website_news:2022080405

បច្ចេកវិទ្យាទំនើបជំរុញការជួញដូររូបភាពអាសអាភាសកុមារតាមប្រព័ន្ធអ៊ិនធឺណិតនៅកម្ពុជា

https://www.khmertimeskh.com/ តាំង រីនិត្យ / April 7, 2022

លើកចុងក្រោយ ដែលរូបភាពអាសអាភាសកុមារបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលនៅកម្ពុជា គឺនៅពេលដែលស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ បានបណ្តេញបុគ្គលិកជាង១០នាក់នៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីរកឃើញគ្រុប Facebook របស់ពួកគេមានទាក់ទងនឹងការចែកចាយរូបភាព ដែលមានអត្ថន័យកេងប្រវ័ញ្ចលើកុមារ។

សាធារណជន នឹងឃើញរបាយការណ៍ ស្តីពីការចាប់ខ្លួនជនសង្ស័យម្តងម្កាល គឺភាគច្រើនជាជនបរទេស ដែលផលិតរឿងអាសអាភាសរបស់កុមារ។ យ៉ាងណាមិញ បញ្ហាធំជុំវិញប្រធានបទនេះ គឺជាការកេងចំណេញលើកុមារតាមរយៈរូបភាពអាសអាភាស ដែលប្រព្រឹត្តឡើងដោយ «ឈ្មួញទុច្ចរិត»ជាជនជាតិកម្ពុជា។ «វីដេអូក្មេងស្រីទំហំ៧២៩ ជីមេហ្គាបាយ ចំណាយត្រឹមតែ១០ ដុល្លារ! មិនចាំបាច់ប្រើទូរស័ព្ទដែលមានអង្គចងចាំធំនោះទេ។ អ្នកគ្រាន់តែត្រូវការអ៊ីនធឺណិតប៉ុណ្ណោះដើម្បីមើលវីដេអូនេះ»។ សារផ្សាយជាភាសាខ្មែរនេះ ត្រូវបានបង្ហោះក្នុងឆា ណែលតេលេហ្គ្រាម (Telegram Channel) ដែលពាក់ព័ន្ធនឹង «មាតិកាមនុស្សពេញវ័យ»។ ការបង្ហោះនេះ មានឃ្លីបវីដេអូបង្ហាញពីទិដ្ឋភាពកេងប្រវ័ញផ្លូវភេទអនីតិជន។ កុមារភាគច្រើននៅក្នុងវីដេអូ ហាក់ដូចជាមកពីប្រទេសអាស៊ីអាគ្នេយ៍ ហើយយ៉ាងហោចណាស់មានម្នាក់ជាជនជាតិខ្មែរ។ ការបង្ហោះនេះមានតំណភ្ជាប់ដែលអាចឱ្យអ្នកប្រើប្រាស់ទាក់ទងទៅកាន់ «អ្នកគ្រប់គ្រង» (Admin) ដើម្បីទិញវីដេអូទាំងនេះ។ ការបង្ហោះនេះត្រូវបានលុបចោល ក្រោយពី ៣០នាទី ប៉ុណ្ណោះ ហើយភស្តុតាងនៃការប្រព្រឹត្តអំពើអាក្រក់ត្រូវបានលុបចោលផងដែរ។

ឆាណែលនេះមានអ្នកតាមដាន (Subscriber) ជាង ២៧,០០០នាក់ ហើយការបង្ហោះនេះត្រូវមើលឃើញដោយអ្នកប្រើប្រាស់ជាង ៥,០០០ នាក់។ វីដេអូអាសអាភាសខ្លីរបស់កុមារនេះ ក៏ត្រូវបានគេឃើញនៅក្នុងក្រុម Telegram មួយផ្សេងទៀតដែលមានសមាជិកជាង ១ម៉ឺននាក់ផងដែរ។ សមាជិកត្រូវបានប្រាប់ឱ្យផ្ទេរប្រាក់ទៅអ្នកគ្រប់គ្រងក្រុម ប្រសិនបើពួកគេចង់មើលវីដេអូពេញលេញ។ សមាជិកមួយចំនួនបានស្នើសុំអ្នកគ្រប់គ្រងឱ្យបង្ហោះវីដេអូ “គំរូ“ បន្ថែមទៀត។ ឆាណែលទាំងនេះហាក់ដូចជាត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សដូចគ្នា ហើយមានវេទិកាបែបនេះរាប់ពាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជា ហើយសកម្មភាពបែបនេះអាចនាំឱ្យមានការកើនឡើងនៃការរំលោភបំពានលើកុមារនៅក្នុងប្រទេសផងដែរ។

លោក សំនៀង សិលា នាយកប្រចាំប្រទេសនៃអង្គការសកម្មភាពដើម្បីកុមារ Action Pour Les Enfants (APLE) មានប្រសាសន៍ថា៖«យើងបានឃើញករណីនេះជាច្រើននៅក្នុងប្រទេសកម្ពុជា។ ការធ្វើពាណិជ្ជកម្មរូបភាពអាសអាភាសរបស់កុមារ អាចបង្កើតតម្រូវការ ក្នុងចំណោមមនុស្សពេញវ័យ ហើយនៅពេលដែលតម្រូវការកាន់តែខ្ពស់នោះ ការផលិតក៏សំបូរដែរ មានន័យថា កុមារកាន់តែច្រើននឹងទទួលរងការរំលោភផ្លូវភេទ និង ការជួញដូរ»។លោកជឿថា ការផ្សព្វផ្សាយរូបភាពអាសអាភាសរបស់កុមារនឹងនាំឱ្យមនុស្សពេញវ័យ ព្រមទាំងកុមារផងដែរ ប្រព្រឹត្តបទឧក្រិដ្ឋកាន់តែច្រើនឡើង។ លោក សំនៀង សិលា បានបញ្ជាក់ថា អំពើអាក្រក់បែបនេះអាចជះឥទ្ធិពលអវិជ្ជមានដល់កុមារទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ អ្នកខ្លះអាចរងគ្រោះអស់មួយជីវិតផងដែរ។ ទិដ្ខភាពបែបនេះ មិនល្អនោះឡើយសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលត្រូវបានគេរកឃើញថា មានកុមារជាច្រើនត្រូវគេបំពានសិទ្ធិ។ យោងតាមអង្គការយូនីសេហ្វ កុមារកម្ពុជាចំនួន ៥០ភាគរយ បានជួបប្រទះការវាយដំយ៉ាងធ្ងន់ធ្ងរ ខណៈម្នាក់ក្នុងចំណោមបួននាក់ត្រូវបានរំលោភបំពានផ្លូវចិត្ត និងម្នាក់ក្នុងចំណោម២០នាក់ត្រូវបានរំលោភបំពានផ្លូវភេទ។

យោងតាមគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (NCCT) គេមិនទាន់មានទិន្នន័យផ្លូវការ ស្តីពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ តួលេខដែលប្រមូលបានពីករណីដែល សាធារណជនរាយការណ៍ទៅកាន់អាជ្ញាធរ និងតាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍គឺ មានចំនួនជាង១៥០ករណីក្នុងមួយឆ្នាំ។ ចំនួននេះនៅមិនទាន់រាប់បញ្ចូលករណីដែលមិនបានរាយការណ៍នោះទេ។ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មបផ្លូវភេទបានដាក់ទោសទណ្ឌចំពោះរាល់សកម្មភាពដែលទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ ដែលសំដៅលើ «មាតិកាដែលអាចមើលឃើញដូចជា រូបថត វីដេអូ រួមទាំងសម្ភារៈក្នុងទម្រង់អេឡិចត្រូនិក ដែលបង្ហាញពីរូបអាក្រាតរបស់អនីតិជន ដែលជំរុញចំណង់ផ្លូវភេទ»។ ច្បាប់ចែងថា៖ ជនណាដែលចែកចាយ លក់ ជួល តាំងបង្ហាញ ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសរបស់កុមារនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០ ទៅ ២,៥០០ ដុល្លារ។ ដោយឡែក បច្ចេកវិទ្យាបានធ្វើឱ្យការអនុវត្តច្បាប់កាន់តែលំបាក។ មុនពេលមានអ៊ីនធឺណិត និង ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា រូបភាពអាសអាភាសរបស់កុមារមាននៅក្នុងទីផ្សារ និងហាងលក់ឌីសនៅ កម្ពុជា ដាក់លក់ក្នុងតម្លៃត្រឹមតែ ២ពាន់រៀលក្នុងមួយឌីស។

លោក គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖«អ៊ីនធឺណិតបាននាំយកបទល្មើសអាសអាភាសរបស់កុមារទៅជាយុគសម័យថ្មី ហើយមន្ត្រីរបស់យើងនៅមិនទាន់មានជំនាញគ្រប់គ្រាន់ដើម្បីដោះស្រាយវានោះទេ»។ លោកបានបញ្ជាក់ថា សាធារណជនបានរាយការណ៍ករណីរឿងអាសអាភាសលើកុមារ ហើយនាយកដ្ឋានរបស់លោកបាននឹងកំពុងដោះស្រាយករណីនេះ ប៉ុន្តែការកម្រិតចំណេះដឹងរបស់ពួកគេក្នុងវិស័យនេះនៅតែជាបញ្ហាប្រឈមចម្បង។ លោកបានបន្តថា៖ «ខុសពីមន្ត្រីនៅក្នុងប្រទេសមួយចំនួន ដែលទទួលបានការបណ្តុះបណ្តាលដើម្បីដោះស្រាយបញ្ហាបែបនេះ យើងខ្វះជំនាញ និងឧបករណ៍ចាំបាច់ក្នុងការកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនល្មើស។ យើងត្រូវពឹងលើអង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីដោះស្រាយបញ្ហានេះ»។

ទន្ទឹមនឹងនេះ មាតិកាកេងប្រវ័ញ្ចលើកុមារធ្លាប់តែត្រូវបានគេរកឃើញនៅលើ Dark Web ជាតំបន់មួយនៅលើអ៊ីនធឺណិតដែលគេមិនអាចប្រើ Search Engine ដើម្បីស្វែងរកបាន ហើយវាទាមទារកម្មវិធីពិសេស ឬការអនុញ្ញាតដើម្បីចូលមើលមាតិកាខុសច្បាប់ផ្សេងទៀត។ ការផលិតមាតិកាបែបនេះបានក្លាយជាបញ្ហាដ៏ធំមួយក្នុងប្រទេសមួយចំនួនដូចជាហ្វីលីពីន និងថៃ ជាដើម។ ជាមួយនឹងការលេចធ្លោរនូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ វាបានធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកវីដេអូ និងរូបភាពបែបនេះ។

អ្នកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយព័ត៌មានវិទ្យា របស់រដ្ឋាភិបាលបាននិយាយថា វាគឺជាការងាយស្រូលជាងសម្រាប់អាជ្ញាធរក្នុងការហាមឃាត់គេហទំព័រសាធារណៈ ដូចដែលបានធ្វើកាលពីខែធ្នូ ក្រោយពីនាយកដ្ឋានបានបិទគេហទំព័រចំនួន៩ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសរបស់កុមារ។ អ្នកស្រីបានបន្តថា វេទិកាដូចជា Telegram និង WhatsApp ប្រើមុខងារ End-to-End Encryption ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ និងភាពឯកជនរបស់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមជនទុច្ចរិតបានទាញយកប្រយោជន៍ពីវាដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកគេ។ អ្នកស្រីនិយាយថា៖ «ដូចជា Dark Web ដែរ វាស្ទើរតែមិនអាចទៅរួចទេក្នុងការតាមដានកន្លែងមូលដ្ឋាននៃប្រតិបត្តិការ។ វាមិនអាចទៅរួចទេក្នុងការទទួលបានកិច្ចសហការពីក្រុមហ៊ុននានា ដើម្បីឃើញមាតិកាខ្លឹមសារបែបនេះពីការរីករាលដាល ដោយសារយើងជាប្រទេសកំពុងអភិវឌ្ឍន៍ មិនមានជំនាញ ឬធនធានគ្រប់គ្រាន់ដើម្បីដោះស្រាយវា»។

កម្មវិធីបណ្តាញសង្គមផ្ញើសារមួយចំនួនមានគោលការណ៍ការពារប្រឆាំងនឹងមាតិកាអាសអាភាស ប៉ុន្តែពិរុទ្ធជនបានរកឃើញវិធីប្រើប្រាស់ចន្លោះប្រហោងដើម្បីបន្តប្រតិបត្តិការរបស់ពួកគេ។ ឧទាហរណ៍ ប្រតិបត្តិករនឹងលុបក្រុមចោល បន្ទាប់ពីផ្តល់ឱ្យអតិថិជនរបស់ពួកគេនូវពេលវេលាគ្រប់គ្រាន់ដើម្បីទាញយកមាតិកាអាសអាភាស។ ពួកគេក៏រកប្រាក់បានពីការលក់តំណទៅកាន់វេទិកាផ្ទុកទិន្នន័យ (Cloud) សម្រាប់មាតិកាដែលត្រូវទាញយកផងដែរ។សម្រាប់ពេលនេះ មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះគឺថា សាធារណជនត្រូវរាយការណ៍ទៅកាន់អាជ្ញាធរគ្រប់ពេលដែលពួកគេជួបប្រទះនូវខ្លឹមសារអាសអាភាសរបស់កុមារ តាមអុីនធឺណិត ឬកន្លែងណាក៏ដោយ។

លោក គឹម ភាព បានមានប្រសាសន៍បន្តថា៖«សូមទាក់ទងទូរសព្ទលេខ១២៨៨ របស់យើង ដើម្បីរាយការណ៍ នៅពេលដែលអ្នកជួបប្រទះការកេងប្រវ័ញ្ចលើកុមារតាមអុីនធឺណិត ការចែកចាយរូបភាពអាសអាភាសលើកុមារ និងការបៀតបៀនផ្លូវភេទ»៕

website_news/2022080405.txt · Last modified: 2022/04/08 13:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki