website_news:2022070203

ក្មេងស្រីខ្មែរ២នាក់បងប្អូន ត្រូវម្តាយបោះបង់ចោលកណ្តាលទីក្រុងបាងកក

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៤ កុម្ភៈ ២០២២ដោយ Kang Tola

ក្មេងស្រីវ័យជាង១០ឆ្នាំ ២នាក់បងប្អូន កំពុងទទូចសុំឲ្យសមត្ថកិច្ចថៃ ជួយបញ្ជូនពួកគេមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានម្តាយបង្កើតបោះបង់ចោល នៅកណ្តាលទីក្រុងបាងកក។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ូលិសថៃបាននាំក្មេងស្រី២នាក់ ដែលជាជនជាតិខ្មែរ កំពុងដើរគ្មានគោលដៅនៅតាមវាលឆ្នេរសមុទ្រផាត់តាយ៉ា ប៉ុន្មានថ្ងៃមកហើយ ដោយមិនមានឃើញឪពុក ម្តាយ ឬបងប្អូនមកជាមួយសោះ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីខ្មែរទាំង២នាក់ ដែលបងឈ្មោះ សុមាលី អាយុ១៥ឆ្នាំ និងប្អូនឈ្មោះ ណាណា អាយុ១២ឆ្នាំ បានរៀបរាប់ថា នាងមានម្តាយ និងប្អូន១នាក់ទៀត ព្រមទាំងបានមករស់នៅ ផាត់តាយ៉ា រយៈពេលជាង២ឆ្នាំ មកហើយ ដោយកាលណោះស្នាក់នៅផ្ទះជួល ហើយម្តាយរបស់នាងបានប្តីជាជនបរទេស។

មួយរយៈក្រោយមកម្តាយនាងបានបែកបាក់គ្នា ដោយប្តីដែលជាជនបរទេសនោះក៏បានត្រឡប់ទៅស្រុកគាត់វិញ និងបានផ្តាច់ជំនួយទាំងអស់ ដែលធ្វើអោយម្តាយ និងពួកនាងត្រូវចាកចេញពីផ្ទះជួល មករស់នៅតាមឆ្នេរសមុទ្រ និងគ្មានគោលដៅ។ នាងសុមាលី បានរៀបរាប់បន្តថា ទីបំផុតនៅចុងខែមករា នេះ ម្តាយនាងបាននាំពួកនាងជិះឡានក្រុងទៅកាន់ទីក្រុងបាងកក ដោយពេលទៅដល់ទីនោះ ម្តាយបានប្រាប់ពួកនាងទាំង២នាក់ថា អោយចាំមួយភ្លែត រួចគាត់ក៏ពរប្អូនដើរចេញទៅបាត់ ដោយមិនឃើញត្រឡប់មកវិញឡើយ រហូតរយៈពេល២ថ្ងៃ ទើបមានតម្រួតមកសួរនាំ។

នៅក្នុងទីក្រុងបាងកក នាងបានសំណូមពរដល់សមត្ថកិច្ចថៃ សុំឲ្យជួយបញ្ជូននាងមកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែដោយសារសមត្ថកិច្ចមិនអាចសម្រេចបាន ទើបពួកនាងសុំអោយបញ្ជូនទៅកាន់ផាត់តាយ៉ា ដោយប៉ូលិសយល់ព្រមដោយបានចេញសោហ៊ុយឡានក្រុង និងប្រាក់កាសមួយចំនួនតូចសម្រាប់ចាយវាយ។ ទីបំផុតនាងបាននាំប្អូនស្រីធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដូចដើមក្រែងបានជួបនឹងអ្នកម្តាយវិញ ប៉ុន្តែអ្វីៗមិនបានដូចបំណងឡើយ។ បច្ចុប្បន្នតម្រួតប្រចាំតំបន់ផាត់តាយ៉ាកំពុងទាក់ទងទៅខាងអន្តោប្រវេសន៍ដើម្បីសម្របសម្រួល និងបានបញ្ជូននាងទៅកាន់ស្រុកកំណើតវិញតាមសំណូមពរ ដោយឡែកម្តាយនាងគឺបាត់ដំណឹងឈឹងតែម្តង៕ សោ និយមរ័ត្ន

website_news/2022070203.txt · Last modified: 2022/02/07 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki