website_news:2022080906

លោក ហេង សួរ ៖ មិនមានពលករខ្មែរណាម្នាក់វិលត្រឡប់មកស្រុក តាមការឃោសនារបស់លោក ខឹម វាសនា ទៀតទេ

https://www.kampucheathmey.com/local-news/368508 ថ្ងៃអង្គារ ៦ កញ្ញា ២០២២ Sokhom Khon

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រហូតមកដល់ពេលនេះមិនមានពលករខ្មែរនៅក្រៅប្រទេសណាម្នាក់បានវិលត្រឡប់មកស្រុកកំណត់វិញតាមការឃោសនា របស់លោក ខឹម វាសនា ជាបន្តទៀតនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ក្នុងឱកាសចូលរួមក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងរបស់សមាគមមិត្តយើងនៅកោះពេជ្រ លោកបានបន្តថា «មកដល់ពេលនេះពាក់ព័ន្ធទៅនឹងការឃោសនាអបិយជំនឿហួសហេតុរបស់លោក ខឹម វាសនា មិនមានពលករខ្មែរធ្វើការនៅប្រទេសថៃ នៅកូរ៉េ និងនៅជប៉ុនបានឆ្លងដែន និងធ្វើដំណើរមកស្រុកទៀតទេ មានតែនៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី២៧ ខែសីហា មក មិនមានទៀតទេ»។ លោកបានបន្តទៀតថា ការដែលមិនមានពលករមកស្រុកនេះ បន្ទាប់ពីអ្នកលេងតាមហ្វេសប៊ុកបានធ្វើការអំពាវនាវ និង ចែកចាយព័ត៍មាន និងរូបភាពផ្សេងៗនិងពន្យល់ណែនាំទៅឃើញថា បងប្អូនពលករខ្មែរយើងបានយល់ និងភ្ញាក់ខ្លួនមិនបានបន្តវិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា ជាបន្តទៀត។ លោក ហេង សួរ បានឱ្យដឹងទៀតថា មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង៥០០នាក់បានវិលត្រឡប់មកស្រុកវិញ តាមការឃោសនារបស់លោក ខឹម វាសនា ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង៤០០នាក់ និងប្រមាណ១០០នាក់ទៀតធ្វើការនៅជប៉ុនពាក់ព័ន្ធនឹងការអំពាវនាវរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលថា ទឹកនឹងជន់លិចពិភពលោកទាំងមូល។ លោកបានបន្ថែមថា ពលករខ្មែរទាំងនោះ ខ្លះសុំច្បាប់ថៅកែថា ឪពុកម្តាយឈឺធ្ងន់ និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបានក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញ។

លោក ហេង សួរ បានបញ្ជាក់ថា ការណ៍នេះធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយចំនួនបានប្តឹងទៅក្រសួងការងារកូរ៉េដោយស្នើឱ្យកាត់បន្ថយពលកររបស់កម្ពុជាដែលលោកមិនអាចបញ្ជាក់ថា តើមានចំនួនក្រុមហ៊ុនប៉ុន្មានទេដែលបានប្តឹងទៅក្រសួងការងារកូរ៉េ។ លោកបានបន្ថែមទៀតថា ក្រសួងការងារបានជួបដោះស្រាយបញ្ហានេះជាមួយតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HTD Korea) ដោយបានសុំទោសរដ្ឋាភិបាលកូរ៉េជាពិសេសនិយោជកកូរ៉េដែលរងផលប៉ះពាល់ដោយការចលាចលនេះ។ ក្រសួងក៏សំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ដល់ពលករ និងសិក្ខាកាមរបស់កម្ពុជា ដោយកុំប្តឹង និងពិចារណាទទួលយកពួកគេវិញតាមលទ្ធភាពជាក់ស្តែង។

ទាក់ទងបញ្ហានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រុមហ៊ុនកូរ៉េ ជប៉ុន និងថៃ កុំប្តឹងតាមផ្លូវច្បាប់លើរដ្ឋាភិបាលកម្ពុជា និងពលករដែលរត់ចោលការងារនាពេលថ្មីៗនេះ ព្រោះពលករទាំងនោះចាញ់បោកការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។ សម្តេចបានថ្លែងថា «សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ។ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀតជាមួយពលករដែលធ្វើកំហុស ដោយសារការចាញ់បោកសម្រាប់ព្រះព្រហ្ម [លោក ខឹម វាសនា តាំងខ្លួនជាព្រះព្រហ្ម] នៅប្រទេសកម្ពុជា»។បើតាមលោក ហេង សួរ បច្ចុប្បន្នមានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់៕ អត្ថបទ៖ សំអឿន

website_news/2022080906.txt · Last modified: 2022/09/08 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki