website_news:2022090202

ទូតអាមេរិកមកទឹកដីខេត្តបន្ទាយមានជ័យដើម្បីស្វែងយល់អំពីសក្តានុពលនិងការជួញដូរមនុស្សឆ្លងដែន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៨ កុម្ភៈ ២០២២ដោយ Kang Tola

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកតែទ្រីកមើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីសក្ដានុពល នៃខេត្តជាប់ព្រំដែនមួយនេះ ព្រមទាំងសកម្មភាពនៃការជួញដូរមនុស្សឆ្លងដែន និងវិស័យសុខាភិបាលផងដែរ ក្នុងដំណើរទស្សនកិច្ចនោះលោកទូតក៏បានជួបពិភាក្សាការងារជាមួយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានមានជ័យផងដែរ។

លោក អ៊ុ រាត្រី បានជម្រាបជូនឯកអគ្គរដ្ឋទូតថា ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយប្រមាណ៣៥៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ ហើយខេត្តនេះមានផ្ទៃដីសរុប៦.៦៧៩គីឡូម៉ែត្រការ៉េចែកចេញជា២ក្រុង៧ស្រុក ៥៥ឃុំ ១០សង្កាត់ និង៦៥៨ភូមិមានប្រជាជនពលរដ្ឋប្រមាណ៧៩ម៉ឺននាក់ ក្នុងនោះមាន៨៥% ប្រកបមុខរបរធ្វើស្រែចំការ និង១៥% ជាអាជីវករពាណិជ្ជករសិប្បករកម្មករនេសាទត្រីនិងចិញ្ចឹមសត្វ។ លោកបាននិយាយបន្តថា ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វាបឹងត្រកួន និង ច្រកព្រំដែនម៉ាឡៃ ខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេស៥កន្លែងនៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេសលីអ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម១កន្លែង នៅក្រុងសិរីសោភ័ណ។ ដោយឡែកនៅក្រុងប៉ោយប៉ែត មានក្រុមហ៊ុនជប៉ុនចំនួន៦កន្លែង កំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង១ក្រុមហ៊ុនទៀត នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី ផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិច។

ក្នុងនោះលោកបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការខិតខំប្រឹងប្រែងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងកម្មវិធីCOVAXបានផ្តល់វ៉ាក់សាំងJohnsonandJohnson សម្រាប់ការជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមួយចំនួនផងដែរដែលខេត្តទទួលបានពីថ្នាក់ជាតិផ្តល់មក។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកថា ប្រតិភូស្ថានទូតមកទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យក្នុងគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលខេត្ត បញ្ហាការជួញដូរមនុស្សឆ្លងដែន និងផ្នែកសុខាភិបាលផ្នែកអប់រំ។ លោកទូតបានគូសបញ្ជាក់ថា លោកពិតជារីករាយដែលបានមកកាន់ខេត្តបន្ទាយមានជ័យជាលើកទី២ ដែលលោកបានអញ្ជើញមកកាលពី៨ឆ្នាំមុន ជាមួយក្រុមគ្រួសារក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងបំពេញបេសកកម្មការងារមួយចំនួននាពេលនោះ៕ ដោយ ៖ វ៉ាន់ណាង

website_news/2022090202.txt · Last modified: 2022/02/09 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki