website_news:2022070401

អាជ្ញាធរខេត្តបន្ទាយមានជ័យកត់សម្គាល់ថាពលករដែលត្រឡប់ពីប្រទេសថៃមានសញ្ញាជំងឺកូវីដ-១៩តិចតួចបំផុត

http://nokorwatnews.com/ 06/04/2022

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែកៀកជិតឈានមកដល់ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកព្រំដែននានាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានការកើនឡើង ដែលថ្ងៃខ្លះកើនដល់ជាង១ពាន់នាក់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការថយចុះ ។

អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី នៅថ្ងៃទី៥ ខែមេសានេះ បានឱ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកវិញតាមច្រកព្រំដែននានានៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តម្រូវឱ្យធ្វើតេស្តសម្រាប់អ្នកដែលមាន អាការៈមិនស្រួលខ្លួន ហើយអ្នកបានចាក់វ៉ាក់សាំងដូសទី២រួចរាល់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ និងអ្នកមិនទាន់ចាក់ត្រូវធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់ ។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កនឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ។ លោកអភិបាលខេត្តបានបន្តថា ការវិលត្រឡប់របស់ពលករខ្មែរចូលតាមច្រកខេត្តបន្ទាយមានជ័យកាលពីដើមឆ្នាំ២០២២ ក្នុងមួយថ្ងៃត្រឹមជាង៤០០ទៅ ៥០០នាក់ ប៉ុន្តែនៅពេលដែលកាន់តែជិតដល់បុណ្យចូលឆ្នាំ គឺកើនក្នុងមួយថ្ងៃប្រមាណ៧០០នាក់ ដែលថ្ងៃខ្លះកើនឡើងរហូតដល់ជាង១០០០នាក់ ហើយក្នុងចំណោមនេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តិចតួចប៉ុណ្ណោះ ហើយបើគិតមកដល់ពេលនេះ គឺមានពលករចំនួនជាង ១ម៉ឺននាក់ហើយដែលបានវិលមកពីប្រទេសថៃ ។ លោកអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តបន្ទាយមានជ័យកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ហើយសម្រាប់ដូសទី៤បានចាក់ជូនមន្ត្រីជួរមុខ ខណៈប្រជាពលរដ្ឋមួយចំនួនក៏បានចាក់ដូសទី៤នេះដែរ ៕

website_news/2022070401.txt · Last modified: 2022/04/08 12:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki