website_news:2022080903

សមត្ថកិច្ចខេត្តព្រះសីហនុបញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ និងរំដោះជនរងគ្រោះ៤នាក់ចេញពីកន្លែងបង្ខាំង

https://www.rfa.org/khmer/news/social-economy/authorities-in-sihanoukville-send-a-chinese-man-to-court-and-release-four-victims-from-detention-09052022114531.html ដោយ មាន ឫទ្ធិ2022.09.05

សមត្ថកិច្ចខេត្តព្រះសីហនុ អះអាងថា បានបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដោយចេតនា។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ និងជនជាតិតៃវ៉ាន់ម្នាក់ ចេញពីកន្លែងបង្ខាំងធ្វើទារុណកម្មនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងខេត្តព្រះសីហនុ។ មន្រ្តីសង្គមស៊ីវិល ព្រួយបារម្ភ អំពីកំណើនបទល្មើសជួញដូរមនុស្ស ឬបង្ខាំងមនុស្សនៅកម្ពុជា ព្រោះបានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។ សមត្ថកិច្ចខេត្តព្រះសីហនុ ឱ្យដឹងថា ជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ និងជនជាតិតៃវ៉ាន់ម្នាក់ ដែលត្រូវគេបង្ខាំងធ្វើទារុណកម្ម សមត្ថកិច្ចបានបញ្ជូនទៅប្រទេសកំណើតពួកគេវិញរួចរាល់ហើយ។

គេហទំព័របញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅថ្ងៃទី៥ កញ្ញាថា សមត្ថកិច្ចបានកសាងសំណុំរឿងលើជនសង្ស័យម្នាក់ជាជនជាតិចិនឈ្មោះ វង្ស ហ្សី យ៉ាន់ (WONG ZHI YUAN) ទៅតុលាការជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា។ កាលពីថ្ងៃទី០២ ខែកញ្ញា កម្លាំងសមត្ថកិច្ចស្រាវជ្រាវទីតាំងអគារលេខ ៨ និងអគារលេខ ១៣ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ០៤នាក់។ ជនរងគ្រោះទាំងនោះ មាន៣នាក់ជាជនជាតិម៉ាឡេស៊ី (Malaysia) ដែលមានឈ្មោះ លឹម ហៃ ក្វាន់ (LIM HUI GUAN) ហ្វុង ជួន ហៃ (FONG CHUN HUI) លីម កៃ ក្វាន់ (LIM KEE GUAN) និងជនរងគ្រោះម្នាក់ទៀតគឺ ឈ្មោះ សាយ ឈី ពីង (TSAI CHIH PING) ដែលជនជាតិចិនតៃវ៉ាន់។ រហូតដល់ថ្ងៃទី៣ កញ្ញា ជនរងគ្រោះឈ្មោះ សាយ ឈី ពីង (TSAI CHIH PING) អះអាងថា ជនសង្ស័យឈ្មោះ វង្ស ហ្សី យ៉ាន់ (WONG ZHI YUAN) បានធ្វើទារុណកម្មមកលើខ្លួននៅក្នុងអគារលេខ១៣។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី និងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បីសាកសួរបន្ថែមពីបញ្ហានេះបានទេនៅថ្ងៃទី០៥ កញ្ញា។ ប៉ុន្តែ លោក ជួន ណារិន្ទ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចនឹងស្រាវជ្រាវជាបន្តបន្ទាប់លើទីតាំងដែលមានករណីបង្ខាំង មនុស្សក្នុងខេត្តព្រះសីហនុ។ ទាក់ទងនឹងរឿងជនបរទេសចាញ់បោកមេខ្យល់ជនជាតិចិននេះដែរ កាលពីថ្ងៃទី២ កញ្ញា សារព័ត៌មានវៀតណាម (VietNam News) បានចុះផ្សាយថា មនុស្សជាង ៦០០នាក់នេះ ត្រូវបានចាញ់បោក តាមរយៈការល្បួងផ្សព្វផ្សាយពាណិជ្ជកម្មមិនពិត ដោយឱ្យចូលមកធ្វើការងារនៅកម្ពុជាខុសច្បាប់។ អាជ្ញាធរកម្ពុជា និងទីភ្នាក់ងារតំណាងរបស់វៀតណាមបានសហការជាមួយក្រសួងការបរទេសកម្ពុជា នឹងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។

ក្រសួងមហាផ្ទៃ រកឃើញថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ចុះត្រួតពិនិត្យលើបណ្តឹងចំនួនជាង ១រយករណី (១០៤ករណី) និងសង្គ្រោះមនុស្ស ជិត ១ពាន់ (៩៦៨) នាក់ និងឃាត់ខ្លួនជនសង្ស័យ ជិត ១រយនាក់ (៨២) ដោយក្នុងនោះមាន ១៩ករណី គឺជាអំពើបង្ខាំង និងជំរិតទារប្រាក់។ ជនរងគ្រោះដែលសមត្ថកិច្ចជួយសង្គ្រោះរួមមានជនជាតិឥណ្ឌូនេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) ចិន (China) ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) តួកគី (Turkey) អាមេរិក (USA) អង់គ្លេស (UK) និងជនជាតិកូរ៉េខាងត្បូង (South Korea) ជាដើម។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេនៅថ្ងៃទី០៥ ខែកញ្ញា ដើម្បីសុំព័ត៌មានបន្ថែមជុំវិញតួលេខចុងក្រោយនៃយុទ្ធនាការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោកអនឡាញនៅកម្ពុជា។ ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុក VOD ឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា សមត្ថកិច្ចបានចោទប្រកាន់ជាបណ្តោះអាសន្នលើជនជាតិចិន និងខ្មែរចំនួន៦នាក់ពីបទជួញដូរមនុស្ស ហើយបានសង្គ្រោះជនរងគ្រោះជាង១០០នាក់ ក្នុងរយៈពេល១២ថ្ងៃ។ លោកថា អាជ្ញាធរបានចាត់វិធានការលើបណ្តឹងចំនួន៤០ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែសីហា ហើយសង្គ្រោះបានជនរងគ្រោះជាង១០០នាក់ ក្នុងនោះមានជនជាតិអាមេរិកម្នាក់ ខ្មែរអាមេរិកាំងម្នាក់ ឥណ្ឌូនេស៊ី២នាក់ ចិន៣៨នាក់ ម៉ាឡេស៊ី៥៣នាក់ វៀតណាម៥នាក់ និងតៃវ៉ាន់៣នាក់។

ជុំវិញរឿងនេះ សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សោកស្តាយដែលកម្ពុជាកំពុងក្លាយជាទីកន្លែង សម្រាប់ក្រុមឧក្រិដ្ឋជនប្រតិបត្តិការចាប់បង្ខាំង ឬជួញដូរមនុស្ស។ អ្នកស្រី មើលឃើញថា ការណ៍ដែលខេត្តព្រះសីហនុសម្បូរដោយបទល្មើសបែបឧក្រិដ្ឋ ជាពិសេសមានករណីជួញដូរមនុស្សជាបន្តបន្ទាប់មកនេះ គឺដោយសារលំហូរជនបរទេស ជាពិសេសជនជាតិចិន បានពង្រីកវិសាលភាពក្នុងការបើកបនល្បែងកាស៊ីណូខុសច្បាប់ ហើយអាជ្ញាធរគ្មានវិធានការទប់ស្កាត់នៅឡើយ៖ «ខ្ញុំថារាជរដ្ឋាភិបាល លោកមានវិធីច្រើនណាស់ ក្នុងការកៀងគរអ្នកវិនិយោគ មករកស៊ីនៅកម្ពុជា។ បើសិនជាអាច យើងមិនចង់ឱ្យមានការបើកល្បែងកាស៊ីណូទេព្រោះ រឿងល្បែងស៊ីសងនេះសុភាសិតខ្មែរ យើងក៏បានលើកឡើងផ្ដាំផ្ញើដល់កូនចៅជំនាន់ក្រោយថា ល្បែងតែងវិនាស។ វាជាការព្រួយបារម្ភ ជាពិសេស ស្នើសុំឱ្យអាជ្ញាធរយកចិត្តទុកដាក់ ក្នុងការធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ អំពីការស្នាក់នៅនៃជនបរទេសបញ្ហាដែលមានការកើតឡើងដូចជា ការបង្ខាំងមនុស្ស ការប្រព្រឹត្តមុខរបបខុសច្បាប់ដូចជា មានការជួញដូរគ្រឿងញៀនអ៊ីចឹង»។

យុទ្ធនាការបង្ក្រាបអំពើជួញដូរ និងឃុំឃាំងមនុស្សជាប់ៗនេះ ធ្វើឡើង ក្រោយពីក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍កាលពីខែកក្កដា ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ ដោយបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាចុះមកលំដាប់ទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានទេ ចាប់តាំងពីឆ្នាំ២០១៥ មក។ ក្រៅពីនេះ ក៏មានស្ថាប័នសារព័ត៌មានអន្តជាតិបានរាយការណ៍យ៉ាងផុសផុលជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ អំពីកំណើនឧក្រិដ្ឋកម្មចាប់បង្ខាំងជួញដូរមនុស្សនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់អំពីស្ថានភាពជួញដូរមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងអំពាវនាវឱ្យស្ថាប័នតំណាងបរទេស និងភាគីពាក់ព័ន្ធនានាសហការផ្ដល់ព័ត៌មាន និងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា៕

website_news/2022080903.txt · Last modified: 2022/09/08 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki