website_news:2022070208

ក្នុងចំណោម ៦ ប្រទេស ថៃមានពលករខ្មែរទៅធ្វើការច្រើនជាងគេ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៦ កុម្ភៈ ២០២២ដោយ Dy Bunnara

បច្ចុប្បន្ននេះកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៦ ប្រទេស ហើយក្នុងនោះមានតែប្រទេសថៃមានពលករទៅធ្វើការច្រើនជាងគេ។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ កម្ភៈនេះថា ក្នុងវិបត្តិកូវីដ១៩នេះ មានតែប្រទេសថៃទេ ដែលបានបើកប្រទេសទទួលពលករទៅធ្វើការក្នុងចំណោម ៦ប្រទេស។ចំណែក ៥ ប្រទេសផ្សេងទៀត នៅមិនទាន់បើកព្រំដែនទទួលពលករធ្វើការនៅឡើយទេ។ បើតាមប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ក្នុងចំណោម ៦ ប្រទេសដែលកម្ពជាបញ្ជួនពលករទៅធ្វើការនោះមានតែប្រទេសថៃទេមានពលករធ្វើការច្រើនជាងគេដោយមានប្រមាណ ១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី ហុងកុងនិង ម៉ាឡេស៊ី។ លោក អន ប៊ុនហាក់ បានបញ្ជាក់ថា បើទោះបីជាថៃបើកទទួលពលករក៏ពិតមែន ថៃបានមានអាទិភាពពលករខ្មែរមុនគេដោយសារពលករខ្មែរ ដោយសារបានចាក់វ់ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញឬដូសទី៣និងដូសទី៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ១៩មានកម្រិតទាបបំផុត។

ជាក់ស្តែងកម្ពុជាបានបញ្ជួនពលករ MOU ជាលើកដំបូងចំនួន២២០នាក់កាលពីថ្ងៃទី០១ខែកម្ភៈឆ្នាំ២០២២ ដោយធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ដុល្លារក្នុង១ខែ ហើយក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់អាហារ។ នៅនៅចុងខែនេះកម្ពុជានឹងបញ្ជួនពលករ MOU ចំនួន៨០០នាក់បន្ថែមទៀតទៅធ្វើការនៅថៃនឹងត្រូវបញ្ជួនទៅពីរលើកគឺនៅថ្ងៃទី២១និងថ្ងៃទី២៨ខែកម្ភៈឆ្នាំ២០២២ ដោយទៅធ្វើការនៅក្រុមហ៊ុនស៊ីភីផ្នែកចំណីអាហារដ៏ធំរបស់ថៃ និងបញ្ជួនទៅធ្វើការនៅតាមក្រុមហ៊ុនតូចៗដែលមានតម្រូវការពលករពី១០ឬ២០នាក់ជាបន្តបន្ទាប់ទៀត។

ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតហើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោក អន ប៊ុនហាក់ បានឲ្យដឹងថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់ការចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង៕ សំអឿន

website_news/2022070208.txt · Last modified: 2022/02/07 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki