website_news:2022070302

ក្រសួងការងារ៖ ជប៉ុនសម្រេចអនុញ្ញាតឱ្យកម្មសិក្សាការី-ពលករជំនាញខ្មែរ ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមីនាតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួន

http://freshnewsasia.com/ 2022-03-04 12:52pm

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រដ្ឋាភិបាលជប៉ុន ពេលនេះ បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីមួយចំនួន។ នីតិវិធីនោះដូចខាងក្រោម៖

* ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ៖

១៖ សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតបន្ថែមសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន តាមរយៈប្រព័ន្ធ Entrants, Returnees Follow-up System របស់ប្រទេសជប៉ុន។

២៖ បន្ទាប់មក ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតនេះសម្រាប់កម្មសិក្សាការី-ពលករជំនាញ នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

* កម្មសិក្សាការី-ពលករជំនាញត្រូវ៖

១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ រយៈពេល៧២ម៉ោង មុនចេញដំណើរ។

២៖ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មុនពេលចាកចេញទៅប្រទេសជប៉ុន។

៣៖ ទាញយកកម្មវិធី Covid-19 Contact-Confirming Application ទៅក្នុងទូរស័ព្ទដៃ និងចុះឈ្មោះក្នុងកម្មវិធី មុនពេលចាកចេញទៅប្រទេសជប៉ុន។

៤៖ ផ្ដល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។

៥៖ អនុវត្តវិធានការរបស់រដ្ឋាភិបាលជប៉ុនដូចខាងក្រោម៖

-អ្នកបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយប្រទេសជប៉ុនចំនួន៣ដូស៖ ត្រូវធ្វើចត្តាឡីស័កចំនួន៣ថ្ងៃនៅកន្លែងខ្លួនឯង និងធ្វើតេស្តរកមេរោគកូវីដ១៩នៅថ្ងៃទី៣។

-អ្នកមិនបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយប្រទេសជប៉ុនចំនួន៣ដូស៖ ត្រូវធ្វើចត្តាឡីស័កចំនួន៣ថ្ងៃនៅកន្លែងដែលកំណត់ដោយការិយាល័យចត្តាឡីស័ក មិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងធ្វើតេស្តរកមេរោគកូវីដ១៩នៅថ្ងៃទី៣។

ក្រសួងការងារបានបញ្ជាក់ថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2022070302.txt · Last modified: 2022/03/07 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki