website_news:2022090305

សហព័ន្ធឧស្សាហកម្មថៃជំរុញរដ្ឋឱ្យមានវិធានការឱ្យបានលឿន ចំពោះបញ្ហាកង្វះកម្លាំងពលកម្ម

https://www.khmertimeskh.com/ Khmer Times March 8, 2022

សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរនៃកម្លាំងពលកម្មចំនួន ៧០០,០០០នាក់ បើទោះបីជារដ្ឋាភិបាលកំពុងធ្វើការដើម្បីនាំយកពលករ ចំណាកស្រុកមកពីប្រទេសជិតខាងក៏ដោយ។ លោក Suchart Chantaranakaracha អនុប្រធាន FTI ទទួលបន្ទុកកិច្ចការការងារបាននិយាយថា កាលពីខែមុន សហព័ន្ធបានអំពាវនាវឱ្យអាជ្ញាធរពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ជាមួយមន្ត្រីក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីនាំចូលកម្លាំងពលកម្ម។ លោកបាននិយាយថា “យើងចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជាបន្ទាន់ ព្រោះបញ្ហានេះកំពុងគំរាមកំហែងប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ”។ លោក Suchart បាននិយាយថា រដ្ឋាភិបាលបានព្យាយាមនាំចូលពលករពីប្រទេសទាំងបី ប៉ុន្តែចាំបាច់ត្រូវធ្វើបន្ថែមទៀត។ ចំនួនពលករមកពីកម្ពុជាមានចំនួនលើសប្រទេសមីយ៉ាន់ម៉ា ដែលជាធម្មតាជាប្រភពកម្លាំងពលកម្មបរទេសដ៏សំខាន់ក្នុងប្រទេសថៃ។

FTI បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារថៃពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការងារនៃប្រទេសទាំងបី ដើម្បីពន្លឿនដំណើរការចុះហត្ថលេខាលើ MoU ។ លោកបាននិយាយថា “រដ្ឋមន្ត្រីថៃគួរតែជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារក្នុងប្រទេសមីយ៉ាន់ម៉ា ពីព្រោះការសម្រេចចិត្តក្នុងកម្រិតនេះនឹងត្រូវបានធ្វើឡើងលឿនជាងកិច្ចប្រជុំផ្លូវការ” ។ លោក Suchart បាននិយាយថា រដ្ឋាភិបាលថៃក៏គួរតែសម្របសម្រួលដំណើរការនាំចូលកម្លាំងពលកម្មដោយកាត់បន្ថយការចំណាយ និងបទប្បញ្ញត្តិដែលមិនចាំបាច់។ លោកបាននិយាយថា មន្ត្រីអាចពិនិត្យពលករចំណាកស្រុកដែលឆ្លង Covid-19 ដោយប្រើឧបករណ៍តេស្តអង់ទីហ្សែនរហ័ស ជាជាងការធ្វើតេស្ត PCR ហើយគួរតែអនុវត្តគម្រោង Test & Go ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលមកដល់ក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។

លោក Suchart ក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាផ្តល់ការលើកលែងទោសដល់ពលករចំណាកស្រុកដែលចូលប្រទេសថៃដោយខុសច្បាប់ និងដល់និយោជករបស់ពួកគេដែលបានបំពានច្បាប់ការងារ ព្រោះនេះធ្វើឱ្យបទប្បញ្ញត្តិកាន់តែងាយស្រួលសម្រាប់ពលករ។ លោកបានបន្តថា៖ «វិធីសាស្ត្រនេះអាចកាត់បន្ថយចំនួនពលករចំណាកស្រុកខុសច្បាប់ ហើយអាចជួយប្រទេសថៃក្នុងការដោះស្រាយបញ្ហារ៉ាំរ៉ៃនេះបានកាន់តែប្រសើរ»។ ប្រទេសថៃត្រូវការកម្មករ ដើម្បីបម្រើក្នុងរោងចក្រ និងអាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ និងសេវាកម្ម។ វិស័យនាំចេញកើនឡើង ធ្វើអោយមានតម្រូវការកម្លាំងពលកម្ម។

មានពលករចំណាកស្រុកជាង ២ លាននាក់នៅក្នុងប្រទេសថៃ ប៉ុន្តែ ៥០០,០០០ ទៅ ៦០០,០០០នាក់ បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញ បន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារនៅដើម ឆ្នាំ២០២០ ដោយសារសកម្មភាពអាជីវកម្មជាច្រើនត្រូវបានផ្អាក ដែលបណ្តាលឱ្យពួកគេបាត់បង់ការងារ។ ភាគច្រើននៅមិនទាន់ត្រឡប់ទៅប្រទេសថៃវិញទេ៕ ប្រភពៈ Bangkokpost

website_news/2022090305.txt · Last modified: 2022/03/09 20:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki