website_news:2022070601

៥ ខែដើមឆ្នាំ កម្ពុជាបញ្ជូនពលករ ១៥ ០០០ នាក់ទៅធ្វើការនៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៤ មិថុនា ២០២២ដោយ Dy Bunnara

រយៈពេល ៥ ខែដើមឆ្នាំ ២០២២ កម្ពុជាបានបញ្ជួនពលករប្រមាណ ១៥.០០០ នាក់ទៅធ្វើការនៅតាម បណ្តារោងចក្រនានានៅប្រទេសថៃ។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី០៤មិថុនានេះថា កម្ពុជាបានចាប់ផ្តើមបញ្ជួនពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែ មករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។ នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនពលករប្រមាណ ១៥.០០០ នាក់ទៅធ្វើការនៅតាមបណ្តារោងចក្រនានានៅប្រទេសថៃ ដោយពួកគាត់ទៅធ្វើផ្នែករោងចក្រចំណីអារហារ សំណង់ សេវាកម្ម និងកសិកម្ម។ លោក អន ប៊ុនហាក់ បានបន្តទៀតថា អាជ្ញាធរថៃលែងតម្រូវឱ្យពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួនដោយស្របច្បាប់ ធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃដូចមុនទៀតហើយ ពោលគឺគ្រាន់តែធ្វើតេស្តរហ័សប៉ុណ្ណោះ ដោយសារប្រទេសកម្ពុជាជាប្រទេសដែលមានហានិភ័យទាបបំផុតពោលត្រូវបានគេចាត់ទុកជាប្រទេសមានឆ្លងមេរោគកូវីដ១៩ តិចតួចបំផុតឬគ្មានឆ្លង។

លោក អន ប៊ុនហាក់ បានបន្ថែមថា ក្នុងករណីពលករធ្វើតេស្តរហ័ស អវិជ្ជមាន នឹងអាចចូលទៅធ្វើការបាននៅតាមរោងចក្រនានាតែម្តង ខណៈកាលពីមុនពលករខ្មែរដែលត្រូវទៅធ្វើការនៅប្រទេសថៃត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពេលធ្វើការទៅដល់ព្រំដែនថៃត្រូវធ្វើតេស្តម្តងទៀត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការ។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។ លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ការលើកលែងការធ្វើ ចត្តាឡីស័កនេះ ជួយកាត់បន្ថយការចំណាយដ៏ធំរបស់និយោជកថៃក្នុងការទទួលយកពលករ ព្រោះថាក្នុងចំណោមពលករម្នាក់ថៅកែថៃត្រូវចំណាយប្រមាណ១ម៉ឺនបាតប្រហាក់ប្រហែល ៣០០ ដុល្លារអាមេរិក និងជួយជំរុញឱ្យនិយោជកថៃបង្កើនចំនួនក្នុងការទទួលយកពលករខ្មែរដោយរំពឹងថានឹងអាចបញ្ជួនទៅក្នុង១ខែពី១ម៉ឺននាក់ទៅ១៥ ០០០នាក់ដូចមុនកំលុងពេលផ្ទុះជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន១.២២០.១៩៧នាក់ដោយធ្វើលើផ្នែកសំណង់កសិកម្ម នេសាទនិងរោងចក្រចំណីអាហារ៕ អត្ថបទ៖ សំអឿន

website_news/2022070601.txt · Last modified: 2022/06/07 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki