website_news:2022070904

ជនបរទេសត្រូវបានល្បួងដោយសន្យាអោយការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែការជួញដូរសរីរាង្គហាក់ដូចជាមិនមាននោះទេ

https://www.khmertimeskh.com/501144534//?p=114453 Khmer Times September 4, 2022

អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួន ៦០ នាក់ និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ៨៦៥ នាក់ពីក្រុមជួញដូរមនុស្សដែលជាជនបរទេស។ កាលពីសប្តាហ៍មុន បុរសជនជាតិចិន៩នាក់ និងបុរសខ្មែរ២នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការ និងលក់ស្ត្រីជាជនរងគ្រោះឱ្យអ្នកទិញផ្សេងៗគ្នា។ ក្រៅពីនេះ ជនជាតិវៀតណាម ៦០០នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញដែរ។ ប្រទេសថៃបានបញ្ជូនមនុស្សជិត ២,០០០នាក់ទៅប្រទេសវិញ ខណៈដែលប្រទេសឥណ្ឌូនេស៊ីបានបញ្ជូនជនជាតិរបស់ពួកគេជាង ២០០ នាក់ទៅប្រទេសវិញ ហើយការបង្ក្រាបយ៉ាងខ្លាំងក្លារបស់ពួកគេលើទីកន្លែងជ្រើសរើសបុគ្គលិកសម្រាប់ក្រុមអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតបានជួយទប់ស្កាត់ជនជាតិរបស់ពួកគេជាង៦០០ នាក់មកកម្ពុជាតាមជើងហោះហើរដោយគិតថានឹងទទួលបានការងារដែលមានប្រាក់ខែច្រើន។ ការងារដែលមានប្រាក់ខែខ្ពស់ទាំងនេះ គ្មានអ្វីក្រៅពីការបោកប្រាស់ ឬការងារដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ការបោកប្រាស់តាមអ៊ីនធឺណិត ដែលខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

នគរបាលហុងកុងបានចាប់ខ្លួនមនុស្សប្រុសស្រី៥នាក់ដែលត្រូវបានគេសង្ស័យថាជាសមាជិកសំខាន់នៃក្រុមជួញដូរមនុស្សនៅហុងកុងកាលពីថ្ងៃទី២៥ សីហា។ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកាលពីថ្ងៃទី២៦ ខែសីហា លេខាធិការសន្តិសុខលោក Chris Tang Ping-keung បានការពារការចោទប្រកាន់របស់អ្នកជំនាញដែលគិតថា កងកម្លាំងនគរបាលហុងកុងមិនបានសហការឲ្យបានដិតដល់ជាមួយអ្នកអនុវត្តច្បាប់កម្ពុជា ឬទប់ស្កាត់ការជួញដូរមនុស្សនៅហុងកុង។ លោក Tang បាននិយាយថា “ហុងកុងមិនដែលជាទីកន្លែងចាប់ផ្តើម ឬជាកន្លែងឆ្លងកាត់ ឬជាគោលដៅសម្រាប់ការជួញដូរមនុស្សនោះទេ។ យើងមានបទប្បញ្ញត្តិផ្លូវច្បាប់ជាង៥០ ផ្សេងៗគ្នា ដែលអាចដោះស្រាយស្ថានការណ៍ទាក់ទងនឹងការជួញដូរមនុស្ស»។ លោក Tang បានអះអាងថា ទីក្រុងហុងកុងមានប្រព័ន្ធដ៏រឹងមាំមួយ ដើម្បីត្រួតពិនិត្យរាល់ការជួញដូរមនុស្សនៅក្នុង ឬក្រៅទីក្រុង។ ជាការឆ្លើយតបទៅនឹងការសហការជាមួយនឹងការអនុវត្តច្បាប់នៅបរទេស លោក Tang បានឆ្លើយថា “តាមពិតទៅ យើងក៏មានកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយភ្នាក់ងារអនុវត្តច្បាប់នៅក្រៅប្រទេស ទាំងនៅលើមូលដ្ឋានទ្វេភាគី ឬតាមរយៈបណ្តាញនគរបាលអន្តរជាតិ ដើម្បីចាប់អ្នកដែលបង្កបទល្មើសឆ្លងដែន។” ក្រុមឧក្រិដ្ឋកម្មទាំងនេះដែលជ្រៀតចូលប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន តែងតែចាប់ជំរិតជនរងគ្រោះរបស់ពួកគេ ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំង មុនពេលធ្វើទារុណកម្មពួកគេដោយបង្ខំអោយធ្វើកិច្ចការខុសច្បាប់ ឬកេងប្រវ័ញ្ចផ្លូវភេទ។ ជនល្មើសទាំងនេះក៏ប្រមូលផលសរីរាង្គ និងលក់ផ្នែករាងកាយរបស់មនុស្សទៅឱ្យអ្នកមាន និងនៅលើទីផ្សារងងឹតផងដែរ។

កម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋលេខា ធិការក្រសួងមហាផ្ទៃកម្ពុជា និងនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) លោកស្រី ជូ ប៊ុនអេង និងលោកស្រី Ramrung Worawat អនុលេខាអចិន្ត្រៃយ៍នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ប្រទេសថៃ នៅចុងបញ្ចប់នៃកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ។ សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ដោយបន្ថែមថា SOPs នឹងធ្វើជាគោលការណ៍ណែនាំសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ សេចក្តីថ្លែងការណ៍បានបន្តថា “ការពិភាក្សាដំណើរការបានយ៉ាងល្អ ដោយមានគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ជនរងគ្រោះ ហើយភាគីទាំងពីរបានឈានដល់ការចុះកិច្ចព្រមព្រៀងស្តីពី SOPs ដោយមានលោកស្រី ជូ ប៊ុនអេង តំណាងឱ្យភាគីកម្ពុជា និងលោកស្រី Ramrung Worawat តំណាងឱ្យភាគីថៃ” ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ក៏បានជួបជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ នេត សាវឿន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌូណេស៊ីនៅថ្ងៃដដែលនោះ លោកស្រី Marsudi បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងការទប់ស្កាត់ការជួញដូរមនុស្សត្រូវតែពង្រឹងអោយបានកាន់តែច្រើន។ ក្នុងជំនួបនោះ មន្ត្រីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងវិធានការទប់ស្កាត់ករណីបែបនេះមិនឱ្យកើតឡើងវិញម្តងទៀត។ ពួកគេក៏បានឯកភាពថា ក្រុមបច្ចេកទេសនៃកងកម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំនាពេលឆាប់ៗនេះ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតរួមគ្នា ជំនួយផ្នែកច្បាប់ទៅវិញទៅមក និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរស្តីពីកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានេះ កងកម្លាំងនគរបាលហុងកុង បាននិយាយថា ខ្លួនបានទទួលសំណើសង្គ្រោះចំនួន ៣៦ មកទល់ពេលនេះ។ ក្នុងចំណោម៣៦ករណី មាន៣២នាក់ជាបុរស និង៤នាក់ជាស្ត្រីអាយុចន្លោះពី១៩ឆ្នាំដល់៥០ឆ្នាំ ។ កាលពីថ្ងៃទី២២ ខែសីហា នគរបាលហុងកុងគ្រាន់តែបញ្ជាក់អំពីសុវត្ថិភាព និងកន្លែងរបស់ជនរងគ្រោះ ២២ នាក់ប៉ុណ្ណោះ ប៉ុន្តែសង្ស័យថាពួកគេស្ថិតនៅក្នុងការបង្ខាំងទុក។ អ្នករួចផុតពីការឆបោក១១នាក់បានត្រឡប់ទៅហុងកុងវិញដោយគ្មានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណា អាជ្ញាធរបានបាត់បង់ទំនាក់ទំនងជាមួយជនរងគ្រោះចំនួន ៩នាក់ទៀត។

អ្នកសារព័ត៌មានសង្គមជាន់ខ្ពស់របស់តៃវ៉ាន់ Dai Zhiyang បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយ Info Times ដើម្បីបង្ហាញពីអាថ៌កំបាំងដ៏ខ្មៅងងឹតមួយចំនួនរបស់កន្លែងបោកប្រាស់ទាំងនេះនៅកម្ពុជា។ គាត់ក៏បានវិភាគពីរបៀបនៃការជួញដូរមនុស្ស និងការប្រមូលផលសរីរាង្គដែលកំពុងរីករាលដាល។ យ៉ាងណាក៏ដោយ កាសែតខ្មែរថាមស៍ ដែលបានទម្លាយរឿងរ៉ាវនៃការជួញដូរមនុស្ស និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតកាលពីជាងមួយឆ្នាំមុននោះ មិបានរកឃើញភស្តុតាងជាក់ស្តែងណាមួយដែលបង្ហាញថាការប្រមូលឈាម ឬសរីរាង្គកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ទោះបីជាមានការចោទប្រកាន់ម្តងហើយម្តងទៀតក៏ដោយ។ រឿងដំបូងដែលត្រូវបានគេទម្លាយនោះ គឺស្ត្រីជនជាតិថៃម្នាក់ដែលអះអាងថានាងនឹងត្រូវបានគេ វះកាត់យកសរីរាង្គទៅលក់ ហើយត្រូវបានកាសែតខ្មែរថាមស៍លាតត្រដាង។ ក្នុងខែមីនា នគរបាលថៃ បានបញ្ជាក់ថា ការចោទប្រកាន់របស់ស្ត្រីនោះមិនពិត ហើយបានចាប់នាងដាក់គុក។ គេបានដឹងផងដែរថា ការប្រមូលផលសរីរាង្គអាចនឹងធ្វើឡើងនៅក្នុងប្រទេសអាស៊ានមួយទៀត ដែលជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរមនុស្ស។

ឧក្រិដ្ឋជនកំពុងផ្លាស់ប្តូរទម្លាប់បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានលាតត្រដាងព័ត៌មានអំពីការជួញដូរជនជាតិតៃវ៉ាន់ និងហុងកុងរបស់ក្រុមឧក្រិដ្ឋកម្មនៅកម្ពុជា ក្រុមឧក្រិដ្ឋកម្មបានផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីព្យាយាមគេចចេញពីការតាមដាន។ សមាជិកអង្គការប្រឆាំងការបោកប្រាស់អន្តរជាតិ (GASO) បាននិយាយថា ប្រទេសថៃបានក្លាយជាកន្លែងសម្រាប់ឧក្រិដ្ឋជនធ្វើការជួញដូរមនុស្ស និងប្រមូលផលសរីរាង្គដែលត្រូវបានគេចោទប្រកាន់។ ជាធម្មតា ជនរងគ្រោះត្រូវបានបញ្ជូនទៅក្នុងអគារដូចជាពន្ធនាគារ និងត្រូវបានបង្ខាំងទុក។ លួសបន្លាអគ្គិសនីត្រូវបានព័ទ្ធជុំវិញគ្រប់ជញ្ជាំង ដើម្បីកុំអោយរត់ចេញរួច។

Jason សមាជិក GASO បាននិយាយថា ក្រុមឧក្រិដ្ឋកម្មភាគច្រើនត្រូវបានរៀបចំឡើងដោយជនជាតិចិន។ ឧក្រិដ្ឋជនបានរត់ពន្ធជនរងគ្រោះរបស់ពួកគេពីខេត្តយូណានរហូតដល់ជំងឺរាតត្បាតបានកើតឡើង។ គោលនយោបាយ Zero-COVID របស់ចិនមានន័យថា គ្មាននរណាម្នាក់អាចចូល ឬចេញពីប្រទេសបានទេ។ ឧក្រិដ្ឋជនមិនអាចស្វែងរកជនរងគ្រោះរបស់ពួកគេនៅក្នុងប្រទេសចិនបានទៀតទេ។ ដូច្នេះ ពួកគេបានផ្លាស់ប្តូរកន្លែងដែលពួកគេបានរកឃើញជនរងគ្រោះបន្ទាប់របស់ពួកគេ៖ តៃវ៉ាន់ ម៉ាឡេស៊ី ហុងកុង ឥណ្ឌូនេស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងហ្វីលីពីន។

តើអ្វីជាការជួញដូរមនុស្ស? យោងតាម United Against Human Trafficking ជនរងគ្រោះនៃការជួញដូរមនុស្សត្រូវទទួលរងនូវការបង្ខំ ការក្លែងបន្លំ ក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ និង/ឬពលកម្មដោយបង្ខំ។ មានជនរងគ្រោះនៃការជួញដូរមនុស្សប្រហែល ២៤.៩ លាននាក់នៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក អាជ្ញាធរតៃវ៉ាន់បានទទួលសំណើសុំជួយពីជនរងគ្រោះនៃការចាប់ជំរិត និងការជួញដូរមនុស្ស។ កន្លែងជួញដូរមនុស្សមួយបានធ្វើអាជីវកម្មល្បែងស៊ីសង និងបានល្បួងជនជាតិតៃវ៉ាន់ ៥នាក់មកកម្ពុជា មុននឹងត្រូវបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោករបស់ខ្លួន។ ខណៈដែលតៃវ៉ាន់បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនពីឧក្រិដ្ឋជននៅកម្ពុជា នគរបាលហុងកុងកំពុងចាត់វិធានការមួយផ្សេងទៀត។ តំណាងការិយាល័យសន្តិសុខបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងលើកទឹកចិត្តជនរងគ្រោះដែលត្រូវបានចាប់ពង្រត់ឱ្យស្វែងរកជំនួយតាមរយៈកម្មវិធី WhatsApp របស់យើង ឬដោយការបំពេញទម្រង់បែបបទ” ។ សាធារណៈជនបានសួរថា “តើជនរងគ្រោះដែលត្រូវបានចាប់ជំរិតនឹងមានពេលវេលាដើម្បីបំពេញទម្រង់ ឬទាញយកកម្មវិធីដោយរបៀបណា ដើម្បីឱ្យនរណាម្នាក់អាចសង្គ្រោះពួកគេបាន?”

អ្នកស្រី Anna ក៏មិនពេញចិត្តចំពោះវិធានការរបស់អាជ្ញាធរហុងកុងដែរថា « បំពេញទម្រង់បែបបទយ៉ាង មេច? គ្មានផ្លូវទេ។ ជនរងគ្រោះអាចនឹងស្លាប់ ប្រសិនបើក្រុមឧក្រិដ្ឋជនរកឃើញថាពួកគេព្យាយាមរត់គេចខ្លួន ឬសុំជំនួយ»។ អ្នកស្រី Anna ក៏បាននិយាយផងដែរថា GASO បានព្យាយាមទាក់ទងប៉ូលីសហុងកុងអស់រយៈពេលប្រាំមួយខែ ប៉ុន្តែមិនមានសកម្មភាពណាមួយត្រូវបានធ្វើឡើងរហូតមកដល់ពេលថ្មីៗនេះ។

យោងតាមមន្ត្រីអនុវត្តច្បាប់បរទេសដែលសុំមិនបញ្ចេញឈ្មោះ ប៉ុន្តែបានផ្តល់ព័ត៌មានជាក់លាក់ដល់ ខ្មែរថាមស៍ បាននិយាយថា ចំណុចសំខាន់មួយគឺត្រូវបញ្ឈប់ការជ្រើសរើសជនជាតិនៃបណ្តាប្រទេសកុំអោយធ្លាក់ទៅក្នុងការបោកប្រាស់ទាំងនេះ។

“ឥណ្ឌូនេស៊ី តៃវ៉ាន់ ហុងកុង និងថៃ គឺជាគំរូដ៏ល្អនៃការព្យាយាមបំបាត់បញ្ហាឫសគល់របស់វា។ វាប្រហែលជាមិនមានប្រសិទ្ធភាព ១០០ ភាគរយទេ ប៉ុន្តែអាចនិយាយបានថា យ៉ាងហោចណាស់៥០ ភាគរយទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនមនុស្សដែលត្រូវបានបោកបញ្ឆោតឱ្យទទួលយកការងារនេះ ដោយសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់។ ដកស្រង់ពី The Epoch Times និងការស៊ើបអង្កេតដោយ ការសែតខ្មែរថាមស៍

website_news/2022070904.txt · Last modified: 2022/09/07 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki