website_news:2022070604

ជនជាតិរ៉ូហ៊ីងយ៉ាជិត៦០នាក់ ត្រូវឈ្មួញបោះបង់ចោលនៅលើកោះមួយ

https://kohsantepheapdaily.com.kh/ ០៦ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ១៥:២៤

ថៃ ៖ ប៉ូលីសថៃបានរកឃើញជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥៩នាក់ ដែលត្រូវបានពួកឈ្មួញបោះបង់ចោលនៅលើកោះ Koh Dong របស់ប្រទេសថៃអំឡុងការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសថៃកាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា កន្លងទៅនេះ ។

ឧត្តមសេនីយ៍ទោ Surachet Hakpin បាននិយាយថា ក្នុងចំណោមពួកគេ មានកុមារចំនួន ៥នាក់។ ពួកគេត្រូវបានរកឃើញនៅលើកោះកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ស្ថិតនៅភាគខាងត្បូងខេត្ត Satun។ ជារៀងរាល់ឆ្នាំ ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមរាប់ពាន់នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រថុយជីវិតពួកគេដើម្បីធ្វើដំណើរតាមសមុទ្រថៃដែលមានរយៈពេលវែងនិងថ្លៃដើម្បីទៅកាន់ប្រទេសម៉ាឡេស៊ី។ ប៉ូលីសនិយាយថា ពួកគេត្រូវបានចោទប្រកាន់ពីបទចូលទឹកដីថៃដោយខុសច្បាប់ និងប្រឈមនឹងការបណ្តេញចេញទៅកាន់ប្រទេសមីយ៉ានម៉ាវិញ បន្ទាប់ពីសំណុំរឿងនៅតុលាការ។ លោក Surachet Hakpin និយាយថា «យើងផ្តល់ជំនួយមនុស្សធម៌ដល់ពួកគេ ហើយយើងនឹងធ្វើការស៊ើបអង្កេតដើម្បីដឹងថាតើពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬចូលទឹកដីថៃដោយខុសច្បាប់»។

សេចក្តីប្រកាសរបស់ប៉ូលីសបញ្ជាក់ថា ជនជាតិរ៉ូហ៊ីយ៉ាទាំងនោះទំនងជាអត់ឃ្លានខ្លាំង និងមិនមានអាហារហូបរយៈពេលពី ៣ ទៅ ៥ថ្ងៃ។ ពួកគេបាននិយាយថា ទូករបស់ពួកគេស្ថិតក្នុងចំណោមទូក ៣គ្រឿងដែលមានដឹកមនុស្ស ១៧៨នាក់ ដែលបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ដោយបង់ប្រាក់ប្រហែល ១.១០០ដុល្លារសម្រាប់ថ្លៃធ្វើដំណើរ។ សេចក្តីប្រកាសរបស់ប៉ូលីសថៃបញ្ជាក់ថា ទូក២ដំបូងដែលមានដឹកមនុស្សចំនួន ១១៩នាក់ ត្រូវបានបញ្ឍប់ និងចាប់ខ្លួនដោយអាជ្ញាធរម៉ាឡេស៊ី។ ក្រោយមក នាវិកទូកទី ៣ បានសម្រេចចិត្តបោះបង់ពួកគេចោលនៅលើទូកនៅកោះ Koh Dong ដោយប្រាប់ពួកគេថា ពួកគេបានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ។ សូមបញ្ជាក់ថា ការប្រទះឃើញជនជាតិរ៉ូហ៊ីយ៉ាដែលត្រូវគេបោះបង់ចោលទាំងនេះ កើតឡើង បន្ទាប់ពីសាកស.ពជនជាតិរ៉ូហ៊ីងយ៉ាងចំនួន ១៤នាក់រួមទាំងកុមារផងនោះ ត្រូវបានគេប្រទះឃើញនៅឆ្នេរខ្សាច់កាលពីខែមុន ក្រោយពេលពួកគេព្យាយាមរត់គេចចេញពីមីយ៉ាន់ម៉ា៕ (យោងតាមប្រភព៖ AFP/)

website_news/2022070604.txt · Last modified: 2022/06/07 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki