website_news:2022090204

អាមេរិកសន្យា ជួយលើកកម្ពស់សុខភាពសាធារណៈ និងវិស័យអាទិភាពមួយចំនួនក្នុងខេត្តបាត់ដំបង

https://btv.com.kh/ 02/08/2022 04:02 PM

បាត់ដំបង៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរ ជាតិ (USAID) បានសន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ និងវិស័យអាទិភាពសំខាន់ៗ មួយចំនួនក្នុងខេត្តបាត់ដំបង។ ក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ណែនស៊ី អ៊ីសលីក បានរាយការណ៍អំពីលទ្ធផលការងារជាច្រើន ដែលអង្គការUSAID បានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀតក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង ។ លោកស្រី គូសបញ្ជាក់ថា អង្គការ USAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យ កសិកម្ម ជួយការបណ្តុះបណ្តាល និងរកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។ បន្ថែមពីនេះលោកស្រី ណែនស៊ី អ៊ីសលីក បានសម្ដែងការអបអរសាទរ ដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។

ជាការឆ្លើយតបឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អង្គការ USAID ដែលកន្លងមក បានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង លើវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យសុខាភិបាល។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹង បញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះ ឯកឧត្តម ក៏បានស្នើដល់អង្គ ការUSAID ជួយដល់ខេត្តបាត់ដំបង និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បីពន្លឿនដល់ការដុតសំរាមឱ្យកាន់តែឆាប់រហ័ស និងឈានទៅដោះស្រាយបញ្ហាសំរាមឱ្យបានល្អប្រសើរឡើង៕អត្ថបទ៖ នឿត សុភ័ក្ត្រ

website_news/2022090204.txt · Last modified: 2022/02/09 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki