website_news:2022071201

ពលករខ្មែរមួយចំនួនកាក់កបនឹងរបរលក់បន្លែក្នុងផ្សារនៅប្រទេសថៃ សម្រាប់ដោះស្រាយជីវភាពគ្រួសារ

https://www.rfa.org/khmer/news/economy/some-cambodian-workers-in-thailand-make-good-money-to-support-their-families-by-selling-vegetables-12052022130621.html ដោយ ឡេង ម៉ាលី2022.12.05

ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការក្នុងប្រទេសថៃ រកចំណូលបានគួរសមពីមុខរបរលក់ដូរបន្លែក្នុងផ្សារ ដោយទិញបន្លែពីកន្លែងមួយ ទៅលក់នៅកន្លែងមួយផ្សេងទៀត។ ពួកគាត់ថា ជីវភាពបានគ្រាន់បើជាងមុន បន្ទាប់ពីងាកមកចាប់មុខរបរជួញដូរបន្លែនេះ គឺរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់។ ពលករខ្មែរមួយចំនួន ងាកមកលក់ដូរបន្លែនៅផ្សារក្នុងប្រទេសថៃ បានប្រាក់ចំណូលសមរម្យ សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ ពលករលក់បន្លែមានច្រើនប្រភេទ គឺអ្នកខ្លះទទួលទិញនៅនឹងកន្លែងរួចដាក់លក់តែម្ដង អ្នកខ្លះជួយទិញឬលក់ឲ្យថៅកែ និងអ្នកខ្លះទៀតទិញពីតំបន់មួយ នាំទៅលក់នៅតំបន់មួយផ្សេងទៀត។

ពលករខ្មែរម្នាក់ ដែលលក់បន្លែនៅផ្សារមួយកន្លែងក្បែរវាលយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) លោក ខន សុឃឿន ប្រាប់វិទ្យុអាស៊ីសេរី កាលពីព្រលប់ថ្ងៃទី៤ ខែធ្នូ ថា ថ្ងៃខ្លះលោកអាចរកចំណូលពីការលក់បន្លែបាន ៣.០០០បាតក្នុងមួយថ្ងៃ ស្មើនឹងជិតកៅសិប (៨៦,៤០)ដុល្លារ។ លោកបន្តថា ពីមុនលោកជាពលករស៊ីឈ្នួលជួយលក់ និងទិញបន្លែឲ្យថៅកែថៃ ដោយធ្វើការយូរទៅលោកដឹងពីវិធីជួញដូរបន្លែ ក៏សម្រេចចិត្តចេញមកលក់ខ្លួនឯង តែថៅកែថៃជាអ្នកឈរឈ្មោះជាម្ចាស់តូបលក់បន្លែ។ លោក ខន សុឃឿន៖ «ត្រង់ថាបើសិនជាយើងលក់មួយភ្លែតអ៊ីចឹង បើថារបស់ប៉ិន មួយភ្លែតជួនកាលមួយម៉ឺន ត្រឹមរយៈពេលតែបីម៉ោងមួយម៉ឺន ប្រាំពាន់ក៏មាន ពីរពាន់ ទៅតាមរបស់ដែលថាយើងបានតិចៗអ៊ីចឹងច្រើន តែសំខាន់លក់របស់ណាអត់មាន របស់គេអត់មានហើយ យើងលក់គឺអត់ចេញតែម្ដង»។

ប្រហាក់ប្រហែលគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ដែលដឹកបន្លែដើរបោះឲ្យម៉ូយក្នុងផ្សារថៃ នៅក្បែរក្រុងរ៉័ងស៊ីត ខេត្តប៉ាធុមថានី (Pathum Thani) លោក ប៉ែន ប៊ុនថន ឲ្យដឹងថា លោករកចំណូលពីការដឹកបន្លែដាក់តាមតូបក្នុងផ្សារបានជាមធ្យម ៤.០០០បាត ស្មើនឹង ១១៥,២០ដុល្លារ ក្នុងមួយថ្ងៃ។ លោកបន្តថា បើគិតប្រាក់ចំណាយប្រចាំថ្ងៃរួច លោកអាចសន្សំបានប្រហែលពាក់កណ្ដាលនៃប្រាក់ចំណូល។ លោកអះអាងថា នៅក្នុងផ្សារថៃនេះ មានអាជីវករខ្មែរជាងពីររយនាក់ ដែលជាអ្នកទិញដូរបន្លែ ផ្លែឈើ ពោត ដំឡូង ល្ពៅ សណ្ដែក ដោយខ្លួនឯង ប៉ុន្តែត្រូវមានថៅកែថៃធានាឲ្យ ដើម្បីងាយស្រួលលក់ដូរ។ លោក ប៉ែន ប៊ុនថន៖ «អារឿងលក់ហ្នឹងបើយើងលក់នៅផ្សារហ្នឹង យើងចង់កើតថៅកែខ្លួនឯងក៏វាកើតបាន តែកុំឲ្យតែគេ(ប៉ូលិស)ដឹង។ ទាល់យើងមានខ្នងបង្អែកដូចថាមានថៃ គេជាអ្នកធានាពីក្រោយអ៊ីចឹងណា។ តែយើងបើកចំហថា យើងចេញមុខមាត់ខ្លាំងពេកអាហ្នឹងគេ គេអាចចែងយើងបាន យើងធ្វើ យើងចេះតែអ៊ីចឹងធ្វើលាក់លៀមដែរហ្នឹងណា»។

នៅក្នុងផ្សារថៃមួយ ដែលស្ថិតនៅជាយទីក្រុងបាងកកនេះ មានអាជីវករ និងពលករចម្រុះជាតិសាសន៍ ដូចជា ឡាវ (Lao) ភូមា (Myanmar) ចិន (China) និងកម្ពុជា។ ពួកគេទិញលក់ទំនិញមានទាំងបន្លែក្នុងស្រុក និងបន្លែនាំមកពីក្រៅស្រុក មានជាអាទិ៍ បន្លែនាំចូលមកពីប្រទេសចិន (China) កូរ៉េ (Korea) វៀតណាម (Vietnam) និងផ្លែឈើខ្លះនាំមកពីប្រទេសខ្មែរ មានដូចជា ស្វាយ ទុរេន និងមៀន ជាដើម ដែលមានដាក់លក់ហូរហែនៅក្នុងផ្សារមួយនេះ។

ជុំវិញរឿងនេះ ប្រធានអង្គការសង់ត្រាល់ (Central) លោក មឿន តុលា លើកឡើងថា ច្បាប់ប្រទេសថៃមិនអាចឲ្យពលករបរទេសមកធ្វើអាជីវករ ឬអ្នកលក់ដូរដោយខ្លួនឯងទេ តែបើមានថៅកែថៃធានាឈរឈ្មោះជាម្ចាស់ ពលករបរទេសអាចលក់ដូរបាន។ លោកបន្តថា ថៃទុកអាទិភាពជាម្ចាស់មុខរបរផ្សេងៗ ឲ្យពលរដ្ឋថៃ ចំណែកពលរដ្ឋខ្មែរ ឬបរទេសបានត្រឹមសិទ្ធិជាពលករ តែបើជនបរទេសដែលមានមុខជំនួញធំ អាចធ្វើជាថៅកែបាន។ លោក មឿន តុលា៖ «គេអត់បើកឲ្យជនបរទេសហ្នឹងមានសិទ្ធិធ្វើស្វ័យនិយោជន៍ដូចខ្មែរយើងទេ។ ខ្មែរយើង យើងឲ្យជនបរទេសអាចធ្វើស្វ័យនិយោជន៍បាន ដូចជាជនជាតិចិនអីលក់ចេកអាំងបាន លក់ចេកចៀនបានណា ប៉ុន្តែថៃអត់ទេថៃ គេអត់អាច គេអត់បើក គេអត់អនុញ្ញាតអ៊ីចឹងទេ។ ប៉ុន្តែលើកលែងតែជនបរទេសដែលមានទុនធំៗ ម៉ង អាហ្នឹងគេវិនិយោគមកអាហ្នឹងបាន អាហ្នឹងទើបអាច»។

របាយការណ៍ក្រសួងការងារកម្ពុជា ឲ្យដឹងថា ពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ ហើយបានចុះឈ្មោះក្នុងបញ្ជីការងារមានប្រមាណ ១លាន ២សែន (១.២០០.០០០) នាក់។ ប៉ុន្តែរបាយការណ៍អង្គការសង់ត្រាល់ (Central) ឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងប្រទេសថៃជាង ២លាន (២.០០០.០០០) នាក់៕

website_news/2022071201.txt · Last modified: 2022/12/07 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki