website_news:2022090306

ឆ្នាំ ២០២១ CPU ចូលរួមស៊ើបអង្កេត និងចាប់ខ្លួនជនប្រព្រឹត្តល្មើសលើកុមារបានជាង ៣០០ ករណី

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 08 March 2022 | 08:50 ICT

ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២១ អង្គភាពការពារកុមារ (CPU) បានចូលរួមស៊ើបអង្កេត និងចាប់ខ្លួនជនដែលបានប្រព្រឹត្តបទល្មើសលើកុមារបានជាង ៣០០ ករណី ដែលមានជនសង្ស័យជិត ៣០០ នាក់។ នេះបើតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំ ២០២១ របស់ អង្គភាព CPU។ របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ CPU បានចូលរួមក្នុងប្រតិបត្តិការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋប្រឆាំងនឹងកុមារចំនួន ៣១៣ ករណី ដោយបានឈានទៅចាប់ខ្លួនជនសង្ស័យចំនួន ២៦៨ នាក់ ឬស្មើ ៨៥ ភាគរយ។ ក្នុងប្រតិបត្តិការរបស់ CPU ពេញ ១ ឆ្នាំ ក្នុងការចូលរួមបង្ក្រាប និងស៊ើបអង្កេតបទល្មើសប្រឆាំងនឹងកុមារនេះ គឺ CPU បានចំណាយទឹកប្រាក់ប្រមាណ ១ ១២១ ៣៥៣ ដុល្លារ។ របាយការណ៍បញ្ជាក់ថា៖ «ទីតាំងនៃការប្រព្រឹត្តបទល្មើស មាននៅភ្នំពេញ និងខេត្តកំពង់ឆ្នាំងមាន ៥ ទីតាំង។ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម មាន ២ ទីតាំង និងក្រៅពីហ្នឹង ១ ទីតាំងដូចជាខេត្តកណ្តាល សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ ហើយទំនាក់ទំនងដែលកើតឡើង ទៅលើជនរងគ្រោះ គឺភាគច្រើនជនសង្ស័យជាអ្នកជិតខាង»។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារបាននិយាយថា ឆ្នាំ ២០២១ គឺជាឆ្នាំមួយដែលពោរពេញដោយភាពលំបាក និងឧបសគ្គ។ ប៉ុន្តែលោកនៅតែលើកយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ ទៅដល់អ្នកពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រ ជាពិសេសក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) នគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននគរបាលអន្តរជាតិ ដែលជាដៃគូ ដែលបានផ្តល់យោបល់ជំនាញ និងការណែនាំមួយចំនួន ចំពោះកិច្ចការស៊ើបអង្កេតដ៏ហត់នឿយខ្លះៗ ដែលមានភាពលំបាក និងទាមទាររយៈពេលយូរ។ លោក James McCabe បញ្ជាក់ថា៖ «CPU និងនគរបាលជាតិកម្ពុជា បានបំពេញកិច្ចការល្អៗជាច្រើននៅក្នុងឆ្នាំ ២០២១ ដើម្បីប្រឆាំង និងផ្តន្ទាទោសទៅលើរាល់ជនល្មើស ដែលបានប្រព្រឹត្តបទល្មើសទៅលើកុមារ»។

របាយការណ៍ប្រចាំឆ្នាំរបស់ CPU នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិកម្ពុជាក្រសួងជាដៃគូនានា និងស្នងការដ្ឋាននគរបាល តាមបណ្តាខេត្ត-ក្រុង ដោយរបាយការណ៍នេះ រៀបរាប់អំពីរាល់កិច្ចការស៊ើបអង្កេត ការផ្តន្ទាទោស សេវាកម្មដែលបានផ្តល់ជូនជនរងគ្រោះភាពជោគជ័យ សមិទ្ធផល និងភាពបរាជ័យដែលមាននៅក្នុងឆ្នាំ ២០២១។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រៃ្តយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ មីនាថា CPU គឺជាអង្គភាពមួយ ដែលធ្វើការសហការជាមួយក្រសួងមហាផ្ទៃដែលអាចជឿទុកចិត្តបាន និងជួយគ្នាទៅវិញទៅមក ក្នុងការងារស៊ើបអង្កេត រាល់បទល្មើសដែលកើតឡើងទៅលើកុមារកម្ពុជា។ លោកស្រីបន្តថា ការសហការនេះ គឺមានភាពជោគជ័យខ្លាំង ដែលបានឈានទៅរកការចាប់ខ្លួន និងវែកមុខជនសង្ស័យយកមកផ្តន្ទាទោស បើទោះបទល្មើសទាំងនោះបានកើតឡើងយ៉ាងណាក្តី ប៉ុន្តែរាល់សកម្មភាពដែលប្រឆាំងទៅលើកុមារ ដែលមានការចូលរួមពីអង្គការនេះត្រូវបានធានាថា ជនសង្ស័យមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ។

លោកស្រីបានរៀបរាប់ថា៖ «រហូតមកដល់ពេលនេះ ករណីរំលោភបំពានលើកុមារ គឺមានចំនួនច្រើនជាងមុន និងកាន់តែសាហាវ។ ប៉ុន្តែទោះបីច្រើនប៉ុណ្ណឹង ក៏យើងមើលឃើញថា យើងនៅតែអាចតាមបង្ក្រាបបានជាង ៩០ ភាគរយមានន័យថា បទល្មើសស្ទើរតែទាំងស្រុង ត្រូវបានបង្ក្រាបប្រកបដោយប្រសិទ្ធភាព»។ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ពីការតាំងចិត្តខ្ពស់ ជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអង្គភាព CPU នេះ ដោយមិនត្រឹមតែមានមហិច្ឆតាក្នុងការកាត់បន្ថយអំពើល្មើសទៅលើកុមារប៉ុណ្ណោះទេ គឺក្រសួងមហាផ្ទៃ មានមហិច្ឆតាក្នុងការលុបបំបាត់អំពើនានាប្រឆាំងទៅលើកុមារកម្ពុជា ដែលលោកស្រីចាត់ទុកថា ការឈានទៅវែកមុខជនប្រព្រឹត្តបទល្មើសទាំងនោះ ដើម្បីយកមកទទួលទោសតាមច្បាប់ គឺជាជំហានមួយដែលត្រូវរួមគ្នាបន្តទៀត ដើម្បីធ្វើយ៉ាងណា ធានានូវយុតិ្តធម៌ដល់កុមាររងគ្រោះ៕

website_news/2022090306.txt · Last modified: 2022/03/09 20:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki