website_news:2022070307

អាស៊ានណាប៉ូលលើកទី៤០ ផ្តោតសំខាន់លើបទល្មើសឆ្លងដែនចំនួន១០ ការជួញដូរគ្រឿងញៀន សកម្មភាពភេវកម្ម ការជួញដូរអាវុធ បទល្មើសពាណិជ្ជកម្មធនាគារ បណ្ណឥណទានក្លែងក្លាយ

https://cen.com.kh/ Posted ByPen Srey NeatMarch 6, 2022

ភ្នំពេញ ៖ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានផ្លាស់ប្តូរនូវសភាពការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឲ្យគ្នា ទៅវិញទៅមក ទាក់ទងនឹងបទល្មើសឆ្លងដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្តោតសំខាន់លើបទល្មើសដែនចំនួន១០ រួមមាន ការជួញដូរគ្រឿងញៀនខុសច្បាប់ សកម្មភាពភេវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសសត្វព្រៃ បទល្មើសផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្មធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើរក្លែងក្លាយ និងបទល្មើសឆ្លងដែន។

សន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីគណៈប្រតិភូជាតំណាងកងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេស/ស្ថាប័នជាដៃគូពិភាក្សាចំនួន០៩ (ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ញូហ្សឺលែន តួគី រុស្ស៊ី Interpol ភ្នាក់ងារឧក្រិដ្ឋកម្មអង់គ្លេស) និងប្រទេស/ស្ថាប័នអ្នកសង្កេតការណ៍ ចំនួន០៤ (បារាំង កាណាដា FBI និងIACP) សរុបប្រមាណ២៥០រូប ។ ពិធីបើកសន្និសីទ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងសន្ទរកថាបើកអង្គសន្និសីទ និងប្រកាសប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។

បន្ទាប់ពីសេចក្តីរាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ របស់ប្រធានប្រតិភូនគរបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមរួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានជ្រើសរើសតែងតាំងជាប្រធាន ដើម្បីដឹកនាំសន្និសីទអាស៊ានណាប៉ូលលើកទី៤០។ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានដំណើរការទៅដោយរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្នុងស្មារតីមិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ អង្គសន្និសីទ បានផ្លាស់ប្តូរនូវសភាពការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក ទាក់ទងនឹងបទល្មើសឆ្លងដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្តោតសំខាន់លើបទល្មើសដែនចំនួន១០ រួមមាន ការជួញដូរគ្រឿងញៀនខុសច្បាប់ សកម្មភាពភេវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសសត្វព្រៃ បទល្មើសផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្មធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើរក្លែងក្លាយ និងបទល្មើសឆ្លងដែន។

អង្គសន្និសីទ ក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកពេលមានគ្រាអាសន្ន ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពកងកម្លាំងនគរបាលក្នុងប្រទេសអាស៊ាន ការបន្តអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ានណាប៉ូល e-ADS 2.0 វិច្ឆ័យនគរបាលអាស៊ាន។ ជាមួយនោះ សន្និសីទក៏បានឯកភាពទទួលយកសំណូមពររបស់ប្រទេសស្ថាប័នចំនួន ០៤ (នគរបាល Bangladesh នាយកដ្ឋានសន្តិសុខសាធារណៈអ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine) ធ្វើជាអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នាលើកិច្ចការមួយចំនួន ទាក់ទងនឹងការរៀបចំពង្រឹងដំណើរការលេខាធិការដ្ឋានអាស៊ានណាប៉ូល។

អង្គសន្និសីទបានបញ្ចប់ដោយការឯកភាព និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលជាផែនទីបង្ហាញផ្លូវដល់កងកម្លាំងនគរបាលប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ចន្លោះពីពេលនេះរហូតដល់សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលបានកំណត់ប្រគល់ជូនក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលរ៉ាប់រ៉ងធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាននៃសន្និសីទនេះ បានលើកឡើងថា សន្និសីទនេះបានបម្រើដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ និងគ្រប់ប្រភេទ ជាពិសេសប្រភេទឧក្រិដ្ឋកម្មថ្មីៗ ក្នុងគោលបំណងរួមចំណែកដោយផ្ទាល់ ដើម្បីធ្វើឲ្យសម្រេចចក្ខុវិស័យរបស់អាស៊ាន ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដែលពិភពលោកកំពុងតែខិតខំរំកិលខ្លួន ចេញពីការគំរាមកំហែងនៃជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា តាមរយៈខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ដែលបានអនុម័ត និងការដាក់ចេញផែនការសកម្មភាពនានា គួបផ្សំជាមួយទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយទស្សនៈសុទិដ្ឋិនិយម រវាងប្រទេសជាសមាជិក និងបណ្ដាតំបន់ផ្សេងៗទៀតនៅលើសកលលោក សង្ឃឹមថា កងកម្លាំងនគរបាលអាស៊ាន នឹងបន្តកសាងស្នាដៃយ៉ាងធំធេង បង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសការបង្កើតនូវបរិយាកាសសុខដុមនីយកម្ម ធ្វើឲ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សុវត្ថិភាព ក្នុងស្មារតីសាមគ្គីភាព ឯកភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022070307.txt · Last modified: 2022/03/07 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki