website_news:2022080601

រយៈពេល ១ សប្តាហ៍ ពលករខ្មែរចំនួន ៥៩ នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានទប់ស្កាត់

https://www.postkhmer.com/ ឡាយ សាមាន | Publication date 07 June 2022 | 16:19 ICT

បន្ទាយមានជ័យៈ គិតត្រឹមរយៈពេល ១ សប្តាហ៍ ដើមខែមិថុនានេះ ពលករខ្មែរជិត ៦០ នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលា និងបានណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះដែលនឹងអាចបង្កគ្រោះថ្នាក់ផ្សេងៗ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងថៃ ព្រមព្រៀងគ្នាបើកច្រកទ្វារព្រំដែនឡើងវិញជាបណ្តោះអាសន្ន កាលពីដើមខែឧសភា ឆ្នាំ ២០២២ មកពលករខ្លះសម្រុកធ្វើបណ្ណព្រំដែន និងឯកសារផ្សេង ដើម្បីបានទៅធ្វើការស្របច្បាប់នៅថៃ។ ទន្ទឹមនឹងនោះក៏មានពលរដ្ឋខ្មែរមួយចំនួនដែលខ្វះខាត និងមិនមានលទ្ធភាពធ្វើឯកសារផ្សេងៗ សម្រេចចិត្តលួចឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថាន ទោះបីអាជ្ញាធរកម្ពុជារឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែនក៏ដោយ។

លោក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ នៃខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងព្រំដែនសហការជាមួយកម្លាំងប៉ុស្ដិ៍ចំបក់ និងកម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការក្នុងការទប់ស្កាត់ពលករបាន ៥៩ នាក់ ក្នុងនោះស្រី ២១ នាក់ នាដើមខែមិថុនានេះ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ ប្រតិបត្តិការនោះធ្វើឡើងនៅស្រុកម៉ាឡៃ ដោយនៅថ្ងៃទី ៦ មិថុនា ទប់ស្កាត់បាន ១៥ នាក់ និងថ្ងៃទី ៤ មិថុនា ទប់ស្កាត់បានរហូតដល់ ៤៤ នាក់។ លោកបញ្ជាក់ថា៖ «ក្នុងចំណោមពលករទាំងនោះមកពីខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពត ព្រៃវែង ឧត្ដមានជ័យ កំពង់ស្ពឺ និងត្បូងឃ្មុំជាដើម ហើយពលករទាំងអស់បន្ទាប់ពីធ្វើការសួរនាំ អប់រំ និងធ្វើការសន្យារួច គឺបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន»។ ជាមួយគ្នានេះលោកបានណែនាំដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ការពារ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន ជាពិសេសពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលទំនប់ លោក រឿម ប៊ុនរិទ្ធ ឱ្យដឹងថា ពលករនៅបន្តលួចឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ទោះបីសមត្ថកិច្ចធ្លាប់ផ្សព្វផ្សាយ អប់រំ និងបានដាក់កម្លាំងការពារនៅព្រំដែនយ៉ាងណាក៏ដោយ។ លោកបញ្ជាក់ថា៖ «សមត្ថកិច្ចយើងខំប្រឹងប្រែងទាំងយប់ ថ្ងៃ ដើម្បីទប់ស្កាត់ និងបានបានណែនាំ អប់រំគាត់ឱ្យទៅតាមច្រកព្រំដែនស្របច្បាប់ ព្រោះទៅច្រកខុសច្បាប់ វាប្រឈមគ្រោះថ្នាក់ច្រើន ដូចជាការគេចពីសមត្ថកិច្ច ឬគ្រោះថ្នាក់ផ្សេង»។ លោកឱ្យដឹងថា តាមអ្វីដែលមត្ថកិច្ចសួរនាំកន្លងមក ពលករទាំងនោះភាគច្រើនថា មិនមានលិខិតឆ្លងដែន និងខ្វះថវិកា ទើបពួកគេសម្រេចចិត្តឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថាន។ លោកនិយាយថា៖ «ដោយសារគាត់អត់មានលិខិតឆ្លងដែន អ៊ីចឹងដោយយោងតាមជីវភាពខ្វះខាតផង និងខ្លះជំពាក់លុយធនាគារ ទើបពលរដ្ឋនៅតែលួចឆ្លងដែន ទោះបីយើងខំទប់ស្កាត់ អប់រំយ៉ាងណា ក៏គាត់នៅតែឆ្លៀតពេលលួចឆ្លងដែន ហើយគាត់ជាពលរដ្ឋយើង។ អ៊ីចឹង គ្រាន់តែអប់រំណែនាំគាត់ឱ្យទៅតាមផ្លូវត្រូវ យើងមិនធ្វើទារុណកម្ម ដាក់ពិន័យទេ»។

អភិបាលស្រុកកំរៀង នៃខេត្តបាត់ដំបង លោក គឿន សត្យា បានឱ្យដឹងថា ដោយសារច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជាប់ខេត្តច័ន្ទបុរី ត្រូវបានបើកឡើងវិញជាបណ្តោះអាសន្ន ទើបពលករសម្រុកទៅធ្វើបណ្ណស្របច្បាប់ និងកាត់បន្ថយការឆ្លងដែនខុសច្បាប់។ លោកថ្លែងថា៖ «យើងបានផ្សព្វផ្សាយ ចាក់មេក្រូនៅតាមភូមិ-ឃុំ ជាហូរហែ ណែនាំកុំឱ្យឆ្លងដែនខុសច្បាប់ ហើយឥឡូវនេះពលករសម្រុកមកធ្វើបណ្ណឆ្លងដែន។ គិតពីដើមខែមិថុនាមក អត់មានពលករឆ្លងដែនខុសច្បាប់ទេ»៕

website_news/2022080601.txt · Last modified: 2022/06/08 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki