website_news:2022080909

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថាការជួយសង្រ្គោះពលរដ្ឋមួយចំនួនចេញពីការងារឆបោកមានខ្លះបដិសេធ មិនចង់ចេញពីកម្ពុជា

https://www.postkhmer.com/international/2022-09-06-1500-240618.html សេក ប្រាក់ | Publication date 06 September 2022 | 15:00 ICT

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាលោក EldeenHusainiMohd Hashim បានអះអាងថា ជនជាតិម៉ាឡេស៊ីជាង ១០០ នាក់ ដែលរងគ្រោះដោយសារក្រុមឆបោក នៅកម្ពុជា ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០១៨ មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលនៅថ្ងៃទី ០៤ ខែកញ្ញា។ ក៏ប៉ុន្តែការជួយសង្រ្គោះជាង ៤ ឆ្នាំមកនេះ មានជនជាតិម៉ាឡេស៊ីខ្លះ បានបដិសេធ មិនចង់បានការអន្តរាគមន៍ពីរដ្ឋាភិបាល។ លោក EldeenHusainiMohd Hashim លើកឡើងថា «យើងបានជួយសង្គ្រោះមនុស្សជាច្រើននាក់ហើយ ប៉ុន្តែមនុស្សជាច្រើនក៏មិនចង់ត្រឡប់ទៅម៉ាឡេស៊ីដែរ ព្រោះពួកគេខ្លះរត់ចេញពីផ្ទះ»។ តាមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីការបដិសេធនេះ ក៏ព្រោះតែជនជាតិម៉ាឡេស៊ីទាំងនោះ មិនចង់ប្រាប់គ្រួសាររបស់គេពីរឿងពិត។ ទោះយ៉ាងណា ចាប់តាំងពីឆ្នាំ ២០១៨ មក ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានអះអាងថា ស្ថានទូតមិនអាចគ្រាន់តែបញ្ជូនជនជាតិម៉ាឡេស៊ីចេញភ្លាមៗ ក្រោយពីការជួយសង្គ្រោះនោះទេ តែត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា។ ច្បាប់កម្ពុជាស្តីពីអន្តោប្រវេសន៍ បញ្ជាក់ថា ប្រសិនបើជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ នោះនឹងត្រូវមានទោស មុនពេលចាកចេញពីកម្ពុជា។ បើតាមលោក EldeenHusainiMohd Hashim គឺជនជាតិម៉ាឡេស៊ីមួយចំនួន បានចូលមកកម្ពុជាដោយខុសច្បាប់តាមរយៈការរត់ការសម្ងាត់ ហើយមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់។

ជាមួយគ្នានេះ លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា «ក្រសួងការបរទេសទទួលបានសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេសមួយចំនួន ហើយតែងតែសម្របសម្រួល បញ្ជូនសំណើទាំងនោះទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍»។ លោកថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស»។ សម្រាប់អ្នកនាំពាក្យក្រសួងការបរទេស បទល្មើសជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងកើតមានឡើងនៅគ្រប់តំបន់ និងបានរីកសាយភាយ ប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញ។ ដូចនេះការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ទាមទារ នូវកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសពាក់ព័ន្ធ។ នេះបើតាមលោក ជុំ សុន្ទរី។

សូមបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាបញ្ហាចោទមួយថ្មីនៅកម្ពុជា ដែលសារព័ត៌មានអន្តរជាតិមួយចំនួន បានលើកយកមកចុះផ្សាយជាហូរហែ។ កាលពីពាក់កណ្តាលខែកក្កដា សារព័ត៌មាន Al Jazzera បានចុះផ្សាយវីដេអូស៊ើបអង្កេតមួយដោយបង្ហាញថា កម្ពុជាកំពុងមានបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលឈានទៅដល់រូបភាពនៃការជួញដូរមនុស្ស។ សម្រាប់ការជួញដូរមនុស្ស របាយកាណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ក៏បានទាញសញ្ញាអាសន្នសម្រាប់កម្ពុជា។ ការទាញសញ្ញអាសន្ននោះដោយសារ ឆ្នាំ ២០២២ កម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស ដែលទាមទារឱ្យ រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដោយហ្មត់ចត់ និងប្រសិទ្ធភាព៕

website_news/2022080909.txt · Last modified: 2022/09/08 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki