website_news:2022070702

ករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កំពុងត្រូវបានយកចិត្តទុកនៅកម្ពុជា

https://www.postkhmer.com/ ឡាយ សាមាន | Publication date 06 July 2022 | 09:47 ICT

ភ្នំពេញៈ នៅក្នុងយុគសម័យឌីជីថល មនុស្សនៅលើពិភពលោក រួមទាំងកម្ពុជាផង បានងាកមកប្រើប្រាស់អ៊ីនធឺណិតដើម្បីទាញអត្ថប្រយោជន៍ក្នុងការសិក្សា ការប្រាស្រ័យទំនាក់ទំនងក្នុងសង្គម និងសម្រាប់កម្សាន្តជាដើម។ ទន្ទឹមនេះដែរ កុមារនិងយុវជនគឺជាអ្នកប្រើប្រាស់អ៊ីនធឺណិតយ៉ាងសកម្ម ជាពិសេសលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ យ៉ាងណាមិញ ទោះបីការប្រើប្រាស់មានការកើនឡើងក៏ដោយ ប៉ុន្តែអក្ខរកម្ម និងជំនាញឌីជីថលរបស់កុមារ និងមាតានៅមានកម្រិតនៅឡើយដែលអាចជាហេតុធ្វើឱ្យកុមារប្រឈមនឹងហានិភ័យ នៃការរំលោភបំពាន និងការកេងប្រវ័ញផ្លូវភេទតាមអ៊ីនធឺណិត។ យោងតាមស្ថិតិរបស់មជ្ឈមមណ្ឌលជាតិនៃកុមារបាត់ខ្លួន និងការប្រវ័ញ្ចរបស់សហរដ្ឋអាមេរិកឱ្យដឹងថា ករណីនៃការរាយការណ៍ពីការរំលោភបំពានផ្លូវភេទចំពោះកុមារលើបណ្តាញអ៊ីនធឺណិតឆ្នាំ ២០២១ បានកើនឡើងប្រមាណ ៣៥ ភាគរយ ខ្ពស់ជាង ២០២០ គឺកើនពីចំនួន ២០ លានករណីទៅប្រមាណ ២៩ លានករណី។ រីឯរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាបានឱ្យដឹងថាករណីនេះបានកើតមាននៅក្នុងប្រទេសកម្ពុជាចំនួនប្រមាណ ៤០ ម៉ឺនករណី គឺការកើនលើស ២០២០ ជាងទ្វេដង។ ដើម្បីចូលរួមទប់ស្កាត់និងធានាដល់កុមារទទួលបានការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងទទួលអត្ថប្រយោជន៍នៅលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយយអង្គការយូនីសេហ្វចាប់ផ្តើមអនុវត្តគម្រោងស្តីពី“ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២។

អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក នាង ម៉ៅ បានថ្លែងថា គម្រោងនេះមានគោលដៅសំខាន់ៗចំនួន៣ ទី១- រៀបចំនិងដាក់ចេញនូវសេចក្ដីណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញស្របតាមស្តង់ដាអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត និងវិធីសាស្ត្រការពារកុមារពីហានិភ័យនានា ដែលអាចកើតមានលើ បណ្តាញ អ៊ីនធឺណិត។ ទី២- រៀបចំកិច្ចបណ្តុះបណ្តាលដល់ក្រុមហ៊ុនបច្ចេកវិទ្យាលើកិច្ចការពារកុមារនិងវិធីសាស្ត្ររាយការណ៍អំពីករណីគ្រោះថ្នាក់ដែលបានកើតឡើង និងទី៣- រៀបចំវេទិការបច្ចេកវិទ្យាអាស៊ានស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ដែលនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាប្រឈមថ្នាក់តំបន់លើបញ្ហានេះ។ លោកបន្តថា ការដាក់ចេញនូវគម្រោងនេះ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាខណៈការរំលោភបំពានកុមារតាមរយៈផ្ញើរូបភាពអាសអាភាស នៅតាមប្រព័ន្ធអនឡាញកើនឡើងយ៉ាងច្រើនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកុមារបានផ្លាស់ប្ដូរជាច្រើនក្នុងរបៀបរបបរស់នៅនិងការសិក្សារបស់ពួកគេនៅកម្ពុជា។

លោក Benjamn Wildfire ប្រធានកម្មវិធីកិច្ចគាំពារកុមារនៃអង្គការ UNICEF ប្រចាំកម្ពុជា បានថ្លែងថា យោងទៅលើការវិភាគស្ថានភាពរបស់កុមារស្តីពី“ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត” (OCSE) ឆ្នាំ ២០២២ដែលបានសាកសួរកុមារកម្ពុជាអំពីបទពិសោធរបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញថា ៦០ ភាគរយ នៃកុមារដែលត្រូវបានសាកសួរបានដឹងពីហានិភ័យនានាស្តីពីការកេងប្រវ័ញផ្លូវភេទនៅពេលដែលពួកគេប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិតដែលមានដូចជា ការល្បួងឬការបង្វិតបង្ខំឱ្យបង្កើតនិងចែករំលែកមាតិកានានាដែលពាក់ព័ន្ធលើការបំពានផ្លូវភេទកុមារ។ លោកបន្តថា ទន្ទឹមនោះដែរក៏បានសង្កេតឃើញថាហានិភ័យទាំងនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩ ដោយសារសាលានៅប្រទេសកម្ពុជា បានប្រើប្រាស់ទម្រង់នៃការរៀនសូត្រតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេល ១៨ ខែដែលជាហេតុផលមួយបណ្តាលឱ្យកុមារចំណាយពេលលើប្រព័ន្ធអ៊ីនធឺណិតជាងពេលណាៗទាំងអស់សម្រាប់ការសិក្សា ការទាក់ទងសង្គមនិងការកម្សាន្តនៅលើប្រព័ន្ធអ៊ីនធឺណិត។ លោកបន្តថា ក្នុងបរិបទនេះ ការធានាកុមារអាចទទួលបានអត្ថប្រយោជន៍ទាំងអស់នៅលើប្រព័ន្ធអនឡាញគឺជារឿងសំខាន់បំផុតដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នា។ លោកបានបញ្ជាក់ថា៖ «យូនីសេហ្វក្នុងនាមជាអង្គការមួយបានផ្អែកលើសកម្មភាពរបស់ខ្លួនលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកុមារយើងជឿជាក់លើរដ្ឋាភិបាលកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការណែនាំនិងជំរុញសហគមន៍ធុរកិច្ចនិងរាល់សកម្មភាពរបស់ពួកគេឱ្យគោរពខ្ជាប់ខ្ជួននូវសិទ្ធិកុមារដូចដែលមានចែងនៅក្នុងសិទ្ធិសញ្ញា»។

យុវតី ឡាង សុខលាង បានលើកឡើងថា សព្វថ្ងៃរូបនាងប្រើអ៊ីនធឺណិតចន្លោះពី ៨ ទៅ ១២ ម៉ោង ដែលប្រើទៅលើកិច្ចការស្រាវជ្រាវបង្កើនចំណេះដឹងថ្មីៗនិងស្វែងយល់ពីបញ្ហាសុខភាព។

សុខ លាង បន្តថា ស្របពេលជាមួយគ្នានោះ រូបនាងក៏ធ្លាប់បានជួបបញ្ហាមួយដោយមានមនុស្សមិនស្គាល់មុខ បានផ្ញើរូបភាពមិនសមរម្យមកកាន់នាងដែលធ្វើឱ្យនាងមានអារម្មណ៍តក់ស្លុតនិងភ័យជាខ្លាំងពេលនោះ។ សុខ លាង រៀបរាប់ថា៖ «ចាប់ពីពេលនោះមកខ្ញុំមិនបានប្រើអ៊ីនធឺណិតរយៈពេល ១ ខែពេញ ព្រោះតែមានភាពភ័យខ្លាចថាមានជនមិនស្គាល់មុខផ្ញើរូបមិនសមរម្យមកម្តងទៀត សម្រាប់ខ្ញុំក្នុងនាមជាយុវតីសំណូមពរទៅដល់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័ននានាជួយរកវិធានការទប់ស្កាត់ពីហានិភ័យចំពោះកុមារដូចជាការរំលោភបំពានកុមារ ដែលអាចបង្កដល់គ្រោះថ្នាក់»។

អាណាព្យាបាលមួយរូបសុំមិនបញ្ចេញឈ្មោះបានថ្លែងថា៖ «ខ្ញុំមានការបារម្ភជាខ្លាំងចំពោះក្មេងប្រើទូរស័ព្ទដៃ ដែលអាចប៉ះពាល់ដល់ការសិក្សារបស់គាត់ ព្រោះគាត់លេងហ្គេម ជាពិសេសបច្ចុប្បន្នលេង TikTok ហើយគាត់ក្មេងងាយចាញ់បោកគេតាមរយៈការអូសទាញតាមអនឡាញ»។ ជាមួយគ្នានេះដែរ លោកសំណូមពរដល់ក្រុមហ៊ុនអ៊ីនធឺណិតក៏ដូចជា ក្រសួងប្រៃសណីយ៍ ប្រសិនបើអាច ត្រូវរកដំណោះស្រាយនានាដើម្បីឱ្យកុមារលេងអ៊ីនធឺណិតដោយមានសុវត្ថិភាព។ អ្នកស្រី ង៉ែត ម៉ៅ រស់នៅរាជធានីភ្នំពេញ ដែលចិញ្ចឹមចៅចំនួន ២ នាក់ ក្នុងនោះកុមារីអាយុ ៥ឆ្នាំ និងកុមាអាយុ ៤ ឆ្នាំបានថ្លែងថា អ្នកស្រីក៏ព្រួយបារម្ភដែរចំពោះផលប៉ះពាល់ដល់ចៅៗនាពេលអនាគតដោយសារ ១ ថ្ងៃៗចៅចូលចិត្តមើល Ipaid នៅលើអនឡាញ។ អ្នកស្រីបញ្ជាក់ថា៖ «ចៅៗ ២ នាក់ សុទ្ធតែមាន Ipaid ម្នាក់មួយ ហើយឱ្យតែភ្ញាក់ឡើងរកតែ Ipaid ទេ បើមិនឱ្យយំរហូត មើលពីព្រឹកដល់ថ្ងៃ ហើយបើយើងដកចេញវាយំ អ៊ីចឹងមានតែបណ្តោយសិន»។ អ្នកស្រីបន្តថា ចៅៗភាគច្រើនមើល TikTok និង Youtube ចំណែកហ្វេសប៊ុកមិនសូវមើលនោះទេ។

ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ប្រចាំកម្ពុជា និងឡាវ កញ្ញា Kyu Kyu Thein TikTok បានឱ្យដឹងថា ក្រុមហ៊ុននេះមានគោលនយោបាយដើម្បីការពារកុមារនៅតាមបណ្តាញ TikTok ក្នុងនោះអ្នកមានអាយុក្រោម ១៣ ឆ្នាំ មិនអាចដោនឡូត App TikTok បានទេ។ កញ្ញាបានបន្តថា ក្រៅពីនេះក្រុមហ៊ុនក៏មានគោលនយោបាយប្រឆាំងនឹងមាតិកាណា ដែលប៉ះពាល់ដល់កុមារនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។ កញ្ញាថា៖ «គ្រាន់តែ៣ខែចុងក្រោយនេះ យើងបានលុបវីដេអូជាង ៨៥ លានវីដេអូ ដែលបានបំពានគោលការណ៍ណែនាំសហគមន៍ ហើយ ៤៥ ភាគរយ នៃវីដេអូដែលបានដកចេញគឺការបំពានគោលការណ៍កុមារ»។ បើតាមកញ្ញា ករណីនេះក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋាភិបាល ភាគីពាក់ព័ន្ធ និងអ្នកជំនាញដើម្បីចែករំលែកពីមាតិកា ដោយប្រាកដថាគ្រប់វីដេអូដែលបង្ហោះទៅ មិនប៉ះពាល់ដល់កុមារ ។

តំណាងក្រុមហ៊ុនបច្ចេកវិទ្យាឯកជនលោក សួន សំណាង បានថ្លែងថា៖ «សម្រាប់ក្រុមហ៊ុនរបស់លោកមិនមានសមត្ថកិច្ចក្នុងការដោះស្រាយលើបញ្ហារំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញទេ ប៉ុន្តែក្រុមហ៊ុននឹង

ចូលរួមចែករំលែកចំណេះដឹងនិងផលិតមាតិកាដើម្បីបញ្ច្រាបការយល់ដឹងជាសាធារណៈទៅដល់កុមារ និងអាណាព្យាបាល តាមរយៈគេហទំព័ររបស់ខ្លួន»។ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារលោកស្រី សម្បត្តិ សុគន្ធា បានថ្លែងថា លោកស្រីពិតជាមានមោទនភាពដោយសាររឿងកុមារនេះមានក្រសួង និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធបានធ្វើសកម្មភាពទប់ស្កាត់ ហើយឥឡូវនេះក៏មានការចូលរួមពីវិស័យឯកជនថែមទៀតផង។ លោកស្រីបន្តថា ប្រព័ន្ធការពារកុមារលើបណ្តាញអ៊ីនធឺណិតដែលមានប្រសិទ្ធភាព គឺជាកិច្ចសហការរវាងតួអង្គពាក់ព័ន្ធសំខាន់ៗ រួមមាន ទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ច្បាប់និងបទដ្ឋានគតិយុត្តនានា អាជ្ញាធរអនុវត្តច្បាប់ គ្រូបង្រៀន ឪពុកម្តាយ អាណាព្យាបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនដើម្បីជួយគាំទ្រដល់ការអនុវត្តការងារទៅវិញទៅមក។

អនុប្រធានទូទៅនិងជាប្រធានការិយាល័យនគរបាលអន្តរជាតិលោក កោត កុលកុមារ បានថ្លែងដែរថា ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះវាមានផលចំណេញផងនិងផលវិបាកផង ក៏ប៉ុន្តែដោយខ្វះការយកចិត្តទុកដាក់ឬខ្វះនូវការអប់រំបន្ថែមពាក់ព័ន្ធបច្ចេកវិទ្យាធ្វើឱ្យកុមារមួយចំនួនធ្លាក់ទៅក្នុងការកេងវ័ញផ្លូវភេទតាមអនឡាញ។ លោកបន្តថា ក្នុងការស្រាវជ្រាវស៊ើបអង្កេតជនខិលខូចដែលព្យាយាមកេងប្រវ័ញផ្លូវភេទកុមារតាមអនឡាញកន្លងមកគឺជួបប្រឈមដោយសារមានការឆ្លើយតបមកសមត្ថកិច្ចយឺតហើយការឆ្លើយរបស់ជនរងគ្រោះនៅមានកម្រិត ទើបធ្វើឱ្យការស៊ើបអង្កេតចំណាយពេលវេលាយូរ ។ នៅប្រទេសកម្ពុជា កិច្ចពិគ្រោះយោបល់ជាមួយយុវជននិងកុមារដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២០ ដោយអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជាបានរកឃើញថា ១៥ ភាគរយនៃកុមារដែលចូលរួមកិច្ចពិគ្រោះយោបល់បានរាយការណ៍ ថា ពួកគេធ្លាប់មានមនុស្សមិនស្គាល់មុខទាក់ទងមកតាមបណ្តាញសង្គម។ក្នុងនោះកុមារចំនួន ២ ភាគរយ ទៀតបានរៀបរាប់ថា ពួកគេធ្លាប់ត្រូវបានគេស្នើសុំឱ្យចែករំលែករូបភាព សកម្មភាពមិនសមរម្យនិងរូបភាពបែបស្និទ្ធស្នាលនៅចំពោះមុខកាមេរ៉ាដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត៕

website_news/2022070702.txt · Last modified: 2022/07/07 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki