើយដើរសុំទាន។ លោក ឌី ថេហូយ៉ា៖ «អ៊ីចឹងហើយបានជាទូទៅយើងទៅប្រទេសថៃ ម៉ាញសិត(mine set) ផ្នត់គំនិតរបស់ថៃហ្នឹង មើលមកយើង ហាក់ដូចជាជាតិសាស្ត្រមួយ ដែលអន់ថយជាងគេ ជាជាតិសាស្ត្រមួយដែលទៅសុំទានគេ ជាជាតិសាស្ត្រមួយដែលអត់មានការងារធ្វើ ចំណាកស្រុកទៅរកការងារស្រុកគេ។ ជាពិសេសគឺយើងឃើញថា មានពលករខ្មែរមួយចំនួនដែរ ដែលទៅរក(ការងារ) ធ្វើម៉េចជៀសពីការងារជាអ្នកសុំទានកន្លែងផ្សេងៗអ៊ីចឹងណា»។

ពលករខ្មែរ ដែលត្រូវមេការសំណង់កេងប្រវ័ញ្ចពលកម្មពួកគាត់ និងគ្មានប្រាក់ចំណូលដាច់ចិត្តមកអង្គុយសុំទាន លើកឡើងថា ពួកគាត់មិនចង់មកអង្គុយសុំគេដូច្នេះទេ ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ច បានបង្ខំឲ្យពួកគាត់មកធ្វើដូច្នេះ។ ពលករខ្មែរចូលមកប្រទេសថៃ ដើម្បីរកការងារធ្វើ តែពួកគាត់ខ្លះធ្វើចំណាកស្រុកទាំងប្រថុយប្រថាន រហូតចេញបោកគេជាច្រើនករណី ដូចជា ប្រើកម្លាំងពលកម្មច្រើនហួសកម្រិត ធ្វើការលើសម៉ោង មិនបើកប្រាក់ខែទៀងទាត់ និងយកទៅលក់លើទូកនេសាទជាដើម។ ពលករខ្មែរ ដែលសុំទានក្នុងប្រទេសថៃ មានប្រមាណម្ភៃ(២០)នាក់។ មន្ត្រីសង្គមស៊ីវិលយល់ថា នៅពេលពលករខ្មែរចំណាកស្រុកជួបការលំបាកហើយចង់មកផ្ទះវិញ រដ្ឋាភិបាលត្រូវជួយសម្រួលឲ្យពួកគាត់បានត្រឡប់មកកម្ពុជាវិញ ព្រោះកន្លងមកពួកគាត់ក៏បានបង់ពន្ធជូនរដ្ឋដែរ ពលករខ្មែរគួរទទួលបានជីវភាពមួយថ្លៃថ្នូរ។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីស្ថានទូតកម្ពុជាផ្នែកទទួលបន្ទុកពលករ និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ កាលថ្ងៃទី២ ខែធ្នូ ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល៕

website_news/2022061205.txt · Last modified: 2022/12/06 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki