website_news:2022080902

ទូតម៉ាឡេស៊ី៖ ជនជាតិម៉ាឡេស៊ីមួយចំនួនបដិសេធការជួយសង្រ្គោះ ឬមិនចង់ចាកចេញពីកម្ពុជា

https://www.rfi.fr/km//20220905-ref=tgi ចុះផ្សាយនៅថ្ងៃ៖ 05/09/2022 - 08:08

ជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយក្រុមឆបោកការងារ នៅកម្ពុជានោះ ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងត្រូវបានចុះផ្សាយ ដោយសារព័ត៌មានម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែកញ្ញា។ ក៏មានជនជាតិម៉ាឡេស៊ីមួយចំនួនបដិសេធការជួយសង្រ្គោះ និងមិនចង់ចាកចេញពីកម្ពុជា។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានលើកឡើងថាជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយសារក្រុមឆបោក នៅកម្ពុជានោះ ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលនៅថ្ងៃទី០៤ ខែកញ្ញា។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកឡើងថា ក៏មានជនជាតិម៉ាឡេស៊ីមួយចំនួនបានបដិសេធមិនទទួលយកការជួយសង្គ្រោះ ឬចាកចេញពីប្រទេសកម្ពុជាទៅម៉ាឡេស៊ីទេ ដោយសារពួកគេទាំងនោះបានរត់គេចពីផ្ទះ។ លោកបន្តថា ពួកគេទាំងនោះមិនចង់ប្រាប់គ្រួសារពីរឿងពិត ដែលពួកគេបានជួបទេ។ នៅពេលដែលឪពុកម្តាយរបស់ពួកគេមិនដឹងថាត្រូវធ្វើដូចម្តេច នោះក៏ឈានដល់ការប្រឌិតរឿងដែលថា កូនរបស់ពួកគាត់ត្រូវបានចាប់ពង្រត់ទៅធ្វើការ ប៉ុន្តែនៅពេលស្ថានទូតទៅជួយ ជនជាតិម៉ាឡេស៊ីទាំងនោះប្រាប់ថាមិនចង់ត្រឡប់ទៅវិញទេ។ នេះបើតាមលោក Eldeen។ លោកបានសង្កត់ធ្ងន់ថា ស្ថានទូតមិនអាចគ្រាន់តែបញ្ជូនជនជាតិម៉ាឡេស៊ីចេញភ្លាមៗ ក្រោយពីការជួយសង្គ្រោះនោះទេ ព្រោះមាននីតិវិធីដែលត្រូវអនុវត្ត។ អ្នកដែលបានបំពានច្បាប់អន្តោប្រវេសន៍កម្ពុជា តម្រូវឱ្យជាប់ទោស មុនពេលពួកគេអាចចាកចេញពីប្រទេស ប៉ុន្តែស្ថានទូតម៉ាឡេស៊ីនឹងធ្វើអន្តរាគមន៍នៅពេលករណីនេះកើតឡើង។ នេះបើតាមអគ្គរដ្ឋទូតម៉ាឡេស៊ី។

គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ នេះបើតាមលិខិតមួយរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា។ ក្រសួងមហាផ្ទៃកម្ពុជាក៏រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ ក្រោមការសន្យារផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងតាមរយៈសារតេឡេក្រាមនៅថ្ងៃទី០៥ ខែសីហា ថាកន្លងមក ក្រសួងការបរទេសទទួលបានសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេសមួយចំនួន ហើយតែងតែសម្របសម្រួល បញ្ជូនសំណើទាំងនោះទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។ លោកបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស៕

website_news/2022080902.txt · Last modified: 2022/09/08 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki