website_news:2022080904

មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋស្វែងយល់ព័ត៌មាន និងប្រុងប្រយ័ត្នករណីជួញដូរមនុស្សនៅកម្ពុជា

https://www.rfa.org/khmer/news/social-economy/civil-society-officials-call-on-citizens-to-find-out-information-and-vigilant-human-trafficking-in-cambodia-09052022 ដោយ មាន ឫទ្ធិ2022.09.05

មន្ត្រីសង្គមស៊ីវិល អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការល្បួងលួងលោមពីសំណាក់ក្រុមហ៊ុនចិនមួយចំនួន ដែលកំពុងប្រតិបត្តិការចាប់ជំរិតមនុស្សនៅលើទឹកដីខ្មែរ។ ជាមួយគ្នានេះ ពួកគាត់ថា រដ្ឋាភិបាល ក៏គួរបង្ហាញព័ត៌មានឱ្យបានទូលំទូលាយ និងប្រកបដោយតម្លាភាព អំពីករណីបង្ខាំងមនុស្ស ឬជួញដូរមនុស្សនេះ ដើម្បីជាប្រយោជន៍សម្រាប់មហាជនទូទៅ។ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញដល់ប្រជាពលរដ្ឋទូទៅដែលចង់ធ្វើការនៅក្រុមហ៊ុនឯកជន ជាពិសេសក្នុងវិស័យបនល្បែងណាមួយនោះ គួរតែមានការសិក្សាអំពីក្រុមហ៊ុននោះឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីបញ្ចៀសរាល់បញ្ហាប្រឈមនានា ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្មពីថៅកែ ការបំបិទសិទ្ធិសេរីភាព ឬរហូតដល់មានការបង្ខាំងខ្លួនដោយខុសច្បាប់ ដែលអាចឈានទៅដល់ករណីអំពើជួញដូរមនុស្ស។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៤ ខែកញ្ញាថា ថ្វីដ្បិតករណីជួញដូរមនុស្សដែលភាគច្រើនបង្កឡើងដោយជនបរទេស និងជនបរទេសយ៉ាងណាក្ដី ក៏បទល្មើសឧក្រិដ្ឋកម្មនេះបានកើតមានលើទឹកដីខ្មែរ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងជាការគំរាមកំហែងដល់ពលរដ្ឋជាម្ចាស់ស្រុក។ ទន្ទឹមគ្នានេះ លោកថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ក៏ត្រូវស្វែងរកព័ត៌មាន អំពីករណីបង្ខាំងមនុស្ស ឬអំពើជួញដូរមនុស្ស ប្រសិនបើពួកគេចង់ធ្វើការក្នុងក្រុមហ៊ុនណាមួយ ដើម្បីធ្វើជាដើមទុនការពារខ្លួនពីសំណាក់ក្រុមហ៊ុនឆបោកនៃក្រុមឧក្រិដ្ឋជននៅកម្ពុជា៖ «ទោះបីវាកើតឡើង ភាគច្រើនតែជនបរទេស និងជនបរទេស ក៏ដោយត្រូវតែមានការបង្ហាញព័ត៌មានជាតម្លាភាព ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋហ្នឹងបានយល់ បានដឹង ហើយត្រៀម ខ្លួនក្នុងការ ការពារខ្លួន កុំឱ្យចាញ់បោកជនទុច្ចរិត ឬឧក្រិដ្ឋជន ក្នុងការអូសទាញទៅជាកម្មវត្ថុ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម ឬជាការចាប់ជម្រិតជាដើម»។

ចំណែកអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ជឿជាក់ថា ក្នុងតំបន់អគារមួយចំនួនស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានជនបរទេសត្រូវគេបង្ខាំងក្នុងក្រុមហ៊ុនចិននោះ ក៏អាចមានបុគ្គលជាជនជាតិខ្មែរដែរ។ អ្នកស្រី ឱ្យវិទ្យុអាស៊ីសេរីដឹងថា នៅអំឡុងឆ្នាំ២០១៩ អ្នកស្រីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានថៅកែជនជាតិចិននៃបនល្បែងកាស៊ីណូ បង្ខំឱ្យធ្វើការ និងមិនឱ្យចាកចេញពីកន្លែងការងារឡើយ។ ចំណែក ប្រាក់ខែសម្រាប់ទូទាត់ជូនបុគ្គលិក ក្រុមហ៊ុនក៏មិនបានគោរពតាមកិច្ចសន្យាឡើយ។ អ្នកស្រី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សាយពាណិជ្ជកម្មការងារពីសំណាក់ក្រុមហ៊ុនមួយចំនួនដែលអះអាងថា អាចផ្តល់ចំណូលបានពីជាង ១ពាន់ (១.០០០) ដុល្លារក្នុងមួយខែ។ អ្នកស្រីថា ពលរដ្ឋគួរតែសិក្សាស្រាវជ្រាវអំពីក្រុមហ៊ុនដែលខ្លួនចង់ដាក់ពាក្យធ្វើការងារ ដើម្បីបញ្ចៀសការប្រឈមបញ្ហា និងការរំលោភសិទ្ធិពីសំណាក់ថៅកែ៖ «បង្ខាំងការបង្ខំ ភាគច្រើនតែជនបរទេស ហើយខ្មែរយើងគាត់ធ្វើទៅ ប្រសិនជាគាត់មិនពេញចិត្តនឹងធ្វើការនៅកន្លែងហ្នឹងទេ គឺគាត់អាចសុំមេការ របស់គាត់ ហើយមេការ នឹងផ្ញើព័ត៌មានទៅឱ្យ អ្នកគ្រប់គ្រងទៅគាត់អាចចាកចេញបាន។ គ្រាន់ថា នៅពេលដែលយើងចង់ចាកចេញហ្នឹង គេមានការតឹងតែងតិច ទល់តែមានការអនុញ្ញាតពីថៅកែធំៗហ្មងបានយើងអាចចាកចេញបាន»។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីជនបរទេសមួយចំនួន ដូចជា ជនជាតិថៃ វៀតណាម ហ្វីលីពីន ចិន ម៉ាឡេងស៊ី និងជនជាតិឥណ្ឌូនេស៊ីជាដើម ត្រូវក្រុមហ៊ុនឆបោករបស់ចិនបោកបញ្ឆោត ដោយផ្សព្វផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយថា មានការងារនៅកម្ពុជាអាចរកប្រាក់ចំណូលបានចន្លោះពី១ពាន់ (១.០០០) ទៅ ១ពាន់ ៥រយដុល្លារ១.៥០០ ក្នុងមួយខែ។ ប៉ុន្តែជនបរទេសទាំងនោះពេលមកដល់កម្ពុជាបែរជាត្រូវបានគេបង្ខាំងក្នុងអគារខ្ពស់ៗ និងត្រូវបានថៅកែជនជាតិចិនធ្វើទារុណកម្ម ដើម្បីបង្ខំឱ្យធ្វើការឆបោកជម្រិតមនុស្សតាមប្រព័ន្ធអ៊ឺធឺណែត ទៅវិញ។

ទាក់ទងនឹងរឿងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីថ្មីៗនេះថា រដ្ឋាភិបាលតែងផ្សព្វផ្សាយព័ត៌មានអំពីករណីជួញដូរមនុស្សទៅកាន់សាធារណជនជាបន្តបន្ទាប់។ ទោះយ៉ាងណា លោកនិយាយថា ក្នុងខេត្តព្រះសីហនុ មានករណីបង្ខាំង និងករណីចាប់ជម្រិតតិចតួចបំផុត។ លោកថា ជនបរទេសដែលអះអាងថា ត្រូវគេបង្ខាំងគឺពួកគេតែងតែចង់ចាកចេញពីកម្ពុជា វិលទៅស្រុកកំណើតវិញតែប៉ុណ្ណោះ។

ផ្ទុយពីការអះអាងនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាជាប្រទេសគោលដៅនៃការជួញដូរ និងបង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់។ លោក ជំរុញទៅអាជ្ញាធរ និងរដ្ឋាភិបាល ត្រូវចាត់វិធានការឱ្យប្រសិទ្ធភាព និងបើកកិច្ចសហការជាមួយប្រទេសពាក់ព័ន្ធ និងប្រទេសអាស៊ាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់អំពីស្ថានភាពជួញដូរមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងអំពាវនាវឲ្យស្ថាប័នតំណាងបរទេស និងភាគីពាក់ព័ន្ធនានាសហការផ្ដល់ព័ត៌មាន និងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា។

កន្លងទៅក្រសួងការបរទេសបញ្ជាក់ថា មានស្ថានទូតចំនួន០៩រួមមាន បង់ក្លាដែស (Bangladesh) ឥណ្ឌា (India) ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី Malaysia ម៉ុងហ្គោលី (Mongolia) នេប៉ាល់ (Nepal) ប៉ាគីស្ថាន (Pakistan) ហ្វីលីពីន (Philippines) និងប្រទេសថៃ (Thailand) ស្នើអាជ្ញាធរកម្ពុជាជួយសង្គ្រោះពលរដ្ឋរបស់ពួកគេ ដែលត្រូវបានក្រុមឧក្រិដ្ឋជនចាប់បង្ខាំងឱ្យធ្វើការងារទាំងបង្ខំនៅកម្ពុជា៕

website_news/2022080904.txt · Last modified: 2022/09/08 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki