website_news:2022090503

រយៈពេល១០ថ្ងៃ មន្ត្រីសុខាភិបាលប្រចាំច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ចាក់វ៉ាក់សាំងជូនពលករមកពីប្រទេសថៃបានជិត៦០០នាក់

http://freshnewsasia.com/ 2022-05-06 07:47pm

(ឧត្តរមានជ័យ)៖ ពលករ ក្មេង ចាស់ ប្រុស ស្រី ជិត៦០០នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ថា ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ពលករដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ចំនួន៥៧២នាក់ ដោយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មុននឹងអនុញ្ញាតឱ្យបន្តដំណើរទៅស្រុកកំណើតរៀងៗខ្លួន។ លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា ពលករទាំង៥៧២នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងនៅច្រកព្រំដែនអូរស្មាច់រួមមាន៖ ពលករបានចាក់ដូសទី១សរុបចំនួន៤៤នាក់ ក្នុងនោះស្រី២៨នាក់, ពលករបានចាក់ដូសទី២ សរុបចំនួន១៥នាក់ ក្នុងនោះស្រី៨នាក់ និងពលករបានចាក់ដូសទី៣សរុបចំនួន៥១៣នាក់ ក្នុងនោះស្រី២៣៣នាក់។ ចំពោះពលករដែលមិនទាន់បានចាក់វ៉ាក់សាំង គឺត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅក្រុងសំរោង ដើម្បីតាមដានសុខភាព បើមិនបញ្ហាពាក់ព័ន្ធជំងឺកូវីដ១៩ទេ យើងចាក់វ៉ាក់សាំងជូនកាត់ ទើបអនុញ្ញាតឱ្យគាត់បន្តដំណើរទៅទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៤ ខែសភា ឆ្នាំ២០២២ គិតត្រឹមម៉ោង៤ល្ងាច មានប្រជាពលរដ្ឋ និងពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់និងតាមច្រកទ្វារព្រំដែនជាំ មានចំនួន១៤៣,៣៩៤នាក់ ក្នុងនោះប្រជាពលរដ្ឋ និងពលករក្នុងខេត្តឧត្តរមានជ័យមានចំនួន១៨,២៧១នាក់៕

website_news/2022090503.txt · Last modified: 2022/05/09 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki