website_news:2022090506

អ្នកជំនាញបារម្ភថា ការខកខានចុះសំបុត្រកំណើតរបស់កុមារអាចប្រឈមមុខនឹងអំពើជួញដូរមនុស្ស

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 07/05/2022 ដោយ៖អ៊ឹង ប៊ុនថន

អ្នកជំនាញខាងសិទ្ធិកុមារបាននិយាយកាលពីម្សិលមិញថា ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជាគឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។ ការព្រមានបែបនេះដោយសារអ្នកជំនាញអះអាងថា នៅកម្ពុជាមានមនុស្ស ៣០% ឬប្រមាណ១.៦ លាននាក់ មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។

ដោយសរសើរប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដើម្បីការពារសិទ្ធិកុមារ ប៉ុន្តែអ្នកជំនាញនៃគណៈកម្មាធិការសិទ្ធិកុមារបានចោទសួរអអាជ្ញាធរកម្ពុជា អំពីកុមារដែលកើតមកដែលមិនទាន់បានចុះសំបុត្រកំណើត និងច្បាប់ហាមឃាត់ការពពោះជំនួស។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍មួយដែលចេញដោយអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅថ្ងៃទី៦ ឧសភា ២០២២នេះ។ បើតាមអ្នកជំនាញដដែលនេះ នៅកម្ពុជាមានមនុស្ស៣០% ឬប្រមាណ១.៦ លាននាក់មិនបានចុះសំបុត្រកំណើត ទោះបីជាការទៅចុះសំបុត្រកំណើតមិនតម្រូវឲ្យបង់ប្រាក់ក៏ដោយ។ ការខកខានទៅចុះសំបុត្រកំណើតរបស់កុមារនៅកម្ពុជា ត្រូវបានអ្នកជំនាញព្រមានថា គឺជាហានិភ័យនៅក្នុងអំពើជួញដូរមនុស្ស គឺតាមរយៈការស៊ីឈ្នួលពពោះជំនួស។

ទាក់ទងនឹងការពពោះជំនួស គណៈប្រតិភូកម្ពុជាបានលើកឡើងថា កម្ពុជាប្ដេជ្ញាគោរពសិទ្ធិកុមារ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ នេះមិនមែនជាករណីសុំកូនទេ ប៉ុន្តែជាករណីជួញដូរកុមារដោយសកម្មភាពពពោះជំនួសដោយខុសច្បាប់។ នេះបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាតាំងពីឆ្នាំ២០១៦មក ករណីពពោះជំនួសនេះត្រូវបានគេរកឃើញថា កុមារត្រូវបានជួញដូរទៅក្រៅប្រទេសដោយគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ។ «កុមារកាន់តែច្រើនកំពុងត្រូវបានជួញដូរ ហើយឪពុកម្តាយរបស់កុមារដែលត្រូវបានជួញដូរមិនបានរាយការណ៍ដោយខ្លួនឯងទេ»។ នៅចំពោះមុខនេះ សេចក្តីព្រាងច្បាប់កំពុងត្រូវបានពិភាក្សា ដើម្បីធានាថាឆ្លើយតបទៅនឹងហានិភ័យនៃការជួញដូរកុមារតាមរយៈការពពោះជំនួសនេះ។ បើតាមលោកស្រី ជូ ប៊ុនអេង ច្បាប់ជាតិស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទត្រូវបានអនុម័តក្នុងឆ្នាំ២០០៨ ហើយគណៈកម្មាធិការជាតិសម្រាប់ការប្រឆាំងការជួញដូរមនុស្សត្រូវបានបង្កើតឡើង។ គណៈកម្មាធិការនេះបានធ្វើការដើម្បីលុបបំបាត់ការជួញដូរស្ត្រី និងកុមារ។ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ដ៏អាក្រក់បំផុតនៃពលកម្មកុមារសម្រាប់ឆ្នាំ ២០១៦-២០២៥ ក្នុងគោលបំណងលុបបំបាត់ពលកម្មកុមារ និងពលកម្មដោយបង្ខំ៕

website_news/2022090506.txt · Last modified: 2022/05/09 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki