website_news:2022070902

ចិនឃាត់ខ្លួនមនុស្ស ២០,០០០ នាក់ ដែលមានបំណងលួចទៅក្រៅប្រទេសដោយខុសច្បាប់ ដើម្បីប្រព្រឹត្តការក្លែងបន្លំទូរគមនាគមន៍ និងតាមអ៊ីនធឺណិត

https://www.khmertimeskh.com/501144447/p=1144447 Khmer Times September 4, 2022

ដោយសារការបោកប្រាស់តាមទូរគមនាគមន៍ឆ្លងព្រំដែន និងតាមអ៊ីនធឺណិតនៅតែជាបញ្ហា សមាជិកសភាចិនកំពុងអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាព ដោយបង្កើតសេចក្តីព្រាងច្បាប់ដោះស្រាយបញ្ហានេះឱ្យកាន់តែជាក់លាក់។ លោក Wang Jiaocheng សមាជិកម្នាក់នៃគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជាតិដែលជាអង្គនីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន បានមានប្រសាសន៍ថា “វាចាំបាច់ណាស់ក្នុងការបញ្ជាក់ពីរបៀបដែលអាជ្ញាធរ ដូចជាក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេសអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមទូរគមនាគមន៍ និងតាមអ៊ីនធឺណិត ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នាកាន់តែមានការអនុវត្តជាក់ស្តែង” ។ លោកបានចូលរួមជាមួយសមាជិកសភាជាតិដទៃទៀតក្នុងការពិនិត្យសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃពុធ។ សេចក្តីព្រាងច្បាប់នេះត្រូវបានដាក់ជូនសម្រាប់ការពិនិត្យជាលើកទីបីទៅកាន់សម័យប្រជុំបន្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិ នៅថ្ងៃអង្គារ។ នៅក្នុងប្រទេសចិន សេចក្តីព្រាងច្បាប់ជាទូទៅនឹងក្លាយទៅជាច្បាប់មួយ បន្ទាប់ពីវាត្រូវបានពិនិត្យចំនួនបីលើក។ សេចក្តីព្រាងច្បាប់នេះចែងថា ទីភ្នាក់ងាររដ្ឋាភិបាលចិនគួរតែបង្កើនកិច្ចសហប្រតិបត្តិការផ្នែកតុលាការជាមួយប្រទេស និងតំបន់ពាក់ព័ន្ធ ដោយបង្កើតយន្តការដ៏មានប្រសិទ្ធភាពដើម្បីរួមគ្នាលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមទូរគមនាគមន៍និងតាមអ៊ីនធឺណិត។

លោក Wang បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ “ដោយសារតែអ្នកបោកប្រាស់ជាច្រើនមកពីប្រទេសផ្សេងទៀត រួមទាំងហ្វីលីពីន កម្ពុជា និងតួកគី ត្រូវបានគេរកឃើញថាបានបោកប្រាស់ប្រជាជនចិន”។ ប៉ុន្តែបទប្បញ្ញត្តិនេះគឺមានលក្ខណៈទូទៅពេក ដែលមានន័យថា វានឹងមិនដើរតួនាទីខ្លាំងក្នុងកិច្ចសហប្រតិបត្តិការនាពេលអនាគតទេ ខណៈលោកបានអំពាវនាវឱ្យសភាជាន់ខ្ពស់បញ្ជាក់បន្ថែមនូវភារកិច្ចរបស់នាយកដ្ឋានរដ្ឋាភិបាលនៅក្នុងសេចក្តីព្រាងច្បាប់នេះ។ លោកបានស្នើថា ជាឧទាហរណ៍ “វានឹងជាការប្រសើរក្នុងការនិយាយនៅក្នុងសេចក្តីព្រាងច្បាប់ថា មន្រ្តីនគរបាល និងអ្នកដែលធ្វើការឱ្យក្រសួងការបរទេសគួរតែរៀបចំយន្តការការងារឱ្យទាន់ពេលវេលាជាមួយប្រទេស និងតំបន់ពាក់ព័ន្ធ ដោយបង្កើត និងកែលម្អគោលនយោបាយជំនួយទៅវិញទៅមក និងវិធានការណ៍ក្នុងការអនុវត្តច្បាប់» ។

លោក Li Wei សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិ បានលើកឡើងពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីដោះស្រាយការបោកប្រាស់ ដោយបានបន្ថែមថា “កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិគួរតែត្រូវបានបន្ថែមនៅក្នុងសេចក្តីព្រាងច្បាប់នេះផងដែរ” ។

បន្ថែមពីលើភ្នាក់ងាររដ្ឋាភិបាល លោក Chen Fuli ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិ បានមានប្រសាសន៍ថា ព្រះរាជអាជ្ញា និងតុលាការគួរតែត្រូវបានបញ្ចូលទៅក្នុងក្រុមសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងការបោកប្រាស់។ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមទូរគមនាគមន៍ និងតាមអ៊ីនធឺណិតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសករណីឆ្លងព្រំដែន។ ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីខែមិថុនាថា នៅមានក្រុមឧក្រិដ្ឋជនមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន អេមីរ៉ាត់អារ៉ាប់រួម ភាគខាងជើងមីយ៉ាន់ម៉ា តួគី និងប្រទេស និងតំបន់ផ្សេងទៀត កំពុងប្រព្រឹត្តការបោកប្រាស់ សំដៅលើប្រជាជនចិន។ ក្រសួងបានបន្ថែមថា មនុស្សប្រហែល ២០,០០០ នាក់ ដែលមានបំណងលួចទៅក្រៅប្រទេសដោយខុសច្បាប់ ដើម្បីធ្វើសកម្មភាពបោកប្រាស់តាមទូរគមនាគមន៍ និងតាមអ៊ីនធឺណិត ត្រូវបានបញ្ឈប់ដោយនគរបាលចិន ចាប់ពីខែឧសភាដល់ខែតុលាឆ្នាំមុន។ China Daily

website_news/2022070902.txt · Last modified: 2022/09/07 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki