website_news:2022070201

ពលករចំណាកស្រុកជាង ១ពាន់នាក់ បានការងារស្របច្បាប់នៅថៃ

https://www.khmertimeskh.com/ ទិត្យ គង់នៅ / Khmer Times February 4, 2022

កម្ពុជានឹងបញ្ជូនពលករចំណាកស្រុកជាង ១.០០០នាក់ ទៅប្រទេសថៃក្នុងខែនេះ ដើម្បីធ្វើការសំណង់ និងនៅរោងចក្រកែច្នៃសាច់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មី (MoU) ។

ប្រធានសមាគមទីភ្នាក់ងារការងារហត្ថពលកម្មកម្ពុជា លោក អន ប៊ុនហាក់ បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃបានប្រកាសថា នឹងបញ្ជូនពលករប្រមាណ ៤០០ នាក់នៅថ្ងៃទី ២១ ខែកុម្ភៈ និង ៤០០ នាក់ទៀតនៅថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីធ្វើការឱ្យក្រុមហ៊ុនអាហារដ៏ធំរបស់ប្រទេសថៃ គឺក្រុមហ៊ុន CP ខណៈក្រុមហ៊ុនខ្លះត្រូវការកម្មករតែ ១០ ឬ ២០ នាក់ប៉ុណ្ណោះ។ លោកថា៖ «យើងបានស្នើសុំទៅភាគីថៃសម្រាប់កម្មករពី ៣000 ទៅ ៣៥00 នាក់ ដែលបានដាក់ពាក្យទៅធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃ ក្នុងឧស្សាហកម្មម្ហូបអាហារ ដូចជាការកែច្នៃសាច់មាន់ និងសាច់ជ្រូក ក៏ដូចជានៅក្នុងការសាងសង់»។ លោកបានបន្ថែមថា មកដល់ពេលនេះ មានតែក្រុមហ៊ុនមួយ ឬពីរប៉ុណ្ណោះដែលបានឆ្លើយតប។

លោកថា ពលករជាង១ពាន់នាក់បានត្រៀមរួចរាល់ ខណៈខ្លះទៀតត្រូវរង់ចាំឯកសារពីភាគីថៃ និងសម្រាប់ទិដ្ឋាការ ទើបអាចកំណត់កាលបរិច្ឆេទចេញទៅធ្វើការនៅប្រទេសថៃបាន។ លោក ប៊ុនហាក់ បញ្ជាក់ថា កម្មករចំនួន ២២០នាក់ ដែលត្រូវបានបញ្ជូនកាលពីថ្ងៃអង្គារ កំពុងធ្វើការនៅក្រុមហ៊ុន Panus Poultry Group Co Ltd ក្នុងខេត្តឈុនបុរី។ ពួកគេម្នាក់ៗនឹងទទួលបានប្រាក់ខែពី ៥00 ទៅ ៧00 ដុល្លារក្នុងមួយខែ។ លោកថា ពលករនៅប្រទេសថៃ នឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងពលករចំណាកស្រុកដទៃទៀត សម្រាប់ការស្នាក់នៅ និងអាហារ ព្រោះពួកគេមានអាទិភាពខ្ពស់បំផុត ដោយសារពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយហានិភ័យនៃការឆ្លងជំងឺកូវិត១៩ របស់ពួកគេទាបណាស់។ លោកថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃបានត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ចាក់វ៉ាក់សាំងកូវិត១៩ពេញលេញ និងធ្វើតេស្តអវិជ្ជមាន ៧២ ម៉ោងមុនពេលមកដល់ ដែលធ្វើឡើងដោយអ្នកឯកទេសដើម្បីបញ្ជាក់លទ្ធផលអវិជ្ជមានកូវិត១៩។

លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលកម្មករទៅដល់ព្រំដែន ពួកគេត្រូវបានធ្វើតេស្ត ហើយប្រសិនបើលទ្ធផលអវិជ្ជមាន ពួកគេនៅតែត្រូវធ្វើតេស្តរយៈពេលប្រាំពីរថ្ងៃ មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចូលរោងចក្រ។ ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល ហើយការចំណាយលើការព្យាបាលទាំងអស់គឺជាបន្ទុករបស់និយោជកថៃ។

កាសែតបាងកកប៉ុស្តិ៍កាលពីសប្តាហ៍មុនបានរាយការណ៍ថារដ្ឋាភិបាលបានចុះហត្ថលេខាលើ MoU ជាមួយប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាកាលពីខែធ្នូឆ្នាំមុន ដើម្បីធានាឱ្យមានតុល្យភាពដ៏ល្អរវាងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវិត១៩ និងឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ពលករចំណាកស្រុក ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការងារលោក Suchart Chomklin បានមានប្រសាសន៍។ លោកបន្តថា ពលករខ្មែរទាំងនេះត្រូវនាំចូលតាមសំណើរបស់និយោជកនៅខេត្តឈុនបុរី និងអយុធ្យា។ សម្រួលដោយ៖ សុ ជាតា

website_news/2022070201.txt · Last modified: 2022/02/07 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki