website_news:2022090304

ថៃចាប់ពលករខ្មែរខុសច្បាប់បញ្ជូនមកស្រុក មានចំនួនច្រើនជាង ពលករទៅធ្វើការស្របច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៧ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៦:៥១

បន្ទាយមានជ័យ ៖ ពលករទៅមកលើទឹកដីថៃស្របច្បាប់ និងមិនស្របច្បាប់ គេឃើញកើតមានជាបន្តបន្ទាប់ ប៉ុន្តែការបញ្ជូនត្រឡប់មកវិញចំពោះពលករខុសច្បាប់ច្រើនជាងពលករស្របច្បាប់ ដែលក្រុមហ៊ុនបញ្ជូនទៅធ្វើការលើទឹកដីថៃ ។ ចំនួនពលករបញ្ជូនពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត,ច្រកតំបន់ម៉ាឡៃ,ច្រកតំបន់បឹងត្រកួនក៏ដូចជាច្រកកិច្ចព្រមព្រៀង MOU បន្ទាយមានជ័យកម្ពុជា និងស្រះកែវថៃ គឺច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅប៉ុន្មានថ្ងៃចុងក្រោយនៃខែមីនា ២០២២នេះ ហាក់មានច្រើនជាងពេលមុនៗ ខណៈពលករស្របច្បាប់ តាមរយៈក្រុមហ៊ុនផ្សេងៗបញ្ជូនចេញពីកម្ពុជាទៅធ្វើការងារលើទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កើតមានជាបន្តបន្ទាប់ ចាប់តាំងពីដើមខែកុម្ភៈ២០២២មក ។

តាមរបាយការណ៍ដែលកោះសន្តិភាពទទួលបានពីមន្ត្រីជំនាញរយៈពេល៤ថ្ងៃចុងក្រោយនេះ ពលករដែលភាគីថៃបញ្ជូនត្រឡប់តាមច្រករបៀង,តំបន់ និងអន្តរជាតិក្នុងខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃមិនក្រោម៦០០នាក់ និងមានថ្ងៃខ្លះរហូតជាង៨០០នាក់ក៏មានដែរ ។ ជាក់ស្តែងថ្ងៃទី៣ មីនា មានពលករបញ្ជូនពីថៃចំនួន៨៦២នាក់ ស្រី៣៥៣នាក់ កុមារ៩៦នាក់,ថ្ងៃទី៤ ចំនួន៦២១នាក់ ស្រី២៥០នាក់កុមារ៧១នាក់ ថ្ងៃទី៥ ចំនួន៧០១នាក់ ស្រី២៧៩នាក់ កុមារ៩៧នាក់ ថ្ងៃទី៦ ចំនួន៦៤០នាក់ ស្រី២៥៧នាក់ និងកុមារ៦៤នាក់ និងថ្ងៃទី៧នេះ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីមន្ត្រី និងសមត្ថកិច្ចជំនាញនៅឡើយ ព្រោះការងារកំពុងដំណើរការមិនទាន់ដល់ម៉ោងបិទបញ្ចប់ ។

ចំពោះពលករស្របច្បាប់តាមរយៈក្រុមហ៊ុនបញ្ជូនចេញពីកម្ពុជាទៅធ្វើការលើទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី៧ មីនា២០២២ មានចំនួន១៥៩នាក់ ។ បើតាមកាឲ្យដឹងពីតំណាងក្រុមហ៊ុនសឹកសេសមេនផៅវ័រសឺវីសហៅកាត់ថា (SMS) ប្រាប់ថា ពលករទាំងនេះ និងទៅធ្វើការក្នុងរោងចក្រសាច់មាន់ នៅខេត្តឡុបបូរីប្រទេសថៃ ។

ចំពោះករណីបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងដែនទៅប្រទេសកំណើតវិញ មានកាកត់សំគាល់ថា ខុសគ្នាដូចមេឃ និងដី បើប្រៀបធៀបអន្តោប្រវេសន៍ខ្មែរ និងអន្តោប្រវេសន៍ថៃ ។

ជាក់ស្តែងអន្តោប្រវេសន៍ថៃចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់លើទឹកដីខ្មែរពេលបញ្ជូនត្រឡប់ម្តងៗជិះសុទ្ធតែរថយន្តទំនើបមានទាំងស៊ីរ៉ែននាំមុខដូចក្បួនប្រតិភូអ្នកធំ ខណៈអន្តោប្រវេសន៍ខ្មែរគេដឹកមកវិញតាមរថយន្តទ្រុង និងប្រជ្រៀតគ្នាណែន សូម្បីកុមារតូចៗក៏មិនលើកលែងមើលទៅពិតជាគួរឲ្យសង្វែគណាស់ ៕

website_news/2022090304.txt · Last modified: 2022/03/09 20:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki