website_news:2022070205

សមត្ថកិច្ចនៅប៉ុស្តិ៍ព្រំដែនអូរអន្លក់ក្នុងស្រុកកំរៀងបានទទួលពលករខ្មែរ ២៨៤ នាក់ ដែលថៃបញ្ជូនមកវិញ

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 04 February 2022 | 15:13 ICT

បាត់ដំបងៈ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនអូរអន្លក់ក្នុងឃុំតាសែន ស្រុកកំរៀង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យនៅថ្ងៃទី ៤ ខែកុម្ភៈបានទទួលពលករខ្មែរចំនួន ២៨៤ នាក់ ដែលថៃបញ្ជូនត្រឡប់មកវិញ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ពលករខ្មែរដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងនោះមានចំនួន ២៨៤ នាក់ (ស្រី ១០៩ នាក់) ក្មេង ៣៨ នាក់ (ក្មេងស្រី ២០ នាក់) ត្រូវបានសមត្ថកិច្ចខ្មែរនៅច្រកព្រំដែនបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ ១៩។ បន្ទាប់ពីសមត្ថកិច្ចបានកត់ឈ្មោះ និងសួរនាំរួចមក ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សជាលទ្ធផល អវិជ្ជមានកូវីដ ១៩ ទាំងអស់។ ក្នុងនោះពលករចំនួន ៥០ នាក់ (ស្រី ២២ នាក់) ក្មេង ០៦ នាក់ (ក្មេងស្រី ០៥ នាក់) ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ក្នុងស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ២៣៤ នាក់ (ស្រី ៨៧ នាក់) ក្មេង ៣២ នាក់ (ក្មេងស្រី ១៥ នាក់) និងក្មេងចាប់ពីអាយុ ០៥ ឆ្នាំដល់ ១៨ ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យចំនួន ១៦ នាក់ (ស្រី ០៩ នាក់) ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2022070205.txt · Last modified: 2022/02/07 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki