website_news:2022090602

ត្រឹម៣ខែ កម្ពុជា បញ្ជូនពលករ និងកម្មសិក្សាការី ៨៥០០នាក់ ទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុន

https://www.kampucheathmey.com/ ថ្ងៃពុធ ៨ មិថុនា ២០២២ដោយ Sokhom Khon

រយៈពេល៣ខែ ចាប់ពីខែមីនា ដល់ខែឧសភា ដើមឆ្នាំ២០២២នេះ កម្ពុជា បានបញ្ជូនពលករជំនាញ និងកម្មសិក្សាការីប្រមាណ៨៥០០នាក់ ទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុន។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា នេះថា កម្ពុជាទើបចាប់ផ្តើមបញ្ជួនពលករជំនាញ និងកម្មសិក្សារីទៅធ្វើការនៅប្រទេសជប៉ុននៅខែមីនា ឆ្នាំ២០២២នេះទេដោយសារប្រទេសជប៉ុនបានបិទព្រំដែនដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល៣ខែនេះ យើងបានបញ្ជួនពលករ និងកម្មសិក្សាការីទៅប្រទេសជប៉ុនបានប្រមាណ៨៥០០នាក់ ហើយចាប់ពីពេលនេះទៅ យើងអាចបញ្ជួនពលករ និងកម្មសិក្សាការីទៅជប៉ុនបានទៀងទាត់ឡើងវិញហើយ ដោយក្នុង១ខែៗ អាចបញ្ជួនពី ៣០០០ ទៅ៤០០០នាក់។ លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុនភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានមិនច្រើនទេ ដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងប្រទេសដែលមានហានិភ័យទាបកម្រិតលេខ១ ពោលគឺប្រទេសដែលមានឆ្លងជំងឺកូវីដតិចតួច ឬមិនមានឆ្លង ហើយក៏មិនកំណត់ប្រភេទវ៉ាក់សាំងដែរទោះពលករចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាហ្សេនេកា ភីហ្វាយហ្សឺ ក៏អាចចូលទៅក្នុងប្រទេសជប៉ុនបានដែរ។ លោក អន ប៊ុនហាក់ បានបញ្ជាល់ថា ឥឡូវនេះអាចថាមានប្រមាណ៩០ភាគទៅរកប្រក្រតីភាពធម្មតាឡើងវិញដូចមុនសម័យកូវីដ១៩ គ្រាន់តែជប៉ុនទាមទារឱ្យពលករធ្វើតេស្តរកជំងឺកូវីដ-១៩រយៈពេល៧២ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន២សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥,០០០នាក់ នៅម៉ាឡេស៊ីមាន២៣,០២៧នាក់ នៅជប៉ុនមាន១១,៤៥៣នាក់ នៅសិង្ហបុរីមាន៨២១ នាក់ នៅចិនហុងកុង មាន២០២នាក់ និងអារ៉ាប៊ីសាអូឌីត៤៣នាក់៕ អត្ថបទ៖ សំអឿន

website_news/2022090602.txt · Last modified: 2022/06/09 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki